
រាជធានីភ្នំពេញ ៖ លោក ប៉ោ សួន ជាប្រធានអង្គភាព គ្រប់គ្រងហានិភ័យ បានធ្វើការអភិវឌ្ឍន៍ មុខតំណែងយ៉ាងឆាប់រហ័ស តាមរយៈបក្ខពួក និងខ្សែទុយោរបស់គាត់ ហើយតួនាទីសំខាន់បំផុត របស់លោក ប៉ោ សួន គឺជាជំនួយការផ្ទាល់ របស់លោក ប៉ែន សំអាត គាត់អាចធ្វើព្យុះភ្លៀង ឬប្រមូលផលប្រយោជន៍ ពីជំនាញរបស់គាត់យកទៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួនយ៉ាង ងាយស្រួលបំផុត។ តាមរយៈខ្សែទុយោនេះហើយ ដែលលោក ប៉ោ សួន អាចអភិវឌ្ឍន៍មុខតំណែងរបស់ខ្លួន ពីភ្នាក់ងារគយសាមញ្ញ រហូតដល់ប្រធានអង្គភាព ដូចដែលមន្ត្រីតូចតាចមួយចំនួន បានលើកឡើងថា ១ឆ្នាំលោក ប៉ោ សួន អាចឡើងតំណែងដល់ទៅ ២ដងឯណោះ ។
លោក ប៉ោ សួន កាលដើមឡើយ គ្រាន់តែជាភ្នាក់ងារគយសាមញ្ញ ហើយក្រោយមកគាត់បានរក្សាទំនាក់ទំនងយ៉ាងជិតដិតជាមួយលោក ប៉ែន សំអាត រហូតបានឡើងតំណែងនិងតួនាទីជាបន្តបន្ទាប់ ហើយលោក ប៉ោ សួន ក៏មានឱកាសឈានទៅទំនាក់ទំនងជាមួយមន្ត្រីធំៗថ្នាក់ឧបនាយករដ្ឋមន្ត្រី ដើម្បីរក្សាមុខតំណែងរបស់ខ្លួនឲ្យបានរឹងមាំ ហើយរហូតមកដល់ពេលនេះលោក ប៉ោ សួន មានឱកាសគ្រប់គ្រងប្រភពចំណូលតាមរយៈការត្រួតពិនិត្យធ្វើសវនកម្មលើការដឹកជញ្ជូនទំនិញឬការនាំចេញនាំចូលទំនិញ។ សម្រាប់ប៉ុស្តិ៍ជជុះរបស់ជំនាញគយចល័តដែលមានទីតាំងនៅច្រកចេញចូលខេត្តតាកែវ ក៏ស្ថិតក្រោមការចាត់ចែងរបស់លោក ប៉ោ សួន ផងដែរ ហើយប៉ុស្តិ៍ជជុះមួយនោះធ្វើសកម្មភាពជាចំហ ក្នុងការប្រមូលលុយពីក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញគ្រប់ប្រភេទមកពីវៀតណាម។
ក្រៅពីមានតួនាទីជាមន្ត្រីគយដ៏មានអំណាច លោក ប៉ោ សួន ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនជាច្រើនទៀត ដូចជាឃ្លាំងស្តុកខោអាវជជុះគីបដ៏ធំមួយកន្លែងនៅតាមផ្លូវជាតិលេខ២១បេ គេដឹងថាជារបស់លោក ប៉ោ សួន ហើយគាត់មានអាជ្ញាប័ណ្ណពិសេសក្នុងការដឹកជញ្ជូនខោអាវជជុះគីបចេញទៅស្រុកយួនតាមច្រកជ្រៃធំផ្តាច់មុខ។ ក្រុមឈ្មួញដទៃទៀតដែលចង់រកស៊ីដឹកជញ្ជូនខោអាវជជុះគីបតាមផ្លូវជាតិលេខ២១បេ ត្រូវតែសុំការអនុញ្ញាតពីលោក ប៉ោ សួន ឬគេនិយាយភាសាសាមញ្ញថា ត្រូវបង់លុយឲ្យលោក ប៉ោ សួន បង្កើតឲ្យមានទំនាស់ផលប្រយោជន៍ ព្រោះលោក ប៉ោ សួន ជាមន្ត្រីគយមិនគួរមានអំណាចទៅប្រកបមុខរបរជាឯកជននោះទេ បើនិយាយពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលវិញ ច្បាស់ណាស់ដែលថា លោក ប៉ោ សួន មិនអាចធ្វើបែបនេះបានទេ។
ជានិច្ចកាល លោក ប៉ោ សួន បានហែហមលោក ប៉ែន សំអាត តាមរបៀបស៊ីពែ តាមជួយចេញលុយឬបំពេញតម្រូវការចាំបាច់តាមគោលដៅដែលលោក ប៉ោ សួន ចាត់ទុកថា លោក ប៉ែន សំអាត ជាអ្នកមានគុណជួយឲ្យគាត់បានឡើងតំណែង មានតួនាទីនិងមានទំនាក់ទំនងល្អជាមួយមន្ត្រីធំៗ ហើយ ប្រសិនបើមានការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវគេយល់ថា អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតពីភាពមានបាន របស់មន្ត្រីគយមួយចំនួន ពិតជាអាចរកឃើញនូវចំណុចអវិជ្ជមានដែលធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិ នាពេលកន្លងមក ហើយកែទម្រង់ភាពអសកម្មឡើងវិញ ដើម្បីធានាថាចំណូលទាំងអស់ត្រូវបានបញ្ចូលទៅក្នុងខ្ទង់ថវិកាជាតិគ្រប់ចំនួន ហើយនាំយកមន្ត្រីខិលខូចពុករលួយទៅផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com