
ខេត្តបាត់ដំបង ៖ ពលករខ្មែរចំណាកស្រុក ទាំងប្រុសស្រីក្មេងចាស់ បានសម្រុកនាំគ្នាចេញ ទៅរកការងារធ្វើនៅក្នុងទឹកដីថៃ តាមច្រករបៀងខុសច្បាប់មួយកន្លែង ជាប់ព្រំដែន កម្ពុជា-ថៃ ក្នុងទឹកដីខេត្តបាត់ដំបង យ៉ាងគគ្រឹកគគ្រេង ដូចគេហែកឋិន ក្នុងមួយថ្ងៃៗរាប់រយនាក់ ដោយមានការបើកភ្លើងខៀវ ពី សមត្ថកិច្ចដែលជើង នៅតាមខ្សែក្រវាត់ព្រំដែន ប្រមូលផលប្រយោជន៍ យកទៅច្រកហោប៉ៅផ្ទាល់ខ្លួនមិនខ្វល់ខ្វាយពីការទប់ស្កាត់នោះទេ។
ច្រករបៀងដែលគេបើកឲ្យ មេខ្យល់នាំពលករចេញ ទៅរកការងារធ្វើនៅក្នុងទឹកដីថៃ យ៉ាងអានាធិបតេយ្យនោះ គឺច្រករបៀងដើមអំពិល ស្ថិតនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយច្រករបៀងខាងលើនេះ ស្ថិតក្រោមការគ្រប់គ្រង របស់សមត្ថកិច្ចប៉ូលិស វរការពារព្រំដែនគោកលេខ៨១៧ ដែលមានលោកវរសេនីយ៍ទោ ស្រី សុខុន ជាមេបញ្ជាការដែលមានលោក ឡាយ ខុម ជាអ្នកគ្រប់គ្រងដោយផ្ទាល់នៅទីនោះ។
ដោយឡែកឈ្មោះ លី សាវង្ស ជានាយទាហានសឹករង ស្រុកសំពៅលូន ដែលគ្រប់គ្រងនៅចំណុច ច្រករបៀងនោះបានឃុបឃិតគ្នា ជាមួយនិងមេខ្យល់ បើកដៃឲ្យក្រុមពលករខ្មែរ ចេញទៅស្រុកថៃ យ៉ាងភ្លូកទឹកភ្លូកដី ទាំងថ្ងៃទាំងយប់ ពុំមានការទប់ស្កាត់ឡើយ គឺសមត្ថកិច្ចទាំងនោះ គិតតែពីផលប្រយោជន៍ យកទៅច្រកហោប៉ៅ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅពេដែលក្រុមអ្នកសារព័ត៌មាន បានចុះទៅថតរូបភាពនៅចំណុច ច្រករបៀងខាងលើនោះ ត្រូវបានក្រុមសមត្ថកិច្ចខាងលើ ឃាត់ខ្លួនសួរនាំ ហើយប្រើពាក្យសំដីគំរាមកំហែង រំលោភលើសិទ្ឋិសេរីភាព របស់អ្នកសារព័ត៌មានផងដែរ។ ជុំវិញបញ្ហាទាំងអស់នេះ សមត្ថកិច្ចដែលការពារ តាមខ្សែក្រវាត់ព្រំដែន នៅចំណុចច្រករបៀងខាងលើនោះ មិនអាចសុំការបំភ្លឺបានឡើយ ៕
Source from: watphnom-news.com
No comments:
Post a Comment