
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលបានខ្ចីម៉ូតូមិត្ដភក្ដិ ទៅដាក់បញ្ចាំយកលុយ ទៅស៊ីចាយដេកផ្ទះសំណាក់ ឡើងឋានសួគ៌ជាមួយស្រីស្នេហ៍ ត្រូវសមត្ថកិច្ច អាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួននៅផ្ទះសំណាក់ គឹមសាន ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប្រាក់ វិសាល ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់ នៅភូមិព្រែកសំរោង សង្កាត់-ក្រុង តាខ្មៅ ខេត្ដកណ្ដាល ។ ចំណែកជនរងគ្រោះ ដែលចាញ់បោកមិត្ដភក្ដិ ឈ្មោះ ហ៊រ សុភក្ដ្រា ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា ។ ម៉ូតូដែលជនសង្ស័យឈ្មោះ ប្រាក់ វិសាល យកទៅបញ្ចាំនោះ ម៉ាកអាយខន ពណ៌ក្រហម លាយស ពាក់ស្លាកលេខ កណ្ដាល 1S-2393 ។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យបានមកខ្ចីម៉ូតូ ពីជនរងគ្រោះថា យកទៅឌុបស្រីស្នេហ៍ពី ផ្ទះសំណាក់ស៊ីនសាន នៅក្រុងតាខ្មៅយកទៅផ្ទះ ហើយដំបូងឡើយ ជនរងគ្រោះមិនចង់ឱ្យទេ ប៉ុន្ដែដោយសារជនសង្ស័យ អង្វរពេកទើបសម្រេចចិត្ដឱ្យ ដោយជនសង្ស័យសន្យាថា ទៅយ៉ាងយូរ ១៥ទៅ២០ នាទីនឹងត្រឡប់មកវិញហើយ ។ ក្រោយពេលឈ្មោះ ប្រាក់ វិសាល ខ្ចីម៉ូតូជិះបាត់ទៅ ជនរងគ្រោះ ជាមួយមិត្ដស្រី អង្គុយចាំនៅហាងអាហារដ្ឋានមួយ នៅក្រុងតាខ្មៅ ជាច្រើនម៉ោង ពុំឃើញជនសង្ស័យយកម៉ូតូមកវិញទេ។
លុះព្រឹកឡើងជនសង្ស័យ បានទូរស័ព្ទប្រាប់ជនរងគ្រោះថា សូមពួកម៉ាកអធ្យាស្រ័យ គ្នាបានយកម៉ូតូរបស់ឯង ទៅដាក់បញ្ចាំបាត់ហើយ តែលុយគ្នាទុកឱ្យឯងចំនួន ២០០ ដុលា្លរតាមរយៈឈ្មោះ អាម៉ៅ ។ ប៉ុន្ដែជនរងគ្រោះ មិនបានទទួលលុយពីឈ្មោះ ម៉ៅនោះទេ ទើបនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា វេលាម៉ោង ១១ព្រឹក ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ឱ្យសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យដែលស្នាក់នៅផ្ទះសំណាក់ គឹមសាន ជាមួយស្រីស្នេហ៍ ដើម្បីសាកសួរនិងឱ្យ រកលុយយកមកលោះម៉ូតូមកឱ្យគេវិញទើបឱ្យរួចខ្លួន៕
Source from: watphnom-news.com