
រាជធានីភ្នំពេញ ៖ ក្រុមមន្ត្រីក្រសួងសុខាភិបាល គ្រប់ជាន់ថ្នាក់បានសម្តែង ការមិនពេញចិត្ត ចំពោះអំពើពុករលួយ បក្ខពួកនិយមរបស់លោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយជំទាវរបស់គាត់បានប្រើប្រាស់ ឥទ្ធិពលអំណាចយ៉ាងគឃ្លើន ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់មន្ត្រីរាជការទូទៅ ហើយថែមទាំងរៀបចំប្រព័ន្ធ ឲ្យមានអំពើពុករលួយគួរឲ្យស្អប់ខ្ពើមបំផុត។ ដូចដែលមន្ត្រីជាច្រើនបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ម៉ម ប៊ុនហេង មានការក្តោបអំណាចឃុបឃិត ជាមួយមន្ត្រីខិលខូចពុករលួយ ដើម្បីប្រមូលផលប្រយោជន៍ យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន ហើយអំពើពុករលួយក្នុង ក្រសួងសុខាភិបាលដែលផ្ទុះឡើង ជាបន្តបន្ទាប់កំពុងតែធ្វើឲ្យ ខូចមុខមាត់នៃការប្តេជ្ញាកែទម្រង់ របស់លោក ហ៊ុន សែន ផងដែរ។
មន្ត្រីរាជការមួយចំនួនបានបង្ហើបឲ្យដឹងថា តាមគោលនយោបាយវិមជ្ឈការ ត្រូវបានសម្រេចនិងប្រកាស ឲ្យអនុវត្តន៍ច្រើនឆ្នាំមកហើយ ធ្វើឲ្យប្រជារាស្ត្រខ្មែរ សប្បាយចិត្តយ៉ាងខ្លាំង ព្រោះតែគោលនយោបាយនេះ បានផ្តល់ឲ្យមានការចែករំលែកសិទ្ធិគ្នា ក្នុងការបំពេញការងារតាមគោលការណ៍ ប្រជាធិបតេយ្យ។ មកទល់នឹងពេលនេះ គេឃើញថា នយោបាយវិមជ្ឈការ ត្រូវបានលោក ម៉ម ប៊ុនហេង យកទៅបំភ្លៃជាល្បិចថ្មីមួយទៀត ដោយពង្រាយអង្គការចាត់តាំងបង្កប់ ដើម្បីប្រមូលផ្តុំការងារគ្រប់គ្រង ឲ្យមូលក្នុងកណ្តាប់ដៃរបស់ខ្លួន គ្រប់ខេត្ត គ្រប់មន្ទីរពេទ្យជាតិទាំងអស់។ នេះហើយដែលជាការប្រែកាឡៃ គោលនយោបាយជាតិ ពីវិមជ្ឈការតាមបែបប្រជាធិបតេយ្យ មកជាវិមជ្ឈការក្តោបអំណាចនិយម។
មន្ត្រីក្រសួងសុខាភិបាលជាច្រើន បានខ្សឹបខ្សៀវតៗគ្នាថា លោក ម៉ម ប៊ុនហេង បានធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលផង និងធ្វើជាប្រធានក្រុមប្រឹក្សាភិបាលផងដែរ ហើយក្នុងនយោបាយចតុកោណ មិនមានចែងនូវនីតិវិធី ដូចរៀបរាប់ពីខាងដើមនេះទេ គឺសមល្មមដល់ពេលអង្គភាព ប្រឆាំងអំពើពុករលួយត្រួតពិនិត្យ មើលករណីនេះឡើងវិញផង។ មានការខ្សឹបខ្សៀវផងដែរថា បើចង់បានធ្វើជាប្រធានមន្ទីរពេទ្យ ត្រូវមានលុយរាប់សិបម៉ឺនដុល្លារ ដើម្បីសូកប៉ាន់ថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ទើបអាចទៅរួច ហើយបើគ្រាន់តែចង់ធ្វើជាប្រធានផ្នែក ប្រធានការិយាល័យ យ៉ាងតិចបំផុត ក៏ត្រូវចំណាយលុយ ២ពាន់ទៅ៤ ពាន់ដុល្លារ បើទោះបីជាជនទាំងនោះ ជាមនុស្សមិនបានការ គ្មានអត្តចរិតគុណធម៌ដឹកនាំគេក៏ដោយ ឲ្យតែមានលុយសូកប៉ាន់ ទិញមុខតំណែង ឬតួនាទី អាចបានឡើងធ្វើធំប្រព្រឹត្ត អំពើពុករលួយតាមតែទំនើងចិត្ត គឺពួកគេមិនខ្វល់ខ្វាយ ពីការកែទម្រង់ របស់រាជរដ្ឋាភិបាលនោះទេ។
ដោយសារតែភាពអសកម្មបែបនេះហើយ ទើបយើងមើលឃើញថា បច្ចុប្បន្ននេះ នៅតាមមន្ទីរពេទ្យ និងអង្គភាពចំណុះឲ្យក្រសួង សុខាភិបាលមួយចំនួន មានភាពច្របូកច្របល់ គ្មាននរណាស្តាប់នរណាទេ នាំឲ្យគុណភាពសេវាកម្ម ចុះខ្សោយប្រជាពលរដ្ឋស្អប់ខ្ពើម សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យរដ្ឋ ក៏ព្រោះតែប្រធានផ្នែកនីមួយៗ រួមទាំងប្រធានមន្ទីរពេទ្យផងដែរ បានយកទីតាំងមន្ទីរពេទ្យរដ្ឋ និងមុខតំណែងរបស់ខ្លួនទៅធ្វើអាជីវកម្ម ដើម្បីរកលុយច្រកហោប៉ៅ។ ពេលខ្លះវេនយាម រកតែគ្រូពេទ្យប្រចាំការគ្មានទេ ព្រោះពួកគេជាប់រវល់ប្រមូលលុយនៅតាមផ្ទះ និងតាមគ្លីនិកឯកជន ដែលត្រង់ចំណុចនេះ គេលើកជាសំណួរថា តើសីលធម៌គ្រូពេទ្យនៅឯណា បើថ្នាក់លើពុករលួយគ្រប់បែបយ៉ាង រាប់តាំងពីការបណ្តុះបណ្តាល ការប្រឡងចូលក្របខ័ណ្ឌ មានការប្រខាំដណ្តើមតំណែងគ្នា រហូតដល់ហ៊ានយកមន្ទីរពេទ្យរដ្ឋ ធ្វើជាកម្មសិទ្ធិ ធ្វើជាទីតាំងអាជីវកម្មផ្ទាល់ខ្លួន ដែលជារឿងគួរឲ្យស្អប់ខ្ពើមបំផុត។
ពាក់ព័ន្ធនឹងការប្រឡងចូលថ្នាក់ជាតិ គឺមិនបានរៀបចំឲ្យស្រួលបួលទេ មានជួនកាលទុកឲ្យនិស្សិត អង្គុយចាំដល់ ២ម៉ោង ទើបចេញវិញ្ញាសាសម្រាប់ការប្រឡង នាំឲ្យនិស្សិតព្រួយភ័យយ៉ាងខ្លាំង ព្រោះពួកគេត្រូវអត់បាយ នៅពេលប្រឡង ក៏ព្រោះតែភាពយឺតយ៉ាវ របស់ថ្នាក់ដឹកនាំនិងអ្នកចាត់ចែង រៀបចំការប្រឡង ហើយពេលខ្លះទៀតតាំងពីព្រឹក រហូតដល់ល្ងាច និស្សិតដែលត្រូវចូលរួមប្រឡងទាំងនោះ ជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារតែភាពយឺតយ៉ាវ ឬការធ្វើឲ្យក្រុមនិស្សិតបាក់ទឹកចិត្ត ឈប់ទៅប្រឡងជាដើម។ មានបញ្ហាច្រើនណាស់ ដែលគេគិតថាលោក ម៉ម ប៊ុនហេង បានដឹងឮគ្រប់រឿង ប៉ុន្តែគាត់រក្សាភាពស្ងៀមស្ងាត់ ទំនងជាមានទំនាក់ទំនង ផ្នែកផលប្រយោជន៍ជាមួយ មន្ត្រីខិលខូចពុករលួយទាំងនោះ ទើបអ្វីៗអាចដំណើរការដោយរលូនល្អ។
មានពេលខ្លះទៀត មន្ត្រីខិលខូចពុករលួយមួយចំនួន ដែលតាំងខ្លួនជាអ្នកស្វែងរក ផលប្រយោជន៍សេដ្ឋកិច្ច យកទៅជូនលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង សម្តែងប្ញកពាក្រអឺតក្រទម ខ្វះការគោរពចំពោះមន្ត្រីដទៃ ហើយបាននាំឲ្យសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យធ្លាក់ទឹក បង្កើតទៅជាភាពអវិជ្ជមានពេញបន្ទុក ហើយពេលខ្លះទៀតមានបញ្ហា រញ៉េរញ៉ៃខ្លាំងទើបឃើញថ្នាក់លើ ចុះមកដោះស្រាយ។ កន្លងមកគេមើលឃើញថា មនុស្សមួយចំនួន ដែលជាជំនិតរបស់លោក ម៉ម ប៊ុនហេង ធ្វើអ្វីៗតាមតែអំពើចិត្ត ដូចជាការតែងតាំងឲ្យលោក ធា គ្រុយ ធ្វើជាប្រធានគណៈគ្រូពេទ្យ ធ្លាប់ចោទគ្រូពេទ្យគ្នាឯងជាអាបធ្មប់ ប្រើពាក្យអសុរោះមិនគួរឲ្យស្តាប់ និយាយមួយម៉ាត់ណាក៏ដោយ ដូចយកមេឃមកទ្រាប់អង្គុយ ធ្វើឲ្យគណៈគ្រូពេទ្យទាំងមូល ជួបភាពអសកម្មយ៉ាងខ្លាំង។
លើសនេះទៅទៀត លោក ធា គ្រុយ រួមទាំងលោកជំទាវ និងមន្ត្រីមួយចំនួនទៀត បានពង្វក់សភាពការណ៍ ក្នុងការប្រឡងជ្រើសរើសនិស្សិត រៀនគិលានុបដ្ឋាក និងពេទ្យឆ្មប ដោយអូសបន្លាយយូរជាង ២ខែ ដើម្បីទុកឲ្យសាលាឯកជនរបស់ខ្លួន ឈ្មោះសាលាអាស៊ាន អាចរើសសិស្សនិស្សិត ឲ្យចូលរៀនដោយគ្មាន លក្ខខណ្ឌអ្វីទាំងអស់។ ការបណ្តុះបណ្តាលគ្រូពេទ្យ ក៏ដូចជាក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យកំពុងតែធ្លាក់ក្នុង ស្ថានភាពអសកម្មគួរឲ្យព្រួយបារម្ភបំផុត ក៏ព្រោះតែមន្ត្រីជំនិតៗរបស់លោក ម៉ម ប៊ុនហេង មួយចំនួនបានបង្កព្យុះភ្លៀងរំខានសតិអារម្មណ៍ និស្សិតនិងគ្រូពេទ្យ ទៅតាមទំនើងចិត្តរបស់ពួកគេ ជាពិសេសបានធ្វើឲ្យសាលាក្រហម បាត់បង់នូវគុណភាពក្នុងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈគ្រូពេទ្យ គេមិនដែលឃើញលោក ម៉ម ប៊ុនហេង ពិនិត្យមើលបញ្ហានេះទេ៕
Source from: watphnom-news.com