
រាជធានីភ្នំពេញ ៖ ថៅកែផ្ទះសំណាក់ ចំប៉ាមាស ត្រូវមេការនិងបុគ្គលិក ចូលទៅប្លន់យកប្រាក់ អស់ចំនួន ៣០០ដុល្លារ និងទូរស័ព្ទ ៣ គ្រឿង រួមទាំងទ្រព្យសម្បត្តិជាច្រើនទៀត ដែលគេមិនទាន់ដឹង តម្លៃច្បាស់លាស់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្ទះសំណាក់ចំប៉ាមាស តាមបណ្តោយផ្លូវលេខ៤៣០ ក្នុងភូមិ៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មានមេការនិងបុគ្គលិក យាមផ្ទះសំណាក់ចំនួន ៣នាក់ បានយកលុយចំនួន ១០០ដុល្លារ ទៅដូរយកលុយរាយ ដើម្បីអាប់ឲ្យភ្ញៀវ ប៉ុន្តែការយកទៅដូរនេះ គ្រាន់តែជាលេស ដើម្បីចូលប្លន់ថៅកែ តែប៉ុណ្ណោះ។ ជនសង្ស័យដែសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ជុំ ភារៈ ភេទប្រុស អាយុ ២២ឆ្នាំ ជាមេការ ចំណែក ២នាក់ទៀតជាបុគ្គលិកយាមធម្មតា ដែលរួមគំនិតចូលរួមប្លន់ ជាមួយមេការដែលបានរត់គេចខ្លួន មានឈ្មោះ ឌី ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ធា អាយុ ២៣ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ជុំ ភារៈ បានសារភាពថា ខ្លួនមានបំណងប្លន់យកលុយ និងទ្រព្យសម្បតិ្ត ពេលបានលុយនិងទូរស័ព្ទ ហើយក៏ប្រគល់ទៅឲ្យឈ្មោះ ឌី និង ឈ្មោះ ធា យកចេញទៅមុន ដោយខ្លួននៅចង់រំលោភប្រពន្ធថៅកែ មួយភ្លែតសិន ព្រោះបានចងដៃថៅកែប្រុស ហើយបានបញ្ជាឲ្យប្រពន្ធ របស់ថៅកែស្រាតសម្លៀកបំពាក់ ចេញពីខ្លួនឲ្យអស់ដើម្បីរំលោភ។ ប៉ុន្តែមិនទាន់បានរំលោភផង ត្រូវថៅកែប្រុសស្រាយចំណងរួច ក៏បានវាយតបវិញ និងបានស្រែកផ្អើលឆោឡោ ឮដល់បុគ្គលិកដទៃទៀត និងសមត្ថកិច្ចមកជួយដេញព័ទ្ធ ចាប់បានជនសង្ស័យដែលរត់ទៅទាក់ បន្លាលួសខាងក្រៅរបង។
ថៅកែផ្ទះសំណាក់ចំប៉ាមាស ដែលជាជនរងគ្រោះមានឈ្មោះ ទីង គួយ អាយុ ៤៤ឆ្នាំ រងរបួសបែកក្បាលដេរ ៣០ថ្នេរ និងប្រពន្ធ ឈ្មោះ លី ហ៊ុយ អាយុ ២៦ឆ្នាំ រងរបួសរយះក្បាល ប៉ុន្តែគាត់មានផ្ទៃពោះបានសន្លប់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដោយសារជន សង្ស័យវាយ នឹងដងចបជីក ។ បើយោងតាមការបញ្ជាក់ របស់សមត្ថកិច្ចបានឲ្យដឹងថា របស់របរមិនមែនបាត់តែលុយ ៣០០ដុល្លារ និងទូរស័ព្ទ ៣គ្រឿងនោះទេ គឺនៅមានច្រើនទៀត តែជនរងគ្រោះមិនទាន់បញ្ជាក់ថា ប៉ុន្មានច្បាស់លាស់នៅឡើយទេ៕
Source from: watphnom-news.com