
ខេត្តបាត់ដំបង ៖ ខ្យល់ព្យុះលាយភ្លៀងបានបក់បោកផ្ទះ ៤ ខ្នងរបើកដំបូល ២ ខ្នងនិងរលំទាំងស្រុង ២ ខ្នងបណ្តាលឲ្យមនុស្សស្លាប់ ២ នាក់របួស ៩ នាក់ពេលប្រជុំធ្វើប័ណ្ណអាទិភាព ក្នុងការទទួលសេវាសុខភាព ដែលគេនិយមហៅថាប័ណ្ណក្រីក្រ កាលពីម៉ោង ១៥និង៤០ នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅផ្ទះមេភូមិក្រពើ៤០ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះដែលស្លាប់ ដោយសារខ្យល់ព្យុះ វាយផ្ទះបាក់សង្កត់រួមមានទី១-ឈ្មោះ ឆូត គឹមលន់ ភេទស្រី អាយុ ២៨ឆ្នាំយកទៅធ្វើបុណ្យ នៅស្រុកកំណើត ក្នុងភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះ អ៊ិន ភីន ភេទស្រី អាយុ ៤២ឆ្នាំ ជាក្រុមការងារភូមិ ធ្វើបុណ្យនៅភូមិកើតហេតុ។
រីឯជនរងគ្រោះដែលរងរបួសមាន ៩នាក់ក្នុងនោះទី១-ឈ្មោះ ហុង ហាយ ភេទប្រុស អាយុ ៥១ឆ្នាំ ជាអនុភូមិក្រពើ៤០ របួសធ្ងន់ត្រូវជើងឆ្វេង និងក្បាលសំរាកនៅមន្ទីរពេទ្យ។ ទី២-ឈ្មោះ ប្រោក ហ៊ឺ អាយុ ៤៧ឆ្នាំមេភូមិក្រពើ៤០ រងរបួសស្រាល។ ទី៣-ឈ្មោះ តៀម ជន ភេទស្រី អាយុ ៤៣ឆ្នាំរបួសស្រាល។ ទី៤-ឈ្មោះ ហ៊ឺ រតនា ភេទស្រី អាយុ ៩ឆ្នាំរបួសស្រាល។ ទី៥-ឈ្មោះ ហ៊ឺ សារ័ត្ន ភេទស្រី អាយុ ៦ឆ្នាំរបួសស្រាល។ ទី៦-ឈ្មោះ ហ៊ឺ ងិត ភេទស្រី អាយុ ២០ឆ្នាំ របួសស្រាល។ ទី៧-ឈ្មោះ ហ៊ឺ ញិប ភេទស្រី អាយុ១៤ ឆ្នាំរបួសស្រាល។ ទី៨-ឈ្មោះ រឿន អឿន ភេទប្រុស អាយុ ៥០ឆ្នាំរបួសស្រាល និងទី៩-ឈ្មោះ ខៀវ ហ៊ន ភេទប្រុស អាយុ៥១ ឆ្នាំរបួសស្រាល។
ឈ្មោះ ហុង ហាយ អនុភូមិក្រពើ៤០ ដែលរងរបួសធ្ងន់បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៧ក្រោយពីប្រជុំធ្វើប័ណ្ណអាទិភាព ក្នុងការទទួលសេវាសុខភាពចប់ បម្រុងទៅផ្ទះរៀងៗខ្លួន ស្រាប់តែមានខ្យល់ព្យុះ និងភ្លៀងមកវាយផ្ទះមេភូមិ បាក់សង្កត់លើប្រជាពលរដ្ឋ បណ្តាលឲ្យរបួសនិងស្លាប់មនុស្សតែម្តង៕
Source from: watphnom-news.com