
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រា យ៉ាងជោកជាំបានបើករថយន្ត លុច្សស៊ីស ៤៧០ មួយគ្រឿង រេចង្កូតទៅបុករះរថយន្តកូរ៉ូឡា និងម៉ូតូសេ១១០ ដែលចតស្ងៀម នៅជាប់ចិញ្ចើមផ្លូវ ហើយរថយន្តបង្កបានព្យាយាម បើករត់តាំងពីកន្លែងកើតហេតុ ក្នុងខណ្ឌចំការមន រហូតដល់ខណ្ឌមានជ័យ ទើបនគរបាល ដេញឃាត់បានកាលពីវេលាម៉ោង ២២និង០០ នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ ។
មុនពេលកើតហេតុ រថយន្តកូរ៉ូឡា ១គ្រឿង ពណ៌ខ្មៅ និងម៉ូតូសេ១១០ មួយគ្រឿងទៀត បានចតជាប់គ្នានៅចិញ្ចើមផ្លូវព្រះមុនីវង្ស មុខសាលាច្បាប់ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ខណ:នោះស្រាប់តែមានរថយន្តលុច្សស៊ីស ៤៧០ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R. 7181 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមផ្លូវព្រះមុនីវង្ស បានគេចជាមួយម៉ូតូ១គ្រឿង ក៏រេចង្កូចបុករថយន្តកូរ៉ូឡា ខ្ទេច រុញទៅកិនម៉ូតូសេ១១០ មួយគ្រឿងទៀត។
ម្ចាស់រថយន្តលុច្សស៊ីស បានបើករត់មិនចង់ទទួលខុសត្រូវ តែពេលបើករត់ដល់មុខស្នាក់ការ ប៉ុស្តិ៍និរោធ រថយន្តបានធ្លាក់កាង ទើបម្ចាស់រថយន្តបង្ក ចុះរត់គេចខ្លួនបាត់ ស្រមោល ទុករថយន្តចោល។ ហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សណាម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរទេ ប៉ុន្តែម្ចាស់រថយន្តបង្កហេតុ មានចរិតមិនថ្លៃថ្នូរ បង្កឱ្យភ្ញាក់ផ្អើលស្ទើរមួយចំហៀងរាជធានីភ្នំពេញ៕
Source from: watphnom-news.com