
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ជិះម៉ូតូស្មាស ដែលបន្លំខ្លួនជាសមត្ថកិច្ច ខណ្ឌដូនពេញ បានធ្វើសកម្មភាពភ្ជង់ យុវជនពីរនាក់ប្លន់យក ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម គ្មានស្លាកលេខ ស៊េរី២០១៤ កាលពីវេលាម៉ោង ១២និង៥០ នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវលេខ៨៦ កែងផ្លូវលេខព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈជនរងគ្រោះ កំពុងនាំគ្នាប៉ះកង់ម៉ូតូមួយគ្រឿងទៀត។
មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ សុខ សីហា អាយុ ២៣ឆ្នាំ រស់នៅខេត្តកណ្តាល និងមិត្តភក្តិ មានគ្នា ៧នាក់ ជិះម៉ូតូ ៣គ្រឿង នាំគ្នាដើរលេង ចូលក្លិបកម្សាន្ត ស្រាប់តែម៉ូតូមួយគ្រឿង បានបែកកង់ ។ ពេលនោះពួកគេ បានប៉ះកង់ម៉ូតូ នៅជិតស្ថានីយ៍ ប្រេងកាល់តិច តាមផ្លូវព្រះមុនីវង្ស ហើយខណៈ នោះ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូស្មាស់ មួយគ្រឿង មកស្រែកថា យើងតាមម៉ូតូនេះ ៣ថ្ងៃហើយ តាំងពីបាញ់នៅ ខណ្ឌពោធិ៍សែនជ័យ ដូច្នេះត្រូវតែទៅអធិការដ្ឋាន នគរបាលជាមួយពួកគេ។
ពេលនោះជនរងគ្រោះដែលត្រូវជនសង្ស័យ ស្រែកគំរាម និងវាយផងនោះ បាននាំគ្នារត់ចូល ក្នុងស្ថានីយ៍ប្រេងដែលនៅក្បែរនោះ ហើយជនសង្ស័យម្នាក់ទៀត បានយកសោអក្សរតេ ទៅបុកកាច់.ក ហើយប្លន់យកម៉ូតូនោះជិះគេចខ្លួនបាត់ទៅ។ ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលស្រះចក ឱ្យជួយអន្តរាគមន៍ស្រាវជ្រាវ រកជនសង្ស័យមក ផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com