
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការឃាត់ខ្លួនស្ត្រីម្នាក់ ពីបទលួចទ្រព្យសម្បត្តិប្រុសស្នេហ៍ អំឡុងពេលក្រេបទឹកឃ្មុំ ក្នុងផ្ទះសំណាក់អប្សរាទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ រួចមកសមត្ថកិច្ច បានបន្តស្រាវជ្រាវ ឃាត់ខ្លួនបក្ខពួកនាងជើងល្អ បានចំនួន ២នាក់បន្ថែមទៀត កាលពីម៉ោង២ រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងផ្ទះសំណាក់កូរ៉េ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
បក្ខពួកជនជាប់ចោទ ២ នាក់ដែលត្រូវឃាត់ខ្លួននេះ គឺជាជនដៃដល់ផ្ទាល់តែម្តង នៅក្នុងអំពើលួច រួមមាន ឈ្មោះ បុល សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ និងឈ្មោះ ឃួន ទី ភេទស្រី អាយុ ២៥ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់ បានសារភាពប្រាប់ប៉ូលិសថា ពួកគេជាប្ដីប្រពន្ធនឹងគ្នា និងជាអ្នកប្រព្រឹត្តផ្ទាល់។ ប៉ូលិសខណ្ឌសែនសុខ បានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះម្នាក់ឈ្មោះ ប្រាក់ សុភ័ណ្ណ ភេទប្រុសអាយុ ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ៣ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានប្ដឹងប៉ូលិសថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ គាត់បានទំនាក់ទំនង ស្គាល់នារីម្នាក់ឈ្មោះ ស្រីថា ហៅឃួនទី នៅក្នុងហាងផឹកស៊ី មួយក្នុងខណ្ឌទួលគោក។
ជនរងគ្រោះបានបន្តថា ក្រោយមក មួយសប្ដាហ៍គឺនៅថ្ងៃទី១៦ គាត់បានទូរស័ព្ទ ណាត់ជួបនាងមកផឹកស៊ី នៅក្នុងភោជនីយដ្ឋានមួយ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រួចក៏បបួលនាងទៅរួមរ័ក នៅក្នុងផ្ទះសំណាក់អប្សរា ទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅម៉ោងប្រហែល ១១ យប់។ ខណៈពេលរួមរ័ករួច ជនរងគ្រោះជាប់រវល់ ចូលបន្ទប់ទឹកលាងសំអាតកាយ ពេលចេញមកវិញក៏ស្រាប់តែ បាត់នាងនិងបាត់កាបូបលុយ រួមទាំងសោម៉ូតូ។ ភ្លាមៗនោះជនរងគ្រោះ រត់មកសួរម្ចាស់ផ្ទះសំណាក់ គេប្រាប់ថានាងបានជិះម៉ូតូ ម៉ាកណៃហត ចេញទៅជាមួយប្រុសម្នាក់ ទៅបាត់ហើយ។
សម្ភារៈដែលនាង ឃួន ទី ហៅស្រីថា លួចយកទៅបាត់នោះ រួមមាន ម៉ូតូម៉ាកណៃហត ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 1AT 7180 និងកាបូបលុយមួយ ដែលក្នុងនោះមានអត្តសញ្ញាណប័ណ្ណ ១សន្លឹក សំបុត្របញ្ចាំខ្សែដៃ ១ខ្សែ ព្រមទាំងលុយកាក់មួយចំនួនទៀត។ នៅពេលដឹងថា នាងលួចទ្រព្យសម្បត្តិដូច្នេះ ខ្លួនក៏រូតរះមកកាន់ហាង ដាក់បញ្ចាំខ្សែដៃ ដោយប្រាប់ថា បើមានអ្នកណា យកសំបុត្រមកយកលុយបន្ថែមពីផ្លាក ខ្សែដៃ សូមទូរស័ព្ទប្រាប់ផង ព្រោះអ្នកនោះជាចោរលួចកាបូបគាត់។
រយៈពេល ៣ថ្ងៃក្រោយមក កឺនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា មាន ស្ត្រីម្នាក់ឈ្មោះ រស់ សេរី ហៅ ស្រីម៉ៅ អាយុ ២០ឆ្នាំ ត្រូវបានឈ្មោះ បុល សំណាង ឲ្យយកសំបុត្របញ្ចាំនេះ មកយកលុយបន្ថែមពីខ្សែដៃនេះ ទើបម្ចាស់ហាងបញ្ចាំ ទូរស័ព្ទហៅជនរងគ្រោះ ឲ្យមកចាប់ខ្លួនតែម្តង។ ក្រោយការចាប់ខ្លួននាង រស់ សេរី ប្រគល់ឲ្យប៉ូលិស ទើបឈានទៅឃាត់ខ្លួន បក្ខពួកចោរញីឈ្មោល ទាំង ២នាក់នេះបានបន្តបន្ទាប់ទៀត កាលពីម៉ោង ២រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងផ្ទះសំណាក់កូរ៉េ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក៕
Source from: watphnom-news.com