រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ស្ថិតនៅក្នុងភាពច្របូកច្របល់ ហើយគេដឹងថា បញ្ហានេះផ្តើមចេញពីរឿងរ៉ាវបុគ្គល ក៏ដូចជាទំនាស់ផលប្រយោជន៍រវាងលោក ប៉ែន ស៊ីម៉ន ដែលជាមេគយនិងលោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាំឲ្យទំនិញឡើងថ្លៃ ប៉ះពាល់ ជីវភាពរស់នៅរបស់ប្រជារាស្ត្រខ្មែរទូទៅ ហើយរឿងធំបំផុតនោះ រដ្ឋត្រូវបាត់បង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែភាពអសកម្ម របស់ជំនាញគយ ហើយការសម្រេចផ្លាស់ប្តូរ តំណែងលោក ប៉ែន ស៊ីម៉ន ដែលនឹងប្រកាស ជាផ្លូវការក្នុងពេលឆាប់ៗនេះ អាចចាត់ទុកជាការកែទម្រង់ដ៏សំខាន់មួយ។
តាមប្រភពខ្សឹបខ្សៀវ ពីមន្ត្រីជាន់ខ្ពស់មួយចំនួនបានឲ្យដឹងថា លោក ប៉ែន ស៊ីម៉ន បច្ចុប្បន្នមានតួនាទី ជាអគ្គនាយកគយនិងរដ្ឋាករ ត្រូវដល់ពេលចូលនិវត្តន៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ ដូច្នេះហើយបានជា រាជរដ្ឋាភិបាលសម្រេច ផ្លាស់ប្តូរតំណែងលោក ប៉ែន ស៊ីម៉ន ចេញពីអគ្គនាយកគយនិងរដ្ឋាករ ទៅធ្វើជារដ្ឋលេខាធិការនៅក្រសួង ដែលទើបបង្កើតថ្មីមួយ គឺក្រសួងរ៉ែ និងថាមពល ដែលគេដឹងថាលោក ស៊ុយ សែម គឺជារដ្ឋមន្ត្រី។ បើគ្មានអ្វីប្រែប្រួលទេនោះ ការផ្លាស់ប្តូរតំណែងលោក ប៉ែន ស៊ីម៉ន នឹងរៀបចំធ្វើអំឡុងចុងខែវិច្ឆិកា ឬដើមខែធ្នូ ខាងមុខនេះ នៅពេលដែលរដ្ឋសភា បើកសម័យប្រជុំ ដើម្បីផ្តល់សេចក្តីទុកចិត្ត ដល់រដ្ឋមន្ត្រីដែលត្រូវកាន់កាប់ ក្រសួងទើបបង្កើតថ្មី។ ក្នុងនោះឈ្មោះរបស់លោក ប៉ែន ស៊ីម៉ន ក៏ត្រូវបានដាក់ចូល ក្នុងកញ្ចប់ដើម្បីឲ្យរដ្ឋសភា ផ្តល់សេចក្តីទុកចិត្តធ្វើជា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលផងដែរ ហើយនៅពេលនោះ គេដឹងថាមន្ត្រីគយមួយចំនួន អាចមានអ្នកសើចនិងអ្នកយំ ក្រោយពេលរៀបចំ ជ្រើសតាំងមេគយថ្មី។
បើយោងតាមព័ត៌មាន មិនទាន់ផ្លូវការមួយ ប៉ុន្តែអាចជាការពិត គឺលោក វង្សី វិសុទ្ធ អាចនឹងត្រូវបានតែងតាំង ជាអគ្គនាយកគយនិងរដ្ឋាករ ជំនួសលោក ប៉ែន ស៊ីម៉ន អំឡុងដើមខែធ្នូ ឆ្នាំ២០១៣ នេះ ហើយគេដឹងថា លោក វង្សី វិសុទ្ធ គឺជាមិត្តភក្តិជិតដិតបំផុត របស់លោក អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ដោយឡែក លោក កើត សុធារ៉ា ដែលជាមេគយចល័តនៅទូទាំងប្រទេស ទើបឡើងតំណែងថ្មី តាមរយៈការជួយជ្រោមជ្រែង របស់លោក អូន ព័ន្ធមុនីរ័ត្ន ក៏ជាមនុស្សជំនិត ឬជាពួកម៉ាកបង្កើត របស់លោក វង្សី វិសុទ្ធ ផងដែរ ហើយតាមរូបភាពនេះ គេអាចមើលឃើញថា ក្នុងអង្គការចាត់តាំងគយ ដែលជាស្ថាប័នធំបំផុត ក្នុងការប្រមូលពន្ធជូនជាតិ ត្រូវបានរៀបចំឡើងក្រោមខ្សែទុយោតែមួយ នៃការក្តោបអំណាចរបស់លោក អូន ព័ន្ធមុនីរ័ត្ន ប៉ុន្តែចំពោះប្រសិទ្ធភាពការងារបែបណានោះ គេមិនទាន់ច្បាស់នៅឡើយទេ។
ដោយឡែកនៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុរដ្ឋលេខាធិការម្នាក់ គឺលោក ស ថេង ជាអតីតមេគយចល័តទទួលបាន បុព្វសិទ្ធិផ្តាច់មុខក្នុងការត្រួតពិនិត្យ ចាត់ចែងលើការងារ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលសុទ្ធសឹងជាខ្សែទុយោ តែមួយរបស់លោក អូន ព័ន្ធមុនីរ័ត្ន ហើយមិនយូរទៀតទេ មន្ត្រីគយថ្នាក់សាខា ថ្នាក់ការិយាល័យ ថ្នាក់នាយកដ្ឋានជាច្រើន នឹងត្រូវរៀបចំផ្លាស់ប្តូរតំណែងថ្មី។ ការកែទម្រង់នេះ គ្រាន់តែជាលេសដើម្បីបោសសម្អាត មន្ត្រីមួយចំនួនដែលធ្លាប់មានប្រវត្តិ ពុករលួយបំផ្លាញចំណូលថវិកាជាតិ ជាមួយលោក ប៉ែន ស៊ីម៉ន ឲ្យជ្រះស្រឡះ និងដើម្បីរៀបចំចាត់តាំងមន្ត្រី ដែលជាខ្សែទុយោ របស់លោក អូន ព័ន្ធមុនីរ័ត្ន ឲ្យទៅកាន់កាប់តំណែងល្អៗ អាចបង្កើនប្រសិទ្ធភាពការងារ ឬអាចនាំគ្នាពុករលួយជាលក្ខណៈប្រព័ន្ធ។
គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើការរៀបចំរចនាសម្ព័ន្ធ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវរៀបចំដោយរបៀបណា ដើម្បីកុំឲ្យមានទំនាស់ផលប្រយោជន៍ រាំងស្ទះដល់ការប្រមូលពន្ធ ព្រោះចាប់តាំងពីពេល ដែលលោក ប៉ែន ស៊ីម៉ន ឡើងមកធ្វើជា អគ្គនាយកគយនិងរដ្ឋាករ ចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះ បានបង្កើតឲ្យមានអំពើពុករលួយ ជាលក្ខណៈប្រព័ន្ធធ្វើឲ្យប៉ះពាល់ ដល់សតិអារម្មណ៍ក្រុមឈ្មួញ រកស៊ីនាំចូលទំនិញគ្រប់ប្រភេទ ហើយវិធានការចុងក្រោយដែលកំណត់ ឲ្យមានការបង់ពន្ធ១០០ភាគរយ បានធ្វើឲ្យចំណូលថវិកាជាតិធ្លាក់ចុះ គួរឲ្យព្រួយបារម្ភព្រោះតែទំនិញ ត្រូវបានកកស្ទះនៅតាមព្រំដែន។ គេមិនទាន់ដឹងថា វាអាចមានប្រសិទ្ធភាពការងារ ក្នុងកម្រិតណានោះទេ ទន្ទឹមពេលដែលការកែទម្រង់ថ្មីនេះ រចនាសម្ព័ន្ធគ្រប់គ្រងការងារ តាំងពីលើដល់ក្រោម សុទ្ធសឹងតែជាបក្ខពួករបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
Source from: watphnom-news.com