
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះមានឈ្មួញធំៗ ២នាក់ កំពុងរកស៊ីនាំចូលទូរស័ព្ទទំនើបៗ តាមរបៀបគេចពន្ធចូលក្នុងប្រទេសកម្ពុជា ដូចដែលមន្ត្រីតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញដ៏មានឥទ្ធិពលទាំងនោះ សុទ្ធសឹងជាមនុស្សជិតដិត និងមានទំនាក់ទំនងល្អជាមួយមន្ត្រីគយធំៗ ហើយការនាំចូលទូរស័ព្ទស៊េរីទំនើបៗគេចពន្ធ កើតមានរាប់ទសវត្សរ៍មកហើយ មិនដែលមានការបង្ក្រាបទេ បើទោះបីជាមេឈ្មួញរត់ពន្ធទូរស័ព្ទទំនើបៗទាំងនោះ ជំនាញគយបានស្គាល់មុខសញ្ញា យ៉ាងច្បាស់ដូចថ្ងៃរះក៏ដោយ ក៏មិនដែលមានការបង្ក្រាប ក៏ព្រោះតែពួកគេមានទំនាក់ទំនង ចែករំលែកផលប្រយោជន៍ ជាមួយគ្នាជាប់ជាប្រចាំទៅហើយ។
ប្រភពព័ត៌មានដែលធ្លាយចេញ ពីទីចាត់ការគយនិងរដ្ឋាករបានឲ្យដឹងថា មេឈ្មួញទាំង២នាក់ដែលរកស៊ីរត់ពន្ធទូរស័ព្ទទំនើបៗ ចូលក្នុងប្រទេសកម្ពុជារួមមាន តាវែង ដែលជាមិត្តភក្តិជិតដិតរបស់លោក ប៉ែន សំអាត ជាមន្ត្រីគយដ៏មានអំណាច និងឥទ្ធិពលប្រចាំប្រទេសកម្ពុជា និងម្នាក់ទៀតឈ្មោះ ថៃ គីណូ។ ឈ្មួញធំៗទាំង ២នាក់នេះ បានរកស៊ីនាំចូលទូរស័ព្ទគេចពន្ធទាំងវ៉ាលីៗ ក្នុងមួយខែៗមិនដឹងជាប៉ុន្មានជើងទេ ហើយសម្រាប់មេឈ្មួញ ថៃ គីណូ បានរកស៊ីនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកផែកែវផុស ដោយបង្កប់ក្នុងកុងតឺន័រ ឬទំនិញផ្សេងៗ ហើយគេដឹងថាជំនាញគយ និងប្រធានច្រកទាំងនោះ ទទួលបានផលប្រយោជន៍ ពីការរត់ពន្ធទូរស័ព្ទ ទើបអ្វីៗចេះតែរលូនល្អ។
ដោយឡែក តាវែង ដែលជាមិត្តភក្តិជិតដិតរបស់លោក ប៉ែន សំអាត បានរកស៊ីរត់ពន្ធទូរស័ព្ទទំនើបៗ ចូលតាមច្រកព្រលានយន្តហោះ ហើយកាលពីមុនធ្លាប់លួចនាំចូល ទូរស័ព្ទគេចពន្ធតាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ប៉ុន្តែនៅពេលដែលលោក ខៀវ សំអាន ទារសេវាខ្ពស់ពេក ទើប តាវែង បានបង្វែរការរត់ពន្ធទូរស័ព្ទ ទៅតាមច្រកព្រលានយន្តហោះ ខេត្តសៀមរាប ដែលនៅទីនោះ មានលោក អង សុខិណោ ជាប្រធានការិយាល័យគយនិងរដ្ឋាករ និងលោក សួន សុជាតិ ជាប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកនេះជាអ្នកជួយសម្របសម្រួល ឲ្យមានភាពរលូនល្អ មិនដែលមាននរណាហ៊ានប៉ះពាល់ទេ ហើយក្នុងមួយខែៗ តាវែង បាននាំចូលទូរស័ព្ទគេចពន្ធ តាមច្រកនេះជាច្រើនជើង។
ក្នុងមួយជើងៗ តាវែង បាននាំចូលទូរស័ព្ទគេចពន្ធ មិនតិចជាង ៤វ៉ាលីធំៗនោះទេ អាចផ្ទុកទូរស័ព្ទបានដល់ទៅជិត ១៥០០គ្រឿងហើយប្រភេទទូរស័ព្ទដែល តាវែង រត់ពន្ធចូលប្រទេសកម្ពុជា សុទ្ធតែស៊េរីទំនើបៗប្រភេទសាំស៊ុង និងអិលជី តម្លៃទាបបំផុត៣០០ដុល្លារ រហូតដល់ ៧០០ដុល្លារ។ បើគេយកទៅវាយតម្លៃជាពន្ធនាំចូលវិញ មិនដឹងជាក្នុងមួយខែ រដ្ឋទទួលបានចំណូល ប៉ុន្មានម៉ឺនដុល្លារនោះទេ ប៉ុន្តែទោះបីអំពើរត់ពន្ធទូរស័ព្ទរបស់ តាវែង មានភាពរលូនល្អនាំឲ្យ រដ្ឋខាតបង់ចំណូលពិតមែន ក៏អ្នកដែលទទួលបានផលប្រយោជន៍ធំ គឺជំនាញគយចល័ត ជាពិសេសលោក អង សុខិណោ ជាមេគយប្រចាំច្រកព្រលានយន្តហោះខេត្តសៀមរាប ដោយមានការចូលរួមបិទភ្នែកពីលោក សួនសុជាតិ ជាមេនគរបាលអន្តោប្រវេសន៍ និងជាប្រធានច្រកនៅទីនោះផងដែរ។
អាចបញ្ជាក់បានថា តាវែង មិនដែលក្រែងញញើត ចំពោះការនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកព្រលានយន្តហោះខេត្តសៀមរាប មកលក់ចែកចាយនៅរាជធានីភ្នំពេញ យ៉ាងអនាធិបតេយ្យនោះទេ ហើយគេរកឃើញកំហុស ២យ៉ាងរបស់តាវែង គឺទី១ ការនាំចូលទូរស័ព្ទទំនើបៗ ដោយបំពានលើសិទ្ធិនាំចូលរបស់ក្រុមហ៊ុនស្របច្បាប់ និងទី២ ការគេចពន្ធបំផ្លាញ ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ អំពើរត់ពន្ធទូរស័ព្ទ របស់តាវែង ត្រូវបានបែកធ្លាយ និងមានភស្តុតាងយ៉ាងជាក់លាក់ បន្ទាប់ពីកម្លាំងអាវុធហត្ថស្រុកស្ទោង បានប្រដេញចាប់ រថយន្តទំនើបម៉ាករ៉ង់រូវ៉ែ ពណ៌ស អត់ស្លាកលេខមួយគ្រឿង កាលពីវេលាម៉ោង ២២និង១៥នាទី យប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយឆែកឆេររកឃើញ វ៉ាលីពណ៌ខ្មៅធំៗចំនួន៤ មានផ្ទុកទូរស័ព្ទម៉ាក អិលជី និងសាំស៊ុង ចំនួន១៤៨៣គ្រឿង។
សឹងតែសឹកផ្លូវជាតិលេខ៦ទៅហើយ ដែលតាវែង និងគូកនរបស់គាត់ បានធ្វើសកម្មភាពដឹកជញ្ជូនទូរស័ព្ទគេចពន្ធ ដែលនាំចូលតាមច្រកព្រលាន យន្តហោះអន្តរជាតិខេត្តសៀមរាប មិនដែលមាននរណាហ៊ានប៉ះពាល់ទេ បើនិយាយពីលោក អង សុខិណោ ដែលជាអ្នកទទួលបានផលប្រយោជន៍ ច្រើនជាងគេ ពីការរត់ពន្ធទូរស័ព្ទរបស់តាវែង បានសម្ងំកើបលុយយកទៅ ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ដែលពេលខ្លះសូម្បីតែលោក អង សុខិណោ ឡើងមកប្រជុំនៅភ្នំពេញ ឬមិនបានចូលប៊ុយរ៉ូ ធ្វើការ ក៏គេដឹងថាអនុប្រធានរបស់គាត់តែងតែសុំយោបល់ និងរាយការណ៍ពីករណីនាំចូលទូរស័ព្ទគេចពន្ធរបស់តាវែង មិនដែលខកខានម្តងណាឡើយ។
មានការចំអកផងដែរថា ប៉ុន្មានលើកមកហើយដែលលោក អង សុខិណោ និងលោក សួន សុជាតិ បង្ហាញស្នាដៃ ពីការបង្ក្រាបគ្រឿងញៀន ដែលជារបស់តូចតាចលាក់ តាមខ្លួនអ្នកដំណើរ ពេលឆ្លងកាត់ច្រកព្រលានយន្តហោះ អន្តរជាតិខេត្តសៀមរាប ប៉ុន្តែសម្រាប់ការនាំចូល ទូរស័ព្ទគេចពន្ធទាំងវ៉ាលីៗ ម្តងៗរាប់ពាន់គ្រឿងរបស់ តាវែង ដឹកជញ្ជូនតាមរថយន្តទំនើបៗ បែរជាលោក អង សុខិណោ និងលោក សួន សុជាតិ មើលអត់ឃើញ ក៏ព្រោះតែបញ្ហាផលប្រយោជន៍ដឹកមុខនោះឯង។ បន្ទាប់ពីមានការបែកធ្លាយរឿងនេះ គេយល់ថា លោក ប៉ែន ស៊ីម៉ន ជាអគ្គនាយកគយនិងរដ្ឋាករ មេត្តាស្រាវជ្រាវឡើងវិញផង ដើម្បីនាំមន្ត្រីពុករលួយ ឃុបឃិតឲ្យមានអំពើរត់ពន្ធទំនិញ បំផ្លាញចំណូលថវិកាជាតិ ទៅដាក់ទោសតាមច្បាប់៕
Source from: watphnom-news.com