
គ្រូមន្តអាគមអូមអាមស៊ីម២"ខ្ទើយ"ម្នាក់ មានរហស្សនាមថា "ព្រះរាជកុមារ" កំពុងប្រឈមនឹងការប្តឹងផ្តល់ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ ព្រោះតែគ្រូមន្តអាគមនេះប្រើអំពើហិង្សារបៀបដូចដាក់ទារុណកម្មដាល់មុខ និងឡើងជង្គង់ទៅលើអ្នកជំងឺឲ្យរងរបួសទ្រោមខ្លួន សល់ត្រឹមដង្ហើមចង្រិត ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលដែលនាំឲ្យកើតមានរឿងរ៉ាវប្តឹងផ្តល់នេះ គឺបានប្រព្រឹត្តទៅនៅលំនៅឋានរបស់គ្រូមន្តអាគមស៊ីម២នោះតែម្តង ឋិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីអ៊ុំស្រីម្នាក់យកកូនឲ្យគ្រូមន្តអាគមព្យាបាលជំងឺ ដែលម្តាយសង្ស័យថា កូនត្រូវអំពើគេ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែត្រូវបានបងស្រីរបស់អ្នកជំងឺទៅឃើញទាន់នូវអំពើហិង្សាដែលសេនាឆ្វេងស្តាំរបស់គ្រូស៊ីម២ចាត់ការដាល់មុខ និងឡើងជង្គង់ទៅលើជនរងគ្រោះឲ្យរងរបួសពេញខ្លួន សល់តែដង្ហើមចង្រិតទើបនាំយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យវិញ ។
អ៊ុំស្រី ស៊ុន នាង អាយុ៥៦ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះរស់នៅភូមិកើតហេតុខាងលើ បានរៀបរាប់ថា ដោយសារកូនប្រុសរបស់គាត់ឈ្មោះ ពេជ្រ ភារុំ អាយុ២៤ឆ្នាំ កើតជំងឺរវើរវាយដែលគាត់សង្ស័យថា កូនត្រូវអំពើគេនោះ ទើបគាត់នាំកូនទៅឲ្យគ្រូមន្តអាគមមានរហស្សនាម"ព្រះរាជកុមារ"ជួយពិនិត្យព្យាបាល ។ ពេលទៅជួបគ្រូមន្តអាគមនោះដំបូង គ្រូបានបង្គាប់ឲ្យដាក់ទ្រនឹបចំនួន១០.០០០ដុល្លារអាមេរិក ចាត់ទុកជាថ្លៃព្យាបាល ។ ប៉ុន្តែគាត់បានប្រកែកថា មិនមានប្រាក់ទេ ព្រោះសឹងរកលុយទិញអង្ករហូបមិនបានផង ។ ភ្លាមៗនោះ គ្រូមន្តអាគមបានឆ្លើយតបវិញថា "ខ្ញុំនិយាយលេងទេ" ហើយក៏ទទួលកូនប្រុសរបស់គាត់ទុកនៅនឹងផ្ទះគ្រូដើម្បីធានាព្យាបាលឲ្យជាសះស្បើយ រួចហើយគាត់ក៏បានចាកចេញត្រឡប់ទៅផ្ទះវិញ ។
អ៊ុំស្រីត្រូវជាម្តាយរបស់ជនរងគ្រោះ បានបន្តទៀតថា ជាចៃដន្យកូនស្រីរបស់គាត់ម្នាក់ទៀតត្រូវជាបងរបស់ជនរងគ្រោះបានដើរទៅមើលប្អូន ក៏ស្រាប់តែឃើញគ្រូមន្តអាគមនោះកំពុងបញ្ជាឲ្យសេនាឆ្វេងស្តាំចងដៃជនរងគ្រោះចាក់ទឹកពីលើក្បាល រួចប្រើកណ្តាប់ដៃវាយដាល់ទៅលើមុខ និងឡើងជង្គង់ទៅលើខ្លួនប្រាណ បណ្តាលឲ្យជនរងគ្រោះរងរបួសស្នាមជាំពេញខ្លួន សល់តែដង្ហើមចង្រិត ។ ឃើញដូច្នោះ បងស្រីរបស់ជនរងគ្រោះក៏បានសួរទៅគ្រូមន្តអាគមនោះថា ហេតុអ្វីធ្វើយ៉ាងនេះ ស្រាប់តែគ្រូមន្តអាគមឆ្លើយតបវិញថា "វាយឲ្យខ្មោចចេញ" ។
ទីបំផុត ដោយស៊ូទ្រាំនឹងកណ្តាប់ដៃឆេះ និងជង្គង់ហោះរបស់សេនាឆ្វេងស្តាំគ្រូមន្តអាគមនោះ ក្រុមគ្រួសារជនរងគ្រោះក៏បានសម្រេចដាក់ពាក្យប្តឹងគ្រូស៊ីម២រហស្សនាម "ព្រះរាជកុមារ" ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដើម្បីឲ្យសមត្ថកិច្ចចាត់ការគ្រូមន្តអាគមនេះតាមនីតិវិធីច្បាប់ ។
ប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា បច្ចុប្បន្នគ្រូមន្តអាគមស៊ីម២រហស្សនាម"ព្រះរាជកុមារ" ព្រមទាំងបក្ខពួកជាសេនាឆ្វេងស្តាំនោះបានគេចសំងំលាក់ខ្លួនពួនអាត្មាមិនដឹងទៅទីណាទេ ក្រោយពីបានដឹងខ្លួនថា ក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យប្តឹងប្រឆាំងនឹងអំពើហិង្សារបស់ខ្លួនទៅលើអ្នកជំងឺ ៕
Source from: www.dtn7.com