
រាជធានីភ្នំពេញ ៖ គេនៅចាំបានថាកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ មានការប្រកាសផ្ទេរតំណែង អគ្គនាយកទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៣ ដោយលោក ឡៅ សារឿន ត្រូវបានផ្ទេរទៅកាន់តំណែងជា អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលធំលើសតំណែងចាស់ទៅទៀត ហើយលោក កឹម វិក្រា ដែលជា អនុប្រធាន បានឡើងមកកាន់តំណែងជា ប្រធានអគ្គនាយក ទូរគមនាគមន៍កម្ពុជា ជំនួសលោក ឡៅ សារឿន ប៉ុន្តែមកដល់ម៉ោងនេះ ភាពអសកម្មនិងអំពើពុករលួយ ក្នុងអង្គភាពនេះ នៅតែគ្មានការកែទម្រង់នៅឡើយទេ។
មន្ត្រីជាច្រើនបានលួចបង្ហើបឲ្យដឹងថា លោក កឹម វិក្រា កំពុងតែដើរតាមគន្លងចាស់ របស់លោក ឡៅ សារឿន អត់ខុសត្រង់ណាទេ ព្រោះគាត់ធ្លាប់បានកាន់តំណែង ជាអគ្គនាយករង ទូរគមនាគមន៍កម្ពុជា ឡើងដុះស្លែទៅហើយ គាត់អាចរៀនសូត្រតាមបទពិសោធន៍ ក្នុងការប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមពីលោក ឡៅ សារឿន បានយ៉ាងល្អឥតខ្ចោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះលោក កឹម វិក្រា បានរៀបចំមនុស្សជំនិតរបស់ខ្លួន ឲ្យកាន់តំណែងល្អៗ អាចប្រមូលផលប្រយោជន៍ យកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ហើយមន្ត្រីដែលគ្មានខ្សែទុយោ ត្រូវគាត់ទុកនៅកន្លៀតជញ្ជាំង។
លោក កឹម វិក្រា ដែលបានស្ថិតក្នុងចង្កោម នៃសំណុំរឿងពុករលួយ កាលពីជំនាន់លោក ឡៅ សារឿន ដ៏សំខាន់ម្នាក់ផងដែរនោះ កំពុងរស់នៅយ៉ាងស្តុកស្តម្ភ លើគំនរទ្រព្យសម្បត្តិ ខណៈដែលចំណូលរបស់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា មានការធ្លាក់ចុះជាលំដាប់។ មន្ត្រីតូចតាចជាច្រើន ក៏មិនសូវសប្បាយចិត្តចំពោះការដឹកនាំ ដ៏អសកម្មរបស់លោក កឹម វិក្រា នោះដែរព្រោះគ្មានអ្វីប្លែក ពីការដឹកនាំរបស់លោក ឡៅ សារឿន ប៉ុន្មានទេ ហើយបើនិយាយពី អំពើបក្ខពួកនិយម ឬការកេងប្រវ័ញ្ចផលប្រយោជន៍ មន្ត្រីតូចតាចវិញ ចង់ខ្លាំងជាងពេលមុនទៅទៀត ធ្វើអ្វីៗគ្មានតម្លាភាព គ្មានការកែទម្រង់នោះទេ ។
សូមរំលឹកថា ការដោះដូរតំណែងលោក ឡៅ សារឿន បានធ្វើឡើងបន្ទាប់ពី មានការតវ៉ាពីសំណាក់និយោជិតប្រមាណ ២០០នាក់ ហើយក្រោយមកលោក ឡៅ សារឿន បានចេញលិខិតផ្ទេរសិទ្ធិ ឲ្យអគ្គនាយករងម្នាក់គឺលោក កឹម វិក្រា ទទួលខុសត្រូវជំនួសគាត់ ដោយបញ្ជាក់ក្នុងលិខិតថា គាត់ជាប់រវល់ទៅព្យាបាលជំងឺវៀតណាម។ និយោជិតរាប់រយនាក់ បានចោទប្រកាន់ថា លោកអគ្គនាយក ឡៅ សារឿន និងបក្ខពួកមួយក្តាប់តូច បានរៀបចំជាប្រព័ន្ធ ក្នុងការប្រព្រឹត្តអំពើពុករលួយ ហើយមកដល់ពេលនេះលោក កឹម វិក្រា កំពុងយកប្រព័ន្ធដ៏អសកម្មមួយនេះ មកអនុវត្តន៍ជាថ្មីម្តងទៀត។
ក្រុមបុគ្គលិកនិយោជិត ទូរគមនាគមន៍កម្ពុជា បានរិះគន់ថ្នាក់ដឹកនាំរបស់ពួកគេថា បានប្រព្រឹត្តិអំពើផ្តាច់ការបក្ខពួកនិយម ហើយលោក ឡៅ សារឿន ក៏ដូចជាលោក កឹម វិក្រា បានដឹកនាំស្ថាប័នមួយនេះ ច្រើនឆ្នាំមកហើយ តែមិនមានការរីកចម្រើនទេ។ ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជារៀងរាល់ឆ្នាំគឺបុគ្គលិក ត្រូវតែទទួលបាន ២០ ភាគរយនៃការលើកទឹកចិត្ត ឬមួយក៏លុយអតីតភាពការងារ ដែលរដ្ឋាភិបាលផ្តល់ឲ្យបុគ្គលិកនិយោជិត ក៏ត្រូវថ្នាក់លើ កេងប្រវ័ញ្ចទុកជាប្រយោជន៍ផ្ទាល់ខ្លួន មិនបានបើកឲ្យបុគ្គលិកនោះទេ។ អង្គភាពប្រឆាំងអំពើពុករលួយ បានស៊ើបអង្កេតករណីនេះ ប៉ុន្តែមិនទាន់មានចំណាត់ការ លើជនពុករលួយនៅឡើយទេ៕
Source from: watphnom-news.com
No comments:
Post a Comment