
ខេត្តក្រចេះ ៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសាររថយន្តទំនើប ម៉ាកបាឡែន ពណ៌ទឹកប្រាក់ របស់លោកថៅកែម្នាក់ បើកបុកម៉ូតូរបស់ពួកគេចំពីមុខពេញមួយទំហឹង កាលពីវេលាម៉ោង ៧និង១០ នាទីយប់ថ្ងៃទី២៦ ខែ វិច្ឆកា ឆ្នាំ២០១៣ នៅចំណុច ភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
លោក កែ វិណូ អធិការរងនគរបាល ស្រុកស្នួល ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ បានប្រាប់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្កឡើងដោយរថយន្តម៉ាក បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2W ១០៩៨ ទៅបុកម៉ូតូម៉ាកនែវ មិនមានពាក់ស្លាកលេខ ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យយុវជនពីរនាក់ ស្លាប់បាត់បងជីវិត យ៉ាងអាណោចអាធ័មបំផុត រីឯម្នាក់ទៀតរងរបួសធ្ងន់។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្ត បើកបរក្នុងល្បឿនយ៉ាងលឿនដូចព្យុះ ហើយវាក់ជាមួយ យានយន្តផ្សេងទៀត ទើបបណ្តាលឱ្យរេចង្កូត ទៅបុកបុរស ៣ នាក់ដែលកំពុងតែជិះម៉ូតូបញ្ច្រាសទិសគ្នា ពីលិចទៅកើតយ៉ាងពេញទំហឹង។
បុរស ២ នាក់ដែលបានស្លាប់បាត់បងជីវិត រួមមានឈ្មោះ ម៉េត សំណាង អាយុ១៧ ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ទី២ ឈ្មោះ យ៉ាប ម៉ហាន់ ជនជាតិឥស្លាម អាយុ ២០ឆ្នាំ រស់នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល។ ចំណែកជនរងគ្រោះ ដែលរបួសធ្ងន់មានឈ្មោះ ម៉ន ប៉ាង អាយុ ១៩ឆ្នាំ រស់នៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចំណែកម្ចាស់រថយន្តបង្ក មិនទាន់ស្គាល់ឈ្មោះទេ តែបើយោងតាមប្រភព័ត៌មាន បានខ្សឹបប្រាប់ថា ជាម្ចាស់សិប្បកម្ម ផលិតទឹកសុទ្ធនៅស្រុស្នួល។
បច្ចុប្បន្នជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ត្រូវសមត្ថកិច្ចប្រគល់ជូន សាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែអ្នករបួសធ្ងន់ត្រូវបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកស្នួល ដើម្បីព្យាបាល ហើយរយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ នាំមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីកសាងសុំណុំរឿង ដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ គឹម ហ៊ាត
Source from: watphnom-news.com