
ប្រទេសថៃ ៖ កាលពីម្សិលមិញ តុលាការព្រហ្មទណ្ឌរបស់ថៃ បានសម្រេចដាក់ចេញដីកា ចាប់ខ្លួនលោក ស៊ូថេប ពីបទរំលោភក្រមព្រហ្មទណ្ឌ ដោយបានដឹកនាំពួកសកម្មជន លុកលុយបណ្តាស្ថាប័នរដ្ឋ ក្នុងប្រទេសថៃ ។ ដីកានោះត្រូវបានស្នើឡើងដោយ ស្នងការរងនៃរាជធានីបាងកក គឺលោក Khachonsak Pansakhon ។
លោកស៊ូថេប នឹងត្រូវជាប់គុក ៧ឆ្នាំ និងរងការពិន័យប្រាក់មួយចំនួន ប្រសិនបើលោកពិតជា មានកំហុសមែននោះ។ ប៉ុន្តែអ្វីទាំងនេះ លោក ស៊ូថេប បានជំរុញបន្ថែមទៀត ឲ្យពួកបាតុករបង្កភាព ចលាចលនៅគ្រប់ក្រសួង និងមន្ទីរទាំងអស់នៅទូទាំង ប្រទេសថៃក្នុងថ្ងៃនេះ ដោយ មិនខ្វល់នឹងដីកាចាប់ខ្លួន របស់តុលាការព្រហ្មទណ្ឌថៃនោះទេ។
ពួកសកម្មជនដឹកនាំដោយលោក ស៊ូថេប បាននាំគ្នាឡោមព័ទ្ធក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ និងក្រសួងគមនាគមន៍ កាលពីថ្ងៃអង្គារ ពោលគឺបន្ទាប់ពីឈប់ ឡោមព័ន្ធក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេស ព្រមទាំងស្ថាប័ន ទំនាក់ទំនងសាធារណៈ។ យ៉ាងណាក៏ដោយមេធាវី របស់លោកស៊ូថេប បានទៅដល់តុលាការព្រហ្មទណ្ឌ ហើយស្នើសុំឲ្យមាន ការបកស្រាយលំអិត អំពីហេតុផលដែលថា កូនក្តីរបស់លោកពិតជា រំលោភក្រមព្រហ្មទណ្ឌ។
ពួកបាតុករកំពុងទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែងដោយពួកគេ ចោទប្រកាន់ថា លោកស្រីគឺជាអាយ៉ង របស់បងប្រុសលោកស្រី គឺលោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលធ្លាប់ត្រូវបានគេធ្វើរដ្ឋប្រហារ ទម្លាក់ចេញពីអំណាច កាលពីឆ្នាំ២០០៦ ហើយលោកត្រូវបាន តុលាការកាត់ទោសឲ្យជាប់គុកចំនួនពីរឆ្នាំ ពីបទពុករលួយ និងប្រើអំណាចបំពានច្បាប់។ បច្ចុប្បន្ន ទណ្ឌិតរូបនេះកំពុង និរទេសខ្លួននៅក្រៅប្រទេស៕
Source from: watphnom-news.com