
ខេត្តកំពង់ចាម ៖ ជនសង្ស័យ ២ នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃឈរ ឃាត់ខ្លួនពីករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ១៦និង៣៥ នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចតូបលក់ឥវ៉ាន់ចាប់ហួយ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយរឹបអូសវត្ថុតាង ថ្នាំញៀនបានចំនួន ២កញ្ចប់ និងឧបករណ៍សេព គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ២នាក់ប្តីប្រពន្ធ ដែលត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះ វ៉េង សាខន ភេទប្រុស អាយុ ៤៣ឆ្នាំ ២-ឈ្មោះ ងួន ម៉េង អាយុ ៣១ឆ្នាំ ទាំងពីរនាក់នេះ រស់នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាមដូចគ្នា។ ក្នុងករណីនេះសមត្ថកិច្ច ក៏បានធ្វើការរឹបអូសវត្ថុតាងថ្នាំញៀន ប្រភេទក្រាមពណ៌ស ចំនួន ២កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀន មួយចំនួនផងដែរ។ ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com