
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសក្បាលធ្ងន់ធ្ងរ ព្រោះតែក្មួយប្រុសបង្កើត ដែលផឹកស៊ីស្រវឹងបានយក ដំបងឈើជ្រុងវាយ ចំក្បាលពីក្រោយផ្នែកខាងឆ្វេង កាលពីវេលាម៉ោង ៧និង១៥ នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងភូមិក្នុង ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហើយជនរងគ្រោះបានស្លាប់ក្រោយពីរងរបួសបាន ១៤ម៉ោង។
បុរសរងគ្រោះមានឈ្មោះ ភីន ភាព អាយុ ២៨ឆ្នាំ មានប្រពន្ធឈ្មោះ ពុំ អិត អាយុ ២៥ឆ្នាំមានកូន ៣នាក់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុបុរសរងគ្រោះ ជាឪពុកមារបានមកពីរកត្រី ដើរចូលមកក្នុងដីភូមិឈ្មោះ ឆឺយ រ៉េត ដើម្បីយកត្រីដែលខ្លួនរកបាន ចែករំលែកឲ្យក្មួយឈ្មោះ ពឿន ខ្នា អាយុ ២២ឆ្នាំ ដែលនៅស៊ីផឹកនៅទីនោះ ទុកសម្រាប់ក្លែម។
នៅពេលជនរងគ្រោះកំពុងអង្គុយរើសត្រី ចែកឲ្យក្មួយក៏ស្រាប់តែជនដៃដល់ ជាក្មួយបានយកដំបងឈើជ្រុងធំ ប្រវែង ៦តឹកលបវាយពីក្រោយចំក្បាលផ្នែកខាងឆ្វេង បណ្ដាលឲ្យបុរសរងគ្រោះ របួសធ្ងន់ធ្ងរដួលសន្លប់នៅកន្លែង កើតហេតុ។ ភូមិបានគ្រាបុរសរងគ្រោះ មកកាន់លំនៅដ្ឋាន ហើយក្រុមគ្រួសារបានដឹកបញ្ជូនបុរសរងគ្រោះ ទៅកាន់មណ្ឌលសុខភាពឃុំស្វាយរំពា។
ស្ត្រីឈ្មោះ ពុំ អិត ជាប្រពន្ធបុរសរងគ្រោះ បានឲ្យដឹងថា ក្រោយពេលគ្រូពេទ្យ ក្នុងមណ្ឌលសុខភាពឃុំស្វាយរំពា បានពិនិត្យព្យាបាល របួសរួចមក គ្រូពេទ្យបានប្រាប់ថា របួសនេះមិនធ្ងន់ធ្ងរទេ យកអ្នករបួសទៅសំរាកនៅផ្ទះវិញចុះ។ ពេលទៅដល់ផ្ទះបានជាង ១ម៉ោងប្ដីនាងក៏មានអាការៈធ្ងន់ធ្ងរ ប្រកាច់ ខ្ញាំដៃជើងបញ្ឈរភ្នែក ហើយក្រុមគ្រួសារ ក៏បានដឹកបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែកខេត្ត។
រហូតដល់ម៉ោង ៩ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយជនរងគ្រោះមានសភាព ធ្ងន់ធ្ងរខ្លាំងឡើងៗក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តតែម្តង។ ជនដៃដល់ឈ្មោះ ពឿន ខ្នា ទើបតែសឹកពីបួសថ្មីៗ នៅពេលចេញព្រះវស្សានេះ បានសារភាពថា ខ្លួនបានផឹកស្រាអស់ ៤លីត្រជាមួយមិត្តភក្តិ ទំនងជាខឹងនឹងពូឲ្យត្រីសម្រាប់ក្លែមតិចពេក ទើបយកដំបងជ្រុង វាយពូឯងស្លាប់តែម្តង៕
Source from: watphnom-news.com