
រាជធានីភ្នំពេញ ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជា នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា សីតុណ្ហភាពនឹងចាប់ផ្តើមធ្លាក់ចុះភ្លាមៗ ចន្លោះពី ៣-៥ អង្សាសេ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បន្ទាប់ពីទឹកភ្លៀងរដូវវស្សា បានបញ្ចប់ត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ដែលស្ថានភាពអាកាសធាតុបែបនេះ អាចនឹងធ្វើឲ្យមានការប៉ះពាល់ ដល់សុខភាព របស់ប្រជាពលរដ្ឋ និងបង្កឲ្យមានជំងឺផ្សេងៗ។
លោក ចាន់ យុត្ថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា នេះតទៅ សីតុណ្ហភាពនឹងចាប់ផ្តើម ធ្លាក់ចុះ ពី ៣-៥ អង្សាសេភ្លាមៗ ខណៈដែលសីតុណ្ហភាព កំពុងស្ថិតនៅធម្មតាជាមធ្យម ៣០ អង្សាសេ ហើយ អាកាសធាតុធ្លាក់ចុះខ្លាំងភ្លាមៗ អាចធ្វើឲ្យសុខភាព របស់ប្រជាពលរដ្ឋ មានបញ្ហា និងជំងឺជាច្រើន។ សីតុណ្ហភាពវានឹងកើនឡើងបន្តិចមកវិញ ចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ រួចហើយវានឹងចុះត្រជាក់ខ្លាំងថែមទៀត នៅពេលបន្ទាប់។
ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់បានប្រកាសថា ជ្រលងសម្ពាធខ្ពស់ស៊ីបេរី និងខ្យល់មូសុងឦសាន បានចាប់ផ្តើមមានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ហើយបាតុភូតធម្មជាតិនេះ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង ក្នុងចន្លោះពេលចាប់ពី ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៣ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៤។ ស្ថានភាពអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា នារដូវរដូវរំហើយនេះ មានសភាពត្រជាក់ខ្លាំង ជាងបណ្តាឆ្នាំកន្លងទៅ ចាប់ពីកណ្តាលខែធ្នូ រហូតដល់ពាក់កណ្តាល ខែមករា ឆ្នាំ២០១៤៕
Source from: watphnom-news.com