
រាជធានីភ្នំពេញ ៖ ដោយសារតូចចិត្តនឹងឪពុកម្ដាយ មិនស្ដីដណ្ដឹងប្រពន្ធឲ្យ ហើយចាញ់បោកនារីជាសង្សារផងនោះ បុរសម្នាក់បានដាច់ចិត្ត ជិះម៉ូតូឌុបមកលោតទឹក ពីលើស្ពានព្រះមុនីវង្ស ប៉ងសម្លាប់ខ្លួនតែមិនបានសម្រេចឡើយ ដោយសារចេះហែលទឹក ហើយស្រវេស្រវា ហែលមកច្រាំងវិញ ដោយខ្លួនឯងកាលពីវេលាម៉ោង ៧ និង៤០ នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចស្ពានព្រះមុន្នីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ។
បុរសដែលគិតខ្លីនេះមានឈ្មោះ អ៊ុន រស្មី អាយុ ២០ឆ្នាំ រស់នៅផ្ទះជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានមុខរបរ ជាសន្តិសុខ VIP នៅក្រោយពេទ្យចិន តាមបណ្ដោយផ្លូវលេខ៣៦៨។ ឈ្មោះ អ៊ុន រស្មី បានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ដែលធ្វើការ នៅសៀមរាប ជានារីបម្រើស្រាបៀ ក្នុងហាងខារ៉ាអូខេមួយ។ ដោយការស្រឡាញ់ ចង់រៀបការជាមួយ នារីជាសង្សារម្នាក់នោះ ឈ្មោះ អ៊ុន រស្មី ក៏បានឲ្យឪពុកម្ដាយចូលស្ដីដណ្ដឹង។
តែឪពុកម្ដាយមានជីវភាពទីទ័លក្រ មិនមានលទ្ធភាពចូលស្ដីដណ្ដឹង ក៏បានបដិសេធ ធ្វើឲ្យឈ្មោះ អ៊ុន រស្មី តូចចិត្តក៏ទូរស័ព្ទទៅនារីជាសង្សារ ឲ្យមកយកតាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ដោយខ្លួនចាំនៅមុខវត្តសន្សំកុសល តែនាងមិនព្រមលើកទូរស័ព្ទសោះ ណាមួយម្ដាយមិនឲ្យចូលផ្ទះ ក៏ដាច់ចិត្តជិះម៉ូតូឌុប ទាំងគ្មាន លុយមួយរៀល មកលោតទឹកសម្លាប់ខ្លួនតែម្ដង ដោយបន្សល់ទុកនូវកាបូប ដែលមានខោអាវមួយកំប្លេ ទូរស័ព្ទ ២គ្រឿង កាបូបលុយ១ ដែលគ្មានលុយមួយរៀល។
គេសង្ស័យថាឈ្មោះ អ៊ុន រស្មី បានចាញ់បោកស្រីស្នេហ៍ ដោយសារតែខ្លួនមិនដែល ស្គាល់មុខនារីម្នាក់នោះទេ តែពេលបើកប្រាក់ខែម្ដងៗ នាងតែងតែទូរស័ព្ទ ឲ្យឈ្មោះ អ៊ុន រស្មី វេរលុយតាមវីង ទៅឲ្យនាង ហើយនៅពេលទៅដល់ផ្ទះ ម្ដាយចេះតែសួររឿងប្រាក់ខែ ១២០ដុល្លារក្នុង១ខែ បើកពីថ្ងៃល្ងាចទៅណាអស់រលីង។ ស្ត្រីជាម្ដាយបានបញ្ជាក់ ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ ចាញ់បោកនារីឈ្មោះ ដាវ៉ាន់ រស់នៅខេត្តសៀមរាប អាយុ ២៣ឆ្នាំ ហើយជានារីដែលកូនគាត់ មិនដែលធ្លាប់ស្គាល់មុខនោះទេ គឺស្គាល់គ្នាតែតាម រលកធាតុអាកាសប៉ុណ្ណោះ៕
Source from: watphnom-news.com