
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្អាង និងស្រុកកោះធំ ជាពិសេសអ្នកដំណើរ តាមផ្លូវជាតិលេខ២១B បានរអ៊ូរទាំនិងក្តៅក្រហាយ ចំពោះភាពអនាធិបតេយ្យ បង្កឡើងដោយក្រុមហ៊ុន ហង្ស ជារបស់លោកផ្កាយ២ ឡៅ តុងហានដែលបានប្រើប្រាស់ស្បែក យោធាអង្គរក្សរកស៊ី នាំចូលគ្រឿងសំណង់មកពីស្រុកយួន ផ្ទុកលើសទម្ងន់បំផ្លាញផ្លូវស្ពាន ដ៏ចាស់ទ្រុឌទ្រោម រំខានដល់ការរស់នៅនិងការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ គេមិនដែលឃើញ អភិបាលខេត្តកណ្តាល យកចិត្តទុកដាក់លុបបំបាត់បញ្ហានេះទេ រហូតដល់ប្រជាពលរដ្ឋមួយចំនួនបា នផ្ញើសារទៅកាន់លោក ផៃ ប៊ុនឈឿន ថា បើអាណិតប្រជារាស្ត្រ សូមមេត្តាពិនិត្យមើល ភាពអនាធិបតេយ្យដែលបង្កឡើង ដោយក្រុមហ៊ុនហង្ស របស់លោកផ្កាយ២ ឡៅ តុងហាន ឡើងវិញផង។
ប្រជាពលរដ្ឋបានលើកឡើងថា ក្រោយការផ្លាស់ប្តូរ អភិបាលខេត្តកណ្តាល អ្វីៗនៅតែដដែលជាពិសេសការយកផ្លូវសាធារណៈ ទៅសាងដឹកជញ្ជូនទំនិញ ហើយមានការផ្ទុកលើសទម្ងន់ ធ្វើឲ្យខូចខាតផ្លូវស្ពាន នៅតាមផ្លូវជាតិលេខ២១B គ្មានដំណោះស្រាយដដែល គឺលោកផ្កាយ២ ឡៅ តុង ហាននៅតែអាចធ្វើអ្វីៗ តាមទំនើងចិត្តមិនខ្វល់ពី ការលំបាករបស់ប្រជារាស្ត្រ ក្រីក្រទន់ខ្សោយនោះទេ។ អ្វីដែលប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និងស្រុកស្អាង បានរអ៊ូរទាំនិង ក្តៅក្រហាយបំផុតនោះ គឺការកកស្ទះចរាចរណ៍ និងការភ័យខ្លាចចំពោះកូនចៅ សាច់ញាតិ ដែលធ្វើដំណើរតាម ផ្លូវជាតិលេខ២១B ព្រោះរថយន្តរបស់ក្រុមហ៊ុន ហង្ស ដែលដឹកជញ្ជូនគ្រឿងសំណង់ គ្រប់ប្រភេទបើកលឿនៗ គ្មានក្រែងញញើតអ្នកដំណើរ តាមដងផ្លូវនោះទេ។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវជាតិលេខ២១B ត្រូវរងនូវការខូចខាត មានជង្ហុកធំៗ ពិបាកដល់ការធ្វើដំណើរខ្លាំងណាស់ ដោយសារតែការដឹកជញ្ជូន គ្រឿងសំណង់ផ្ទុកលើសទម្ងន់ របស់ក្រុមហ៊ុន ហង្ស ប៉ុន្តែគេមិនដែលឃើញ សមត្ថកិច្ចពាក់ព័ន្ធ មានវិធានការដើម្បី ទប់ស្កាត់បញ្ហានេះ ម្តងណាឡើយ។ មន្ត្រីតូចតាចមួយចំនួន បានបង្ហើបឲ្យដឹងថា រាល់ទំនិញជាប្រភេទ គ្រឿងសំណង់ របស់ក្រុមហ៊ុន ហង្ស គ្មាននរណាហ៊ានទៅក្បែរទេ ព្រោះសិទ្ធិអំណាច របស់លោកផ្កាយ២ ឡៅ តុង ហាន ធំណាស់ ហើយគេចាំបានថា អ្នកសារព័ត៌មានដែល ទៅថតរូបពាក់ព័ន្ធនឹងការលើកដាក់ សាងទំនិញលើផ្លូវសាធារណៈ និងការដឹកទំនិញផ្ទុកលើសទម្ងន់ ធ្លាប់ត្រូវបានលោកផ្កាយ២ ឡៅ តុង ហាន ឃាត់ខ្លួនធ្វើការគំរាមកំហែង តាមតែទំនើងចិត្ត ព្រោះកន្លងមកគ្មាននរណាហ៊ាន ប៉ះពាល់ឬធ្វើឲ្យគាត់ទើសចិត្ត នោះឡើយ។
កាលពីមុនសាឡង់ ដឹកគ្រឿងសំណង់មានដូចជា ស៊ីម៉ងត៍ ដែក ឥដ្ឋការ៉ូ ថ្នាំលាប គ្រប់ប្រភេទ របស់ក្រុមហ៊ុន ហង្ស បានចូលចតនៅផ្នែកខាងក្រោម នៃស្រុកស្អាង ហើយដឹកជញ្ជូន លើសទម្ងន់បំផ្លាញផ្លូវស្ពានប៉ុន្តែពេលនេះ លោកផ្កាយ២ ឡៅ តុងហាន បានជួលដីប្រជាពលរដ្ឋ នៅផ្នែកខាងលើ ដើម្បីឡើងសាឡង់ផ្ទេរទំនិញ កាន់តែបង្កភាព អនាធិបតេយ្យខ្លាំងបំផុត មិនដែលមានមន្ត្រី ឬសមត្ថកិច្ចទៅជួយរៀបចំសណ្តាប់ធ្នាប់អ្វីនោះទេ។ ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា ភាពអនាធិបតេយ្យ របស់ក្រុមហ៊ុន ហង្ស ដែលធ្វើឲ្យប្រជារាស្ត្រក្តៅក្រហាយ ក៏អាចជាផ្នែកមួយនាំឲ្យ គណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតយ៉ាងអាម៉ាស់មុខ នៅក្នុងខេត្តកណ្តាលផងដែរ ហើយបើបញ្ហានេះ នៅតែគ្មានដំណោះស្រាយ ច្បាស់ណាស់ដែលថា ការបោះឆ្នោតពេលក្រោយៗទៀត គណបក្សប្រជាជន នឹងគ្មានសំឡេងនោះទេ។
ប្រជាពលរដ្ឋសូមអំពាវនាវ ឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសលោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល មេត្តាពិនិត្យមើលភាព អនាធិបតេយ្យតាមដងផ្លូវ ដែលបង្កឡើងដោយក្រុមហ៊ុន ហង្ស របស់លោកផ្កាយ២ ឡៅ តុងហាន ឡើងវិញផង ប្រសិនបើអាណិតប្រជារាស្ត្រ។ មានការចំអកផងដែរថា ក្រុមហ៊ុន ហង្ស របស់លោកផ្កាយ២ ឡៅ តុងហាន បានដឹកជញ្ជូនគ្រឿងសំណង់ នាំចូលតាមច្រកជ្រៃធំ ដែលគេសង្ស័យថាបង់ពន្ធមិនគ្រប់ បំផ្លាញផ្លូវស្ពានតាមតែទំនើងចិត្ត ប៉ុន្តែរដ្ឋាភិបាលនិង ក្រសួងសាធារណការ ជាអ្នកចេញលុយ សម្រាប់ការជួសជុលផ្លូវ ស្ពាន យ៉ាងច្រើនសន្ធឹកសន្ធាប់។ អាចបញ្ជាក់បានថា ភាពអនាធិបតេយ្យតាមដងផ្លូវ ដែលបង្កឡើងដោយក្រុមហ៊ុន ហង្ស របស់លោកផ្កាយ២ ឡៅ តុងហាន មិនត្រឹមតែធ្វើឲ្យ ខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋនៅទូទាំង ស្រុកស្អាងនិងស្រុកកោះធំផងដែរ ៕
Source from: watphnom-news.com