
ឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចេញសេចក្ដី ប្រកាសអាសន្ន បន្ទាប់ពីមើលឃើញ កម្អែរផេះផុស ចេញកាន់តែខ្លាំងឡើង ពីមាត់ភ្នំភ្លើងស៊ីណាប៊ុង ដែលស្ថិតនៅក្នុង ខេត្តស៊ូម៉ាត្រា ដើម្បីឲ្យអ្នកភូមិរាប់ពាន់នាក់ ជម្លៀសទៅរកទីសុវត្ថិភាព។ អាជ្ញាធរបានឲ្យដឹងថា ភ្នំភ្លើងស៊ីណាប៊ុង បានផ្ទុះជាលើកទី៦ នៅវេលាម៉ោង ៨និង៣៨ នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា និងមានផ្សែងផុសចេញ កម្ពស់ជាង ១៥០០ម៉ែត្រ ហើយការផ្ទុះនេះ បានធ្វើប្រជាជន មានការភ័យខ្លាចយ៉ាងខ្លាំង។
លោក មេយើ ពូតុង ប្រធានក្រុមការងារជម្លៀស បាននិយាយប្រាប់ទីភ្នាក់ងារ ព័ត៌មានរ៉យទ័រថា ក្រុមរបស់លោកនៅបន្តជម្លៀស ប្រជាពលរដ្ឋចេញពី ផ្ទះសម្បែងរបស់ពួកគេ ដែលមកទល់នឹងពេលនេះប្រជាពលរដ្ឋជាង ១ម៉ឺននាក់ កំពុងស្នាក់នៅក្នុង ជម្រកបណ្ដោះអាសន្នជាង ២៥កន្លែង។ គួររំលឹកផងដែរថា ភ្នំភ្លើងស៊ីណាប៊ុង ស្ថិតនៅក្នុងចំណោម ភ្នំភ្លើងរស់ទាំង ១៣០ របស់ពិភពលោក ហើយវាមានសកម្មភាពឡើងវិញ កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ៕
Source from: watphnom-news.com