
ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា បង្កើតឡើងដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរួចមក "តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣" និងជារាជរដ្ឋាភិបាលដែលអះអាងថា នឹងធ្វើការ"កែទម្រង់ស៊ីជម្រៅ"នោះ អង្គភាពប្រឆាំងអំពើពុករលួយដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធាន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយបញ្ជាក់ថា អង្គភាពនេះបានរកឃើញការិយាល័យសង្គមកិច្ចស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ស៊ីដាច់ប្រាក់សោធននិវត្តន៍របស់និវត្តជនអតីតគ្រូបង្រៀន ក្លែងស្នាមមេដៃ ដើម្បីបើកយកប្រាក់សោធននិវត្តន៍ និងស៊ីដាច់ប្រាក់បំណាច់ជីវភាពចំនួន២ម៉ឺនរៀលក្នុង១ខែរបស់សម្តេចនាយករដ្ឋមន្ត្រីជូននិវត្តជនជាច្រើន ។
ដោយឡែក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមកថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លួនអនុប្រធានសាខាពន្ធដារខេត្តព្រះសីហនុម្នាក់ឈ្មោះ ភី រិទ្ធ នាវេលាម៉ោង១៩យប់ ពាក់ព័ន្ធនឹងបទល្មើសយកថ្លៃសេវាពន្ធដារលើសពីការកំណត់របស់រដ្ឋ ។ មិនតែប៉ុណ្ណោះ នៅថ្ងៃដដែលនេះ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការចាប់ឃាត់ខ្លួនមន្ត្រីអគ្គិសនីខេត្តមណ្ឌលគីរីចំនួន២នាក់ទៀត មានឈ្មោះ សួត សារឹម ភេទប្រុស ទទួលបន្ទុកផ្នែកអាជីវកម្ម និងឈ្មោះ នី សុពណ៌ ភេទស្រី ទទួលបន្ទុកជាបេឡា រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ និងកិបកេងថវិកាក្រុមហ៊ុនអគ្គិសនីកម្ពុជាចំនួនជាង៤០០លានរៀល ។
តាមការកត់សម្គាល់នាពេលកន្លងមក បានបង្ហាញឲ្យឃើញថា ជនសង្ស័យភាគច្រើនដែលមានឋានៈតូចតាចល្មមៗ ពាក់ព័ន្ធនឹងអំពើពុករលួយដែលត្រូវឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ គឺតែងតែត្រូវបានឃុំខ្លួនដាក់ពន្ធនាគារដោយតុលាការ តែត្រង់ការឃុំខ្លួននោះមានរយៈពេលយូរ ឬក៏ឆាប់ ស្រេចលើស្ថាប័នតុលាការ ដែលមានប្រព័ន្ធតែមួយប្រទាក់ក្រឡានឹងអង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសសាលាដំបូងរាជធានីភ្នំពេញ ដែលមានឯកឧត្តម បណ្ឌិត ជីវ កេង ជាប្រធានសាលាដំបូង និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ រីឯអង្គភាពប្រឆាំងអំពើពុករលួយត្រូវចប់ភារកិច្ចរបស់ខ្លួន ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គម និងអ្នកលេងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានលើកឡើងថា ក្រោមសិល្បៈនៃការចែករំលែក ដែលជាអនុសាសន៍ ជាទម្លាប់ និងជាទ្រឹស្តីបទដ៏ពេញនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរសខ្លាំង គឺមន្ត្រីថ្នាក់ក្រោមអាចហ៊ានប្រព្រឹត្តអំពើពុករលួយក៏ដោយសាររកលុយជូនថ្នាក់លើ ជូនគណបក្សប្រជាជនកម្ពុជា ជូនកាកបាទក្រហមកម្ពុជា ហើយក៏ទទួលបានការគាំពារពីថ្នាក់លើមកវិញ ។ ដូច្នេះ មន្ត្រីនៅថ្នាក់លើទៅវិញទេដែលប្រព្រឹត្តអំពើពុករលួយក្នុងកម្រិតខ្ពស់ ដោយមានមន្ត្រីជំនិតថ្នាក់ក្រោមអនុវត្តន៍ជំនួស ខណៈដែលអង្គភាពប្រឆាំងអំពើពុករលួយអង្កេតស្រាវជ្រាវរកឃើញអំពើពុករលួយបានត្រឹមនៅកម្រិតថ្នាក់ក្រោមតូចតាច កំប៉ិកកំប៉ុកប៉ុណ្ណោះ ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានឋានៈស្មើទេសរដ្ឋមន្ត្រី និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាស្វ័យប្រវត្តិ ។ ដូច្នេះ នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ប្រសិនបើនាយករដ្ឋមន្ត្រី ឬឧបនាយករដ្ឋមន្ត្រី ប្រព្រឹត្តអំពើពុករលួយវិញនោះ គឺប្រាកដណាស់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី នឹងមិនហ៊ានចាត់ការឡើយ ហើយជាមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សនយោបាយជាមួយគ្នាថែមទៀត បូករួមនឹងមាត្រា៤១នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងអំពីការផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ៦ខែ និងពិន័យជាប្រាក់ពី១០០.០០០រៀលទៅ១.០០០.០០០រៀល ទៅលើអ្នកដែលចេញមុខប្តឹងបរិហារអំពីអំពើពុករលួយ ប្រសិនបើការប្តឹងនោះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឬតុលាការរកឃើញថា ស្រាវជ្រាវទៅឥតប្រយោជន៍ ។
សំខាន់ជាងនេះទៀត គឺឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មានឋានៈជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា មិនមែនជាមន្ត្រីតំណាងឲ្យមនុស្សឯករាជ្យពិតប្រាកដនោះទេ ។
បច្ចុប្បន្ននេះ អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជា មានសមាសភាពចំនួន៥រូប គឺ ៖ ១-ឯកឧត្តម ឱម យ៉ិនទៀង ជាប្រធាន, ២-ឯកឧត្តម ស៊ាន បូរ៉ាត ជាអនុប្រធាន, ៣-ឯកឧត្តម ឆាយ សាវុធ ជាអនុប្រធាន, ៤-ឯកឧត្តម នួន បូផល ជាអនុប្រធាន និង៥-ឯកឧត្តម ឃាង សេង ជាអនុប្រធាន ៕
Source from: www.dtn7.com