
បុរសម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណបានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីរថយន្ត១គ្រឿងដឹកស្រាអាឡិចហ្សង់វីស្គី បុកពីក្រោយពេញទំហឹង និងកិនពីលើ នាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ នៅចំណុចផ្លូវវាងខេត្ត ក្នុងភូមិប្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចនគរបាលក្រុងដូនកែវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានជិះម៉ូតូម៉ាក Honda Dream C125 ពាក់ស្លាកលេខភ្នំពេញ1AV-5214 រីឯរថយន្តបង្កម៉ាក Hyundai ចំណុះ២តោនកន្លះ ពាក់ស្លាកលេខកំពត3A-0261 បើកបរដោយបុរសឈ្មោះ ទូច សុខា អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃមួង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបង្កបើកបុកពីក្រោយរួចកិនពីលើបន្ថែមនោះ បានបើកបរស្របទិសគ្នាជាមួយរថយន្តពិលិចទៅកើត ស្រាប់តែជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។ ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែអកុសលក៏បានស្លាប់បាត់បង់ជីវិត ដោយសាររបួសធ្ងន់ធ្ងរពេក។ ដោយឡែកអ្នកបើកបររថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភា្លមៗដែរ។ បច្ចុប្បន្នរថយន្តបង្ក និងអ្នកបើកបរត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តនីតិវិធីនៃច្បាប់៕
Source from: www.dtn7.com