
ខេត្តព្រះសីហនុ ៖ ចាប់តាំងពីពេលដែលមានការ បែកធ្លាយភាពមិនប្រក្រតី ពាក់ព័ន្ធបញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល ដែលគេសង្ស័យថា មន្ត្រីអគ្គិសនីមួយចំនួនឆ្លៀតឱកាស ប្រព្រឹត្តអំពើពុករលួយយកប្រាក់បំណុល របស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅច្រកហោប៉ៅ ឬបម្រើការសប្បាយផ្ទាល់ខ្លួន គឺទាមទារឲ្យអង្គភាពសវនកម្ម ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ចុះមកស្រាវជ្រាវស៊ើបអង្កេត ប្រាក់បំណុលទាំងនេះឲ្យបានស៊ីជម្រៅ ដើម្បីវែកមុខមន្ត្រីខិលខូចពុករលួយ និងអ្នកជំពាក់បំណុលរដ្ឋរាប់រយលានរៀល ទៅផ្តន្ទាទោសតាមច្បាប់។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបើកកិច្ចប្រជុំមន្ត្រីសំខាន់ៗ ពាក់ព័ន្ធនឹងបញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល ក្នុងអង្គភាពអគ្គិសនីខេត្តព្រះសីហនុ ដែលគេដាក់ការសង្ស័យថា លោក គី វុឌ្ឍី ជាអនុប្រធានអគ្គិសនីខេត្តព្រះសីហនុ និងជាប្រធានផ្នែកអាជីវកម្ម បានឃុបឃិតជាមួយម្ចាស់ទីតាំងអាជីវកម្មមួយចំនួន ដែលមិនបានបង់ថ្លៃជាវអគ្គិសនី តាមរយៈការទាញយកប្រាក់ទឹកតែ ឬផលប្រយោជន៍ពីម្ចាស់ទីតាំងអាជីវកម្ម ដែលជំពាក់បំណុលរដ្ឋទាំងនោះ យកមកច្រកហោប៉ៅ ឬបម្រើការសប្បាយផ្ទាល់ខ្លួន។ ក្រោយពេលបែកធ្លាយរឿងបំណុលជាសាធារណៈ គេសង្កេតឃើញមានបញ្ហាចម្រូងចម្រាសជាច្រើន ក្នុងចំណោមអាជីវករ និងម្ចាស់ទីតាំងអាជីវកម្មធំៗ ដែលបានជំពាក់បំណុលអគ្គិសនី ព្រោះពួកគេមិនមានលទ្ធភាព រកប្រាក់ទៅសងបំណុលបានទេ ខណៈដែលអគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងឲ្យអ្នកជំពាក់បំណុល យកលុយមកបង់ក្នុងរយៈពេល ១សប្តាហ៍ ។
ប្រជាពលរដ្ឋនិងម្ចាស់បំណុលមួយចំនួន បានរិះគន់លើចំណាត់ការរបស់ មន្ត្រីអគ្គិសនីខេត្តព្រះសីហនុ ដែលធ្វើអ្វីៗគ្មានគោលការណ៍ច្បាស់លាស់ ជាពិសេសបញ្ហាដែលលោក គី វុឌ្ឍី ឃុបឃិតឲ្យម្ចាស់ទីតាំងធំៗ ជំពាក់បំណុលអគ្គិសនី ដល់ទៅរាប់រយលានរៀល ក្នុងមួយកន្លែងៗ គឺជារឿងមិនប្រក្រតីដែលគួរតែស៊ើបអង្កេត ព្រោះជាគោលការណ៍ ម្ចាស់ទីតាំងអាជីវកម្មត្រូវបង់ប្រាក់តម្កល់ ហើយបើមិនបង់ថ្លៃជាវអគ្គិសនី តែ១ខែឬ២ខែ ចំនួនប្រហាក់ប្រហែលនឹងប្រាក់ដែលបានដាក់តម្កល់ អគ្គិសនីត្រូវតែចាត់វិធានការ កាត់ផ្តាច់ភ្លើងមិនឲ្យម្ចាស់ទីតាំងអាជីវកម្មទាំងនោះប្រើប្រាស់ទៀតទេ ដើម្បីដាក់សម្ពាធឲ្យម្ចាស់ទីតាំងអាជីវកម្មទាំងនោះ ចូលខ្លួនទៅជម្រះបំណុល ជាមួយអង្គភាពអគ្គិសនី តាមនីតិវិធី ដូច្នេះពាក់ព័ន្ធនឹងបញ្ហាប្រាក់បំណុលរាប់ពាន់លានរៀល ដែលបែកធ្លាយជាសាធារណៈនៅពេលនេះ គេដឹងថាលោក គី វុឌ្ឍី ជាអ្នកទទួលខុសត្រូវធំជាងគេផងដែរ។
ប្រជាពលរដ្ឋបានរិះគន់ទៅលើលោក គី វុឌ្ឍី និងអតីតប្រធានអគ្គិសនីខេត្តព្រះសីហនុ ដែលទើបតែផ្លាស់ទៅបម្រើការងារ នៅខេត្តកំពង់ចាម បានឆ្លៀតយកផលចំណេញ ពីការឃុបឃិតឲ្យម្ចាស់ទីតាំងអាជីវកម្មធំៗ ជំពាក់បំណុលរាប់រយលានរៀល។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធម្មតា គ្រាន់តែជំពាក់ថ្លៃភ្លើងតែ ៥ម៉ឺនរៀល ឬទៅបង់លុយមិនទាន់យឺតយ៉ាវតែ ២ឬ៣ថ្ងៃ បើទោះបីជាពួកគេមានប្រាក់តម្កល់ ច្រើនជាងថ្លៃជំពាក់ដល់ទៅ៥ដងក៏ដោយ ក៏មន្ត្រីអគ្គិសនីបានចុះមកកាត់ភ្លើង មិនឲ្យពួកគាត់ប្រើប្រាស់នោះទេ ហើយដើម្បីភ្ជាប់ចរន្តឡើងវិញត្រូវចំណាយលុយឲ្យ ផ្នែកបណ្តាញច្រើនសន្ធឹកសន្ធាប់ ហើយគេយល់ថា លោក គី វុឌ្ឍី ដែលទទួលបានផលប្រយោជន៍ យ៉ាងច្រើនក្រាស់ក្រែល ពីការឃុបឃិតឲ្យម្ចាស់ទីតាំងអាជីវកម្មធំៗ ជំពាក់បំណុលរដ្ឋរាប់រយលានរៀល ក៏កំពុងដេកយល់សប្តិមិនល្អផងដែរ។
ផ្ទុយពីនេះស្រឡះ មន្ត្រីអគ្គិសនីខេត្តព្រះសីហនុ ជាពិសេសលោក គី វុឌ្ឍី បែរជាយោគយល់ចំពោះ ម្ចាស់ទីតាំងធ្វើអាជីវកម្មធំៗ បណ្តែតបណ្តោយឲ្យមានការជំពាក់បំណុលរដ្ឋ ដល់ទៅរាប់រយលានរៀល តាមរយៈការរៀបចំឲ្យមានកិច្ចសន្យា បង់ប្រាក់ជំពាក់រំលស់ប្រចាំខែ ហើយកិច្ចសន្យានោះ ក៏មានការទទួលស្គាល់និងឯកភាពពីលោក ឈឹម សឿន ដែលជាប្រធានអគ្គិសនី ទើបឡើងថ្មីផងដែរ។ ប៉ុន្តែគួរឲ្យសោកស្តាយបំផុត នៅពេលដែលលោក គី វុឌ្ឍី បានសម្រេចនិរាករណ៍កិច្ចសន្យា បង់រំលស់ទាំងនោះ ដោយយោងលើអនុសាសន៍តាមទូរស័ព្ទ ពីប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រង់ចំណុចនេះនាំឲ្យម្ចាស់បំណុលជាច្រើន លើកជាចម្ងល់ថា តើហត្ថលេខា ឬការឯកភាពរបស់លោក ឈឹម សឿន ជាហត្ថលេខាខ្យល់ ឯសេចក្តីជូនដំណឹងរបស់លោក គី វុឌ្ឍី មានតម្លៃសម្រាប់អនុវត្តន៍ឬក៏យ៉ាងណា?
មានពេលខ្លះប្រជាពលរដ្ឋបានលើកឡើងថា លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម សូមមេត្តាត្រួតពិនិត្យមើលភាពមិនប្រក្រតី ដែលកំពុងកើតមានក្នុងអង្គភាព អគ្គិសនីខេត្តព្រះសីហនុផង និងចាត់វិធានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពីបញ្ហាដែលលោក គី វុឌ្ឍី ឃុបឃិតឲ្យម្ចាស់ទីតាំងសំខាន់ៗ ជំពាក់បំណុលរដ្ឋរាប់រយលានរៀល។ ហើយការបង្ខំឲ្យម្ចាស់បំណុលចូលខ្លួន ទៅបង់លុយក្នុងរយៈពេល ១សប្តាហ៍ ខណៈដែលម្ចាស់បំណុលបានធ្វើកិច្ចសន្យាបង់រំលស់ ដោយមានឯកភាពពីប្រធានអគ្គិសនីខេត្តព្រះសីហនុ រួចទៅហើយនោះ គឺជារឿងចម្រូងចម្រាសកាន់តែខ្លាំងឡើង។ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីទាំងនេះ ក្រុមអ្នកសារព័ត៌មានបានដាក់ពាក្យ ស្នើសុំការស្រាយបំភ្លឺពីលោក ឈឹម សឿន ជាប្រធានអង្គភាពអគ្គិសនីខេត្តព្រះសីហនុ ប៉ុន្តែគាត់បែរជាគេចវេះ តម្រូវឲ្យដាក់សំណួរជាលាយលក្ខណ៍អក្សរ ហើយក្រោយមកក៏ស្ងាត់ឈឹងដូចចោរលួចសេះ៕
Source from: watphnom-news.com