
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលតូចចិត្ត នឹងជំងឺប្រចាំកាយ ព្យាបាលមិនជាសះស្បើយ ហើយដោយសារមានជីវភាព ក្រលំបាកបានសម្រេចចិត្ត យកក្រមាចងកសម្លាប់ខ្លួន នៅក្នុងកូនខ្ទមកំសត់ ស្លាប់ចោលប្រពន្ធនិងកូនតូចៗ កាលពីវេលាម៉ោង ១៥រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចវាលព្រិចភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង នាំឲ្យអ្នកភូមិមានក្តី អាណិតអាសូរគ្រប់ៗគ្នា។
បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ ង៉ុយ តារា អាយុ ៤១ឆ្នាំមានជំងឺងងឹតភ្នែក និងសសៃប្រសាទ មានប្រពន្ធឈ្មោះវ៉ាន់ ឆវី អាយុ ៥៣ឆ្នាំមានកូន ៣នាក់ស្រីម្នាក់ រស់នៅក្នុង ខ្ទមដ៏កំសត់ ក្នុងភូមិកើតហេតុ ដោយជនរងគ្រោះបានយកក្រមាចង.ក ភ្ជាប់ជាមួយមេដំបូលកណ្តាលខ្ទម ដំបូលស្បូវមានកម្ពស់ពីដី ២,២០ ម៉ែត្រហើយរោងខ្ទមមានទំហំ ៣ម៉ែត្រគុណ៣ ម៉ែត្រមិនមានជញ្ជាំងត្រឹមត្រូវទេ។ គ្រួសារជនរងគ្រោះ មានជីវភាពទីទាល់ក្របំផុត ហើយជនរងគ្រោះមានជំងឺសសៃប្រសាទ និងថ្មីនេះមានជម្ងឺងងឹតភ្នែក ហើយបាននាំទៅឲ្យ អង្គការជួយព្យាបាលផងដែរ តែមិនបានធូរស្បើយឡើយ។
ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ក្រោយពីហូបបាយថ្ងៃត្រង់ កូនៗបានរត់លេងទៅផ្ទះ អ្នកជិតខាងហើយខ្លួនជាប្រពន្ធ ក៏ដើរទៅផ្ទះបងប្អូន លុះដល់ម៉ោង ៣រសៀលម្តាយក្មេក និងអ្នកជិតខាងបានស្រែកប្រាប់ថា ឈ្មោះ ង៉ុយ តារា ជាប្តីបានចងកសម្លាប់ខ្លួននៅក្នុងខ្ទម គាត់ក៏ស្ទុះមកមើល និងរាយការណ៍ជូនសមត្ថកិច្ច។ មន្ត្រីកោសល្យវិច័យ បច្ចេកទេសស្រុករតនៈមណ្ឌល បានបញ្ជាក់ថា ក្រោយសមត្ថកិច្ចពិនិត្យសាកសពរួចរាល់ ឃើញថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួន នឹងមេដំបូលផ្ទះ ដោយខ្លួនឯងពិតប្រាកដមែន។ សពជនរងគ្រោះត្រូវបាន ប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណីហើយ៕
Source from: watphnom-news.com