ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលទើបតែ រៀបការបាន ២ថ្ងៃ បានទៅផឹកស្រាស្រវឹងជោកជាំ បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅធ្លាក់ជង្ហុក រេចង្កូតបុកក្បាលស្ពាន យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុច ស្ពានច្រាប មុខហាងផេងគង់ ស្ថិតនៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបណ្ដាលឲ្យរងរបួសជាទម្ងន់ ។
ជនរងគ្រោះឈ្មោះ ខាត់ វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកកាមរី ពណ៌ស ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខបន្ទាយមានជ័យ 2A 1278 ។ មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ បើករថយន្តតែម្នាក់ឯង ក្នុងទិសដៅពីត្បូង ទៅជើងយ៉ាងលឿន ធ្លាក់ជង្ហុកហើយក៏រេចង្កូតទៅ ខាងស្តាំដៃជ្រុលទៅបុកនឹងក្បាលស្ពានថ្ម ពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះ រងរបួសសន្លប់បាត់ស្មារតី នៅក្នុងរថយន្ត។
ប្រជាពលរដ្ឋបានបើកទ្វាររថយន្ត ទាញជនរងគ្រោះចេញក្រៅ ហើយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន ដើម្បីសង្គ្រោះដល់អាយុជីវិត។ ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់ធ្វើដំណើរ ចេញពីផ្ទះម្តាយក្មេក នៅឃុំភ្នំតូច ក្នុងគោលបំណងទៅផ្ទះម្តាយបង្កើត នៅក្រុងសិរីសោភ័ណ ដោយសារពួកគេ ទើបតែរៀបការបានពីរថ្ងៃ មានការឈ្លោះប្រកែកគ្នា។ ដោយទំនងជាខឹងប្រពន្ធផង ជនរងគ្រោះបានផឹកស្រា ហើយឡើងបើករថយន្ត ទាំងស្រវឹងក្នុងល្បឿនលឿន ទើបបណ្ដាលឲ្យ ជួបគ្រោះថ្នាក់តែម្តង៕
Source from: watphnom-news.com