
ខេត្តកណ្តាល ៖ រថយន្តដឹកចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី បានបោលបុកគ្នាយ៉ាងពេញទំហឹង ជាមួយរថយន្តដឹកកម្មករ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងមនុស្សជិត ៣០នាក់ ផ្សេងទៀតបានរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៤០ នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ស ១គ្រឿង អត់ស្គាល់ស្លាកលេខ ដឹកកម្មកររោងចក្រ ចេញពីម្តុំសួនកាណាឌីយ៉ា ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅយកកម្មករ មួយចំនួនទៀត នៅជិតរោងចក្រសាព្រីណា ក្នុងភូមិក្តីល្វា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លុះមកដល់ចំណុចកើតហេតុ រថយន្តដឹកកម្មករមួយនេះ បានបុកយ៉ាងពេញទំហឹង ជាមួយរថយន្តកូរ៉េ ដឹកចំណីសត្វ របស់ក្រុមហ៊ុនស៊ីភី ចំណុះ៥តោន បណ្តាលឲ្យកម្មករម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកកម្មកជិត ៣០នាក់ ទៀតរងរបួសធ្ងន់ ឯរថយន្តទាំងពីរ រងការខូចខាតខ្ទេចទាំងសងខាង។ ចំណែកអ្នកបើកបររថយន្ត របស់ក្រុមហ៊ុនស៊ីភី រងរបួសស្រាល រត់គេចខ្លួនបាត់ស្រមោលតែម្តង៕
Source from: watphnom-news.com