
អ្នកណាក៏ដឹងដែរថា ឯកឧត្តមហ៊ុន ណេង អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ត្រូវជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែ បន្ទាប់ពីបានមើលបញ្ជីឈ្មោះ បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៥ តាមលំដាប់អាយុពីខ្ពស់មកទាបតាក់តែងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលមានចំនួន១២៣រូបនោះ គឺបានបង្ហាញថា ឯកឧត្តមហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មានអាយុ៦២ឆ្នាំ និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល មានអាយុ៦២ឆ្នាំដែរ ធ្វើឲ្យប្រិយមិត្តអ្នកលេងFacebook នាំគ្នាចាប់អារម្មណ៍ថា ឯកឧត្តមហ៊ុន ណេង ដែលជាបងប្រុសសឹងមានអាយុដំណាលគ្នា ជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាប្អូន ។
ក្នុងការឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រនីតិកាលទី៥កន្លងមក ឯកឧត្តមហ៊ុន ណេង ដាក់ថ្ងៃខែឆ្នាំកំណើត គឺថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៥០ រីឯសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដាក់ថ្ងៃខែឆ្នាំកំណើត គឺថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ។ មានន័យថា បើគិតត្រឹមថ្ងៃជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនីតិកាលទី៥ គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រហស្សនាមថា«បុរសខ្លាំង» និងឯកឧត្តមហ៊ុន ណេង ត្រូវជាបងប្រុសមានអាយុ៦២ឆ្នាំដូចគ្នា ។ ប៉ុន្តែ បើគណនា ជាក់ស្តែង គឺបុរសខ្លាំងមានអាយុប្អូនឯកឧត្តមហ៊ុន ណេង ត្រឹមរយៈពេល៥ខែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។
សៀវភៅ«Hun Sen Strongman of Cambodia» សរសេរដោយលោក Harish C.Mehta និងលោកស្រីJulie B.Mehta ជាជនជាតិឥណ្ឌា ពីរនាក់ប្តីប្រពន្ធ ដែលគាំទ្រដោយបុរសខ្លាំងផងនោះ បានបញ្ជាក់ថា ឯកឧត្តមហ៊ុន ណេង កើតនៅឆ្នាំ១៩៤៩ ជាបងប្រុសនិងជាសម្ព័ន្ធមិត្តនយោបាយជាបុរសខ្លាំង ។
យោងតាមការសរសេរបោះពុម្ពក្នុងសៀវភៅ « Hun Sen Strongman of Cambodia» និងការប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតរបស់ឯកឧត្តមហ៊ុន ណេង នោះ គឺអាចឲ្យគេសន្និដ្ឋានបានថា ឯកឧត្តមហ៊ុន ណេង បានលួចកែអាយុពន្យារកំណើតដើម្បីគេចវេះ ពីការចូលនិវត្តន៍កាលនៅធ្វើជាអតីតចៅហ្វាយខេត្តអស់រយៈពេលជិត៣០ឆ្នាំកន្លងមក ។
មានភាពរសេមរសាមខ្លាំងណាស់ទាក់ទងនឹងការដាក់ឲ្យចូលនិវត្តន៍របស់ឯកឧត្តមជាចៅហ្វាយខេត្តមួយចំនួននាពេលកន្លងមក ឧទាហរណ៍ដូចជា ឯកឧត្តមហ៊ុន ណេង ឧត្តមមន្ត្រីថ្នាក់លេខ១ ជាអតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ត្រូវបានឯកឧត្តមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាយការណ៍ជូនសម្តេចនាយករដ្ឋមន្ត្រីតាមលិខិតចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៩ថា ត្រូវចូលនិវត្តន៍នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសុំឲ្យនៅបន្តបម្រើការងារក្នុងក្របខ័ណ្ឌមុខងារសាធារណៈតទៅទៀត និងបន្ទាប់មកយោងតាមព្រះរាជក្រឹត្យលេខនស/រកត/០៤១៣/៣៤១ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ បានបញ្ជាក់ថា ឯកឧត្តមហ៊ុន ណេង ចូលនិវត្តន៍នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ទៅវិញ ។
នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឯកឧត្តមហ៊ុន ណេង បានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ពេញសិទ្ធិ លំដាប់លេខរៀងទី៣ នៅមណ្ឌលខេត្តកំពង់ចាម បន្ទាប់ពីបានចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈរួចហើយៗក៏បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ចាម និងត្រូវបានតែងតាំងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេតបោសសំអាតនិងមុខងារសាធារណៈរបស់រដ្ឋសភា នីតិកាលទី៥ ។
សរុបសេចក្តីមក ដោយសារតែការកែអាយុពន្យារកំណើតចុះឡើងៗរួចមកនាំឲ្យបុរសខ្លាំងមានអាយុប្អូនឯកឧត្តមហ៊ុន ណេង ត្រឹមប្រមាណ៥ខែប៉ុណ្ណោះ ។ ដូច្នេះ តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ នៅពេលដែលបងនិងប្អូនបង្កើតមានអាយុខុសគ្នាត្រឹមចំនួន៥ខែ ? ៕
Source from: www.dtn7.com
No comments:
Post a Comment