បណ្តាខេត្តមួយចំនួន នឹងចុះត្រជាក់ខ្លាំងដល់កម្រិត ១២អង្សាសេ មិនធ្លាប់មានពីមុនមក

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស ឱ្យសាធារណជនទូទៅ ប្រុងប្រយ័ត្នពីបញ្ហាសុខភាព ឬត្រៀមសម្ភារការពារទប់ទល់ នឹងសីតុណ្ហភាព ចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២៦ ខែធ្នូ រហូតដល់ ពាក់កណ្ដាលខែមករាឆ្នាំ២០១៤ ដែលមានឥទ្ធិពលខ្លាំង ជាងពេលមុននិងគ្របដណ្ដប់ ស្ទើរ ទូទាំងប្រទេស ពិសេសបណ្តាខេត្ដ នៅតំបន់ជាប់ជួរភ្នំនិងខ្ពង់រាប ។
យោងតាមសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពសីតុណ្ហភាព របស់ក្រសួងធនធាន ទឹកនិងឧតុនិយមបានបង្ហាញថា អាកាសធាតុដែលនឹង ចុះត្រជាក់ជាថ្មីនេះ គឺត្រជាក់ខ្លាំងជាង ប៉ុន្មានសបា្ដហ៍កន្លងទៅនេះ ។ ខេត្ដដែលមានអាកាសធាតុ ចុះត្រជាក់ខ្លាំងនៅភាគខាងជើងប្រទេស រួមមាន ខេត្ដមណ្ឌលគិរី ខេត្ដពោធិ៍សាត់ និងខេត្ដព្រះវិហារ ដោយសីតុណ្ហភាព នឹងចុះដល់កម្រិត ១២អង្សាសេ ។ សេចក្ដីប្រកាសក៏បានឱ្យដឹងដែរថា អាកាសធាតុចុះត្រជាក់ នាពេលខាងមុខ ក៏នឹងនាំមកជាមួយនូវផ្សែងអ័ព្ទ ឬចុះអ័ព្ទខ្លាំងនៅពេលព្រឹក និងមានខ្យល់បក់ខ្លាំង ។
ក្រសួងធនធានទឹកបានឱ្យដឹងបន្ថែមថា សីតុណ្ហភាពចុះត្រជាក់ខ្លាំង នឹងអូសបន្លាយយូរថ្ងៃ នៅកម្ពុជាក្នុងឆ្នាំនេះ ដែលមិនធ្លាប់មានពីមុនមកទេ ។ សីតុណ្ហភាពចុះត្រជាក់ខ្លាំងនេះ សម្រាប់មនុស្សមានវ័យចំណាស់ និងកូនក្មេងរស់នៅ តាមខេត្ដមួយចំនួន ពិបាកទ្រាំនឹងអាកាសធាតុនេះ ។ មានការព្រួយបារម្ភថា បើសិនកម្រិតសីតុណ្ហភាព បន្ដចុះត្រជាក់ខ្លាំង នឹងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចកើតជំងឺ ផ្ដាសាយឬជំងឺផ្សេងៗ។ បញ្ហានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យត្រៀមនូវសម្លៀកបំពាក់ សម្រាប់ទប់ទល់ ឬការពារភាពរងារ តទល់នឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំង ដែលមិនធ្លាប់មានពីមុនមក៕
Source from: watphnom-news.com
No comments:
Post a Comment