បើកឡានធ្លាក់ផ្លូវជ្រុលទៅបុកដើមអម្ពិល ខ្ទាតម៉ាស៊ីនចេញក្រៅ ស្លាប់និងរបួស ៤នាក់

រាជធានីភ្នំពេញ ៖ ដោយសារការធ្វេសប្រហែស បុរសម្នាក់បានបើក រថយន្តធ្លាក់ផ្លូវ ហើយជ្រុលទៅបុក ដើមអម្ពិលដ៏ធំមួយដើម ធ្វើឲ្យម៉ាស៊ីនខ្ទាតចេញ ពីតួរថយន្តជាច្រើនម៉ែត្រ បណ្តាលឲ្យបុរស ២នាក់ កៀបស្លាប់នៅក្នុងកាប៊ីន និងបុរស២នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីម៉ោង ៦ល្ងាច ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះរួមមាន ឈ្មោះ ជា ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់ ជាអ្នកបើកបររថយន្ត និងអ្នករួមដំណើរ ក្នុងរថយន្តមាន ឈ្មោះ វណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិក្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្លាប់នៅនឹងកន្លែង ឈ្មោះ មិន សារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស្រុកសំរោងទង បានស្លាប់នៅនឹងកន្លែង និងឈ្មោះ ជា លីដេត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង បានរងរបួសធ្ងន់។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៤នាក់ បានជិះនៅក្នុងរថយន្ត ម៉ាកសាំយ៉ុង ១២កៅអី ពណ៌ខៀវ គ្មានពាក់ស្លាលេខ បើកតាមបណ្តោយ ផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ។ លុះបើកមកដល់ ចំណុចកើតហេតុ ពុំដឹងជាមានរឿងអ្វី ស្រាប់តែរថយន្ត បានរេចង្កូតទៅខាងស្តាំដៃ ធ្លាក់ផ្លូវទៅបុកដើមអម្ពិល ដ៏ធំមួយដើម ធ្វើឲ្យកាប៊ីនរថយន្តរួចចូលគ្នា បណ្តាលឲ្យម៉ាស៊ីនរថយន្តប៉ើងខ្ទាតចេញពី រថយន្តជាច្រើនម៉ែត្រ៕
Source from: watphnom-news.com
No comments:
Post a Comment