អាងអំណាចឪពុកធ្វើការធំនៅក្រសួងមហាផ្ទៃ បង្កជម្លោះវាយតប់គ្នា គ្រាន់តែរឿងសំឡឹងមុខ

រាជធានីភ្នំពេញ ៖ គ្រាន់តែរឿងជិះម៉ូតូមើលមុខគ្នា ក្មេងស្ទាវ ២ក្រុមដែលអាង អំណាចឪពុកធ្វើការធំ នៅក្រសួងមហាផ្ទៃ ឌឺដងដាក់គ្នាក្លាយទៅជាជម្លោះ រហូតដល់ដេញវាយកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណកោះពេជ្រកាលពីវេលាម៉ោង ៨និង១០ នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បណ្ដាលឱ្យរងរបួសធ្ងន់២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ២នាក់និងបានរត់គេចខ្លួនម្នាក់ ។
មុនពេលកើតហេតុក្មេងស្ទាវ ២នាក់ដែលម្នាក់ អះអាងថា ឪពុករបស់គេជាមន្ដ្រីនគរបាល មានឋានៈខ្ពស់នៅក្រសួងមហាផ្ទៃ បានជិះម៉ូតូចូលទៅផឹកស៊ី នៅកោះពេជ្រ ហើយក្រោយពីផឹកស៊ីស្រវឹងរួចមក ក្មេងស្ទាវទាំងពីរក្រុម គ្រាន់តែមើលមុខគ្នា បង្កទៅជាជម្លោះឌឺដង រហូតដល់ដេញវាយគ្នា។ ប៉ុន្ដែដោយសារភាគីម្ខាងទៀតមានគ្នា ៣នាក់ ទើបព្រួតវាយជន ដែលអាងអំណាចទាំង ២នាក់វិញ បណ្ដាលឱ្យរងរបួសធ្ងន់ ខ្លះពកក្បាល ខ្លះហើមដៃ ហើយក្មេងស្ទាវក្នុងក្រុម ៣នាក់បានរត់គេចខ្លួនម្នាក់ ពេលសមត្ថកិច្ចចុះទៅឃាត់ខ្លួន។
យុវជនដែលឃាត់ខ្លួនបានទាំង ៤នាក់នេះ រួមមានទី១-ឈ្មោះ ពេជ្រ ឫទ្ធី អាយុ ១៩ឆ្នាំ ទី២-ឈ្មោះ គង់ សុវណ្ណដា អាយុ ១៩ឆ្នាំ, ទី៣-ឈ្មោះ ណយ សុភារម្យ អាយុ ១៨ឆ្នាំ និងទី៤-ឈ្មោះ គួច គីមឃាង អាយុ ១៨ឆ្នាំ ទាំង៤ នាក់នេះមិនត្រូវបានស្គាល់ អាសយដ្ឋានច្បាស់លាស់ទេ ដោយសារមានការ អន្ដរាគមន៍ពីឪពុកម្ដាយ ក៏ត្រូវសមត្ថកិច្ចដោះលែង ឱ្យមានសេរីភាពវិញ។ នគរបាល ខណ្ឌចំការមន ហាក់ខ្លាចឥទ្ធិពល យុវជនទាំងនោះ នៅពេលដែលពួកគេ ប្រាប់ឈ្មោះឪពុកដែលមានតួនាទីធំ នៅក្រសួងមហាផ្ទៃ ៕
Source from: watphnom-news.com
No comments:
Post a Comment