ជិះម៉ូតូបុកជាមួយឡានដឹកត្រីប្រកាច់ស្លាប់ ៣នាក់ក្នុងថ្លុកឈាម និងរបួសធ្ងន់ ២នាក់

ខេត្ដកណ្ដាល ៖ យ៉ាងហោចណាស់បុរស ៣នាក់បានស្លាប់ភ្លាមៗ និង ២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបានបើកម៉ូតូមួយគ្រឿងជិះគ្នា ៥នាក់ ទៅបុកជាមួយ រថយន្ដម៉ាកហ៊ីយ៉ាន់ដាយដឹកត្រី ដែលបើកច្រាសទិសគ្នា នៅលើផ្លូវជាតិលេខ២កាលពីវេលាម៉ោង ៧និង១០ នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ចន្លោះគីឡូម៉ែត្រលេខ ២៩-៣០ ស្ថិតក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ។
ជនរងគ្រោះ ៣នាក់ដែលបាត់បង់ជីវិត រួមមានទី១-ឈ្មោះ ឡាច សុខឡេង ភេទប្រុស អាយុ ២០ឆ្នាំ មានស្រុកកំណើត នៅភូមិកងមាស ឃុំកងតាណឹង ស្រុក ឲកងមាស ខេត្ដកំពង់ចាម ទី២-ឈ្មោះ រឿន រិទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្ដតាកែវ និងទី៣-ឈ្មោះ ផុន រ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មានស្រុកកំណើតនៅភូមិអំពៅព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ។
ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់ ២នាក់នោះ ពុំទាន់ស្គាល់ អត្ដសញ្ញាណនៅឡើយទេ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យ លោកសង្ឃ។ ជនរងគ្រោះទាំង ៥នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា ពណ៌ក្រហម ពាក់ស្លាក លេខភ្នំពេញ 2T-9213 បុកជាមួយ រថយន្ដធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1977 ដឹកត្រីពេញលើរថយន្ដ បើកបរដោយបុរសម្នាក់ ដែលបានរត់គេចខ្លួន ក្រោយពេលកើតហេតុ។
មុនពេលកើតហេតុ ជនរងគ្រោះ ៥នាក់ជិះម៉ូតូយ៉ោងលឿន តាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករថយន្ដដឹកត្រីមួយគ្រឿង ដែលបើកបរច្រាសទិសគ្នា ដួលម៉ូតូបោកទៅលើផ្លូវជាតិបណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្ដ សាមុយដឹកយកទៅ សង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ៕
Source from: watphnom-news.com