
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចឲ្យមានការអនុវត្តនូវប្រកាសអន្តរក្រសួងរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ "MPTC" និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ "MEF" លេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ ស្តីអំពីការកំណត់ថ្លៃអប្បបរមា និងសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ ពោលគឺមិនត្រូវអនុញ្ញាតឲ្យមានការដូរលុយ ឬក៏ផ្តល់លុយបន្ថែមទៀតឡើយ ហើយការសម្រេចរបស់រាជរដ្ឋាភិបាលនេះត្រូវបានឯកឧត្តម ម៉ូវ ចរិយា ប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ប្រាប់ឲ្យដឹងថា ក្រសួង MPTC ដែលមានឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ក្រុមហ៊ុនទូរស័ព្ទទាំងអស់រួចហើយ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះយកតម្លៃហៅទូរស័ព្ទចេញធម្មតាឡើងវិញ ។
ការកំណត់ថ្លៃនៃការប្រើប្រាស់សេវាទូរស័ព្ទដែលកំពុងមានការប្រកួតប្រជែងខ្លាំងនៅប្រទេសកម្ពុជា និងនាំឲ្យមានការចំណេញដល់អតិថិជនអ្នកប្រើប្រាស់នេះពីសំណាក់រាជរដ្ឋាភិបាល មិនមែនជារឿងថ្មីទេ គឺធ្លាប់បានកើតឡើងច្រើនលើកច្រើនសាមកហើយ ដោយធ្វើឲ្យអតិថិជនអ្នកប្រើប្រាស់សេវាទូរស័ព្ទមិនសប្បាយចិត្តទៅនឹងការកម្រិតថ្លៃសេវាទូរស័ព្ទតាមការប្រកួតប្រជែងគ្នារបស់ក្រុមហ៊ុនទូរស័ព្ទនេះទេ ។
ប្រកាសអន្តរក្រសួងលេខ២៣២សហវ.បទ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៩ រវាងក្រសួង MPTC និងក្រសួង MEF ស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញ បានកំណត់ដូចតទៅ ៖ ១-ថ្លៃសេវាអប្បបរមានៃបណ្តាញទូរស័ព្ទចល័តដែលហៅចេញក្នុងបណ្តាញទូរស័ព្ទចល័តតែមួយ ត្រូវកំណត់ចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទី និងថ្លៃសេវាអប្បបរមាហៅឆ្លងកាត់ពីបណ្តាញទូរស័ព្ទចល័តមួយទៅបណ្តាញទូរស័ព្ទចល័តមួយទៀត ត្រូវកំណត់ចំនួន៥,៩៥សេនដុល្លារអាមេរិកក្នុង១នាទី "ដោយពុំទាន់គិតអាករលើតម្លៃបន្ថែម និងអាករពិសេស" ។ ២-ប្រតិបត្តិករទាំងអស់ត្រូវបង់ប្រាក់ចំនួន០,៣សេនដុល្លារអាមេរិកក្នុង១នាទី ជូននិយ័តករចំពោះគ្រប់ចរន្តសេវាតភ្ជាប់រវាងបណ្តាញ ។ ៣-ការឃោសនាពាណិជ្ជកម្មអំពីថ្លៃតភ្ជាប់ទូរស័ព្ទចល័តក្នុងបណ្តាញតែមួយ ពុំត្រូវទាបជាង៥០%នៃថ្លៃសេវាអប្បបរមានៃបណ្តាញទូរស័ព្ទចល័តដែលហៅចេញក្នុងបណ្តាញទូរស័ព្ទចល័តតែមួយចំនួន៤,៥សេនដុល្លារអាមេរិកក្នុង១នាទីនោះឡើយ ។
រាជរដ្ឋាភិបាលបានចាត់ទុកការអនុវត្តប្រកាសអន្តរក្រសួង ស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញនេះ ដើម្បីសម្រេចបាននូវការប្រកួតប្រជែងដោយស្មើភាពគ្នា, ផ្តល់សេវាល្អ និងគុណភាពខ្ពស់, ថ្លៃថោកសមរម្យនិងបង្កើនចំណូលថវិកាជាតិ ។
ទោះយ៉ាងណាក៏ដោយ អតិថិជនក្រុមហ៊ុនទូរស័ព្ទចល័តនៅកម្ពុជា បានសម្តែងនូវការមិនសប្បាយចិត្តចំពោះការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័តរបៀបនេះទេ ពីព្រោះធ្វើឲ្យអតិថិជនខាតបង់ប្រយោជន៍ទទួលបានពីការធ្វើ Promotion របស់ប្រតិបត្តិករទូរស័ព្ទ និងក៏អាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងលើទីផ្សារសេរីទាក់ទងនឹងសេវាទូរស័ព្ទផងដែរ ។
ឯកឧត្តម ម៉ូវ ចរិយា ប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានអះអាងថា ប្រកាសរបស់អន្តរក្រសួងស្តីអំពីការកំណត់ថ្លៃអប្បបរមានៃសេវាទូរស័ព្ទចល័ត អចល័ត និងថ្លៃតភ្ជាប់បណ្តាញនេះ មិនប៉ះពាល់ដល់ទីផ្សារសេរីទេ ។
ឥឡូវនេះ ប្រតិបត្តិករក្រុមហ៊ុនទូរស័ព្ទនានា ជាពិសេសក្រុមហ៊ុន Smart ដែលបានធ្វើនូវកម្មវិធីពិសេសទាក់ទងនឹងគម្រោងតម្លៃសេវារបស់ខ្លួននោះ បានធ្វើការកែប្រែគម្រោងតម្លៃ និងកម្មវិធីពិសេសរបស់ខ្លួនឡើងវិញហើយ តាមការសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួង MPTC ៕
Source from: www.dtn7.com