
រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាបុរសខ្លាំងនៃកម្ពុជា ធ្លាប់បានបើកយុទ្ធនាការបង្ក្រាបទៅលើល្បែងឆ្នោត-ឡូតូ-ភ្នាល់បាល់ ល្បែងកម្សាន្តស្លុតម៉ាស៊ីន និងបនល្បែងស៊ីសងខុសច្បាប់ ចាប់តាំងពីអំឡុងឆ្នាំ២០០៥មកម្ល៉េះ ។
ក្រោយមកនាអំឡុងដើមឆ្នាំ២០០៩ បន្ទាប់ពីបានពិនិត្យឃើញថា ការធ្វើអាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ"ស្លុតម៉ាស៊ីន" ព្រមទាំងល្បែងភ្នាល់កីឡាគ្រប់ប្រភេទ ធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុជីវធម៌រស់នៅរបស់ប្រជាពលរដ្ឋ បង្កឲ្យមានភាពអសន្តិសុខ ប៉ះពាល់ដល់សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម និងក្មុងគោលដៅអះអាងថា ធ្វើកំណែទម្រង់សង្គម ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គមឲ្យបានល្អប្រសើរនោះ រាជរដ្ឋាភិបាលបានសម្រេចចាត់វិធានការដកហួតអាជ្ញាប័ណ្ណ និងបញ្ឈប់អាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិច និងមេកានិចគ្រប់ប្រភេទ "ស្លុតម៉ាស៊ីន" ព្រមទាំងល្បែងភ្នាល់កីឡាគ្រប់ប្រភេទ និងលើសពីនេះ ក៏បានបង្គាប់ឲ្យអាជ្ញាធរដែនដីចាត់វិធានការលុបបំបាត់ល្បែងស៊ីសង លួចលាក់ខុសច្បាប់គ្រប់ប្រភេទឲ្យបានជាដាច់ខាតទៀតផង ។
ទោះបីមានវិធានការពីសំណាក់រាជរដ្ឋាភិបាលបែបនេះក្តី ក៏រយៈពេលច្រើនឆ្នាំកន្លងមកបានបង្ហាញឲ្យឃើញថា ល្បែងភ្នាល់បាល់នៅតែមាន គ្រាន់តែប្តូររូបភាពពីចំហមកជាការលាក់លៀម និងបនល្បែងស៊ីសងខុសច្បាប់ "ក្រៅពីកាស៊ីណូដែលមានច្បាប់អនុញ្ញាត" ក៏នៅតែមានលេងជាច្រើនកន្លែងដែលកាងពីក្រោយដោយអ្នកមានអំណាច ។
មិនតែប៉ុណ្ណោះ ល្បែងឆ្នោតមិនត្រឹមបង្ក្រាបមិនបាននោះទេ គឺឆ្នោតយួនទាំាងប្រភេទឆ្នោតជាតិ ទាំងប្រភេទឆ្នោតកន្ទុយលេខ បានចរាចរណ៍ធ្វើអាជីវកម្មឲ្យមានការចាក់ភ្នាល់ពាសពេញព្រះរាជាណាចក្រកម្ពុជាតែម្តង ហើយសមត្ថកិច្ចរបស់ខ្មែរបែរជាចូលរួមគាំទ្រលេងល្បែងឆ្នោតយួននេះថែមទៀត ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា វាជារឿងអាម៉ាស់ខ្លាំងណាស់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងមូលមិនអាចបង្ក្រាបល្បែងឆ្នោតស៊ីសងតាមបទបញ្ជាការ ឬសេចក្តីណែនាំរបស់ខ្លួនបាន ហើយថែមទាំងបើកដៃឲ្យល្បែងឆ្នោតបរទេស ជាពិសេសឆ្នោតយួនមកធ្វើអាជីវកម្មឆ្លងដែនអុកឡុកពេញស្រុកខ្មែរពេញទំហឹងទៅវិញ ។
ក្រុមអ្នកវិះគន់មួយចំនួនបានលើកឡើងថា ទំនងជារាជរដ្ឋាភិបាលកម្ពុជាព្យាយាមលុបបំបាត់ល្បែងឆ្នោតខ្មែរ តែបើកដៃឬទុកឱកាសឲ្យឆ្នោតយួនអុកឡុកពេញប្រទេសវិញ ពីព្រោះឆ្នោតយួនមិនបង្កឲ្យមានអសន្តិសុខ និងប៉ះពាល់សណ្តាប់ធ្នាប់សង្គមដូចឆ្នោតខ្មែរនៅលើទឹកដីខ្មែរឡើយ ៕
Source from: www.dtn7.com