ជំងឺ​ចាស់​រើ​ឡើង​វិញ​ គឺ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់​ផ្តល់​សេវា​បន្ថែម​ទឹកប្រាក់​ឬ​ដូរ​លុយ​ដល់​អតិថិជន​

​កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​មានការ​អនុវត្ត​នូវ​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ "MPTC"​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ "MEF"​ លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​ និង​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ពោល​គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​ដូរ​លុយ​ ឬ​ក៏​ផ្តល់​លុយ​បន្ថែម​ទៀត​ឡើយ​ ហើយ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នេះ​ត្រូវ​បាន​ឯកឧត្តម​ ម៉ូ​វ​ ចរិយា​ ប្រធាន​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ ប្រាប់​ឲ្យ​ដឹង​ថា​ ក្រសួង​ MPTC​ ដែលមានឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រី បាន​ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ដល់​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​រួច​ហើយ​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​យក​តម្លៃ​ហៅ​ទូរស័ព្ទ​ចេញ​ធម្មតា​ឡើង​វិញ​ ។​

​ការ​កំណត់​ថ្លៃ​នៃ​ការ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ដែល​កំពុង​មានការ​ប្រកួតប្រជែង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​ និង​នាំ​ឲ្យ​មានការ​ចំណេញ​ដល់​អតិថិជន​អ្នក​ប្រើប្រាស់​នេះ​ពី​សំណាក់​រាជរដ្ឋាភិបាល​ មិនមែន​ជា​រឿង​ថ្មី​ទេ​ គឺ​ធ្លាប់​បាន​កើតឡើង​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ដោយ​ធ្វើ​ឲ្យអតិថិជន​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​មិន​សប្បាយចិត្ត​ទៅ​នឹង​ការ​កម្រិត​ថ្លៃ​សេវា​ទូរស័ព្ទ​តាម​ការ​ប្រកួតប្រជែង​គ្នា​របស់​ក្រុមហ៊ុនទូរស័ព្ទ​នេះទេ​ ។​

​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ រវាង​ក្រសួង​ MPTC​ និង​ក្រសួង​ MEF​ ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ បាន​កំណត់​ដូច​តទៅ​ ៖​ ១-​ថ្លៃ​សេវា​អប្បបរមា​នៃ​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​ហៅ​ចេញ​ក្នុង​បណ្តាញទូរស័ព្ទ​ចល័ត​តែ​មួយ​ ត្រូវ​កំណត់​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ និង​ថ្លៃ​សេវា​អប្បបរមា​ហៅ​ឆ្លងកាត់​ពី​បណ្តាញទូរស័ព្ទ​ចល័ត​មួយ​ទៅ​បណ្តាញទូរស័ព្ទ​ចល័ត​មួយទៀត​ ត្រូវ​កំណត់​ចំនួន​៥,៩៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​ និង​អាករ​ពិសេស​"​ ។​ ២-​ប្រតិបត្តិ​ករ​ទាំងអស់​ត្រូវ​បង់ប្រាក់​ចំនួន​០,៣​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ ជូន​និយ័ត​ករ​ចំពោះ​គ្រប់​ចរន្ត​សេ​វាត​ភ្ជាប់​រវាង​បណ្តាញ​ ។​ ៣-​ការ​ឃោសនា​ពាណិជ្ជកម្ម​អំពី​ថ្លៃ​ត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​ក្នុង​បណ្តាញ​តែ​មួយ​ ពុំ​ត្រូវ​ទាប​ជាង​៥០%​នៃ​ថ្លៃ​សេវា​អប្បបរមា​នៃ​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​ហៅ​ចេញ​ក្នុង​បណ្តាញទូរស័ព្ទ​ចល័ត​តែ​មួយ​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​នោះ​ឡើយ​ ។​

​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​អនុវត្ត​ប្រកាស​អន្តរក្រសួង​ ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​នេះ​ ដើម្បី​សម្រេច​បាន​នូវ​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​,​ ផ្តល់​សេវា​ល្អ​ និង​គុណភាព​ខ្ពស់​,​ ថ្លៃ​ថោក​សមរម្យ​និង​បង្កើន​ចំណូល​ថវិកាជាតិ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ អតិថិជន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​មិន​សប្បាយចិត្ត​ចំពោះ​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​របៀប​នេះ​ទេ​ ពីព្រោះ​ធ្វើ​ឲ្យ​អតិថិជន​ខាតបង់​ប្រយោជន៍​ទទួល​បាន​ពី​ការ​ធ្វើ​ Promotion​ របស់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ និង​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​លើ​ទីផ្សារសេរី​ទាក់ទង​នឹង​សេវា​ទូរស័ព្ទ​ផង​ដែរ​ ។​

​ឯកឧត្តម​ ម៉ូ​វ​ ចរិយា​ ប្រធាន​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ បាន​អះអាង​ថា​ ប្រកាស​របស់​អន្តរក្រសួង​ស្តី​អំពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​នេះ​ មិន​ប៉ះពាល់​ដល់​ទីផ្សារសេរី​ទេ​ ។​

​ឥឡូវនេះ​ ប្រតិបត្តិ​ករ​ក្រុមហ៊ុនទូរស័ព្ទ​នានា​ ជា​ពិសេស​ក្រុមហ៊ុន​ Smart​ ដែល​បាន​ធ្វើ​នូវ​កម្មវិធី​ពិសេស​ទាក់ទង​នឹង​គម្រោង​តម្លៃ​សេវា​របស់​ខ្លួន​នោះ​ បាន​ធ្វើការ​កែប្រែ​គម្រោង​តម្លៃ​ និង​កម្មវិធី​ពិសេស​របស់​ខ្លួន​ឡើង​វិញ​ហើយ​ តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួង MPTC ​ ៕

Smart-Phone-Release


Source from: www.dtn7.com

No comments:

Post a Comment