
ប្រភពព័ត៌មានច្បាស់ការណ៍ពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា តារាសម្តែង ចន ច័ន្ទលក្ខិណា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ បានប្រឹងប្រែងទៅជំរុញឲ្យមន្ត្រីតុលាការចាត់នីតិវិធី ដើម្បីឲ្យសាលក្រមរដ្ឋប្បវេណីចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលជាសាលក្រមបង្គាប់ឲ្យអ្នកនាងបានលែងលះពីស្វាមី គឺលោក យុត្ថារ៉ា ឆានី នោះ បានចូលស្ថាពរឆាប់ៗ ខណៈដែលសាលក្រមទើបមានរយៈពេលមិនដល់មួយសប្តាហ៍ផងនៅឡើយ ។
មន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញមួយរូបបានបង្ហើបប្រាប់ឲ្យដឹងថា ទាំងអ្នកនាង ចន ច័ន្ទលក្ខិណា ទាំងលោក យុត្ថារ៉ា ឆានី អតីតជាស្វាមី បានព្រមព្រៀងមិនប្តឹងទាស់ និងមិនប្តឹងឧទ្ធរណ៍បន្តទៀតប្រឆាំងនឹងសាលក្រមលែងលះគ្នានោះទេ ។
អនុលោមតាមមាត្រា២៦៤នៃក្រមនីតិវិធីរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា គឺសាលក្រមរបស់តុលាការសាលាដំបូងត្រូវទុករយៈពេលយ៉ាងហោចណាច់ក៏១ខែដែរ ដោយគិតចាប់ពីថ្ងៃដែលទទួលបានការបញ្ជូនលិខិតសាលក្រម ដើម្បីផ្តល់លទ្ធភាពឲ្យភាគីណាមួយធ្វើបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់ ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមតាមបណ្តឹងទាមទាររបស់តារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា បង្គាប់ឲ្យមានការលែងលះគ្នាជាមួយស្វាមី គឺលោក យុត្ថារ៉ា ឆានី ដោយឲ្យ យុត្ថារ៉ា ឆានី គ្រប់គ្រងថែរក្សាកូនស្រីម្នាក់អាយុប្រមាណ៦ឆ្នាំ និងធ្វើការបែងចែកទ្រព្យសម្បត្តិរួមជាពីរចំណែកស្មើៗគ្នា ។
ក្រុមអ្នកលេងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានធ្វើការបរិហាររិះគន់យ៉ាងខ្លាំងទៅលើអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានដាច់ចិត្តប្តឹងលែងលះស្វាមីកម្សត់កម្ររស់នៅជាមួយគ្នាអស់រយៈពេល១៦ឆ្នាំ និងទទួលបានចំណងដៃកូនស្រីម្នាក់អាយុប្រមាណ៦ឆ្នាំនោះ ដោយប្រើពាក្យថា "បងបានកូន អូនបានដុល្លារ" ។
ដូច្នេះ មានសំណួរដែលត្រូវចោទសួរថា តើអ្នកនាង ចន ច័ន្ទលក្ខិណា ជំរុញសាលក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យលែងលះស្វាមីតាមសំណើរបស់នាងឆាប់បានចូលជាស្ថាពរ មានអានុភាពអនុវត្តន៍ គឺមានគោលបំណងដើម្បីប្រញាប់បែងចែកទ្រព្យសម្បត្តិរួមជាមួយស្វាមីឲ្យដាច់ស្រេច ឬដើម្បីមានឱកាសរៀបចំទ្រនំគូស្រករថ្មីឲ្យបានឆាប់ៗ ? ៕
Source from: www.dtn7.com
No comments:
Post a Comment