
ក្រុងប៉ោយប៉ែត ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ១១និង១២ នាទីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្សាររ៉ា ស្ថិតនៅភូមិ ប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានទី១-ឈ្មោះ អឿន រី ភេទស្រី អាយុ៥១ឆ្នាំ និងទី២-ឈ្មោះ មិះ ប៉ុន ភេទប្រុស អាយុ ១៦ឆ្នាំ ទាំង ២នាក់រស់នៅភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ។ ជនសង្ស័យទាំង ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេ កំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅចំណុចក្នុងភូមិកើតហេតុខាងលើ ដោយសមត្ថកិច្ចបានដកហូត វត្ថុតាងមាន ថ្នាំយ៉ាមា ចំនួន ៤គ្រាប់ និងសំភារៈសំរាប់សេព គ្រឿងញៀនមួយចំនួនផងដែរ។
លោកវរសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមការណែនាំ របស់លោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឲ្យខិតខំយកចិត្តទុកដាក់ បង្ការបង្ក្រាបនូវរាល់ បទល្មើសដែលកើតមាន នៅក្នុងមូលដ្ឋាន កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវរកមុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់ខាងលើ រួមទាំងរឹបអូសបានវត្ថុតាង មួយចំនួនទៀត ហើយបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ចិន្តា
Source from: watphnom-news.com