
រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានប៉ូលិសការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនតាមបញ្ជារបស់ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៣និង២៥ នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ ទាក់ទិនករណី ប្រព្រឹត្តិអំពើសញ្ជារកម្ម តាមរយៈការអូសទាញ ក្មេងស្រីយកទៅលក់ព្រហ្មចារី និងឲ្យភ្ញៀវរួមភេទ និងបានអញ្ជើញ ស្ត្រីរងគ្រោះចំនួន ៤នាក់មកធ្វើការសាកសួរ នៅការិយាល័យផងដែរ។
ស្ត្រីដែលត្រូវឃាត់ខ្លួន មានឈ្មោះ ង្វៀន ធីកាំសៀង ហៅ សៀង អាយុ ២៣ឆ្នាំ ជាជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ មុខរបរម៉ាស្សា។ ចំណែកក្មេងស្រី រងគ្រោះចំនួន ៤នាក់ដែលជាជនជាតិ វៀតណាមដែរនោះ រួមមាន ទី១-ឈ្មោះ យ៉ ធីវិនញី ភេទស្រី អាយុ ១៣ឆ្នាំ ទី២-ឈ្មោះ ឌិន ឌីហឿង ហៅហឿង អាយុ ១៦ឆ្នាំ ទី៣-ឈ្មោះ ហ្វៀង ធីហ្វៀង ហៅធី អាយុ ១៦ឆ្នាំ និងទី៤-ឈ្មោះ ង្វៀង ធីកែវ ហៅយ៉ាង អាយុ ១៦ឆ្នាំ។
ជនរងគ្រោះទាំង ៤នាក់ បានឲ្យដឹងស្រដៀងគ្នាថា ពួកនាងនិងស្ត្រីឈ្មោះ សៀង បានស្គាល់គ្នា ហើយក្រោយមកឈ្មោះ សៀង បាននាំពួកនាង ទៅលក់ព្រហ្មចារី និងទៅដេកជាមួយភ្ញៀវនៅតាមសណ្ឋាគារ និងផ្ទះសំណាក់។ លុះនៅថ្ងៃកើតហេតុឈ្មោះ សៀង បានមកដេកជាមួយភ្ញៀវទៀត តែពេលជិះរ៉ឺម៉កមកដល់ មុខសណ្ឋាគារ ហើយកំពុងអង្គុយ រង់ចាំភ្ញៀវក៏ត្រូវសមត្ថកិច្ចចា ប់ខ្លួនតែម្ដង។
តាមចម្លើយសារភាព របស់ស្ត្រីឈ្មោះ ង្វៀង ធីកាំសៀង ហៅ សៀង បានឲ្យដឹងថា ខ្លួនធ្វើការនៅនៅហាងម៉ាស្សាសូល បានរយៈពេល ២ឆ្នាំមកហើយ ដោយបានស្គាល់ក្មេងស្រីៗ ដែលរស់នៅក្បែរគ្នា និងធ្វើការជាមួយគ្នា ដូចជាឈ្មោះ វៀង, ឈ្មោះ ញី , ឈ្មោះ ហឿង និង ឈ្មោះ យ៉ាង ហើយខ្លួនបានឲ្យ លេខទូរស័ព្ទទៅភ្ញៀវ លុះពេលភ្ញៀវត្រូវការ រកស្រីៗទៅដេកជាមួយ ខ្លួនបានសួរក្មេងៗទាំងនោះ។
បើពួកគេព្រមទៅដេកជាមួយភ្ញៀវ ឈ្មោះ ង្វៀង ធីកាំសៀង នឹងនាំទៅ ដោយដេករួមភេទម្ដង ១០០ដុល្លារទៅ១៥០ ដុល្លារក្នុងម្នាក់។ ពេលនាំក្មេងស្រីៗទៅឲ្យភ្ញៀវ ជួនកាលសង្សារខ្លួនឈ្មោះ លោង ជាអ្នកនាំទៅ ហើយជួនកាលខ្លួនជាអ្នកនាំទៅ ហើយចុងក្រោយបាននាំនាងៗ ទៅជួបភ្ញៀវនៅមុខ សណ្ឋាគារឡាក់គីស្ដារ លុះមកដល់មុខសណ្ឋាគារ រង់ចាំមួយសន្ទុះ ក៏ត្រូវប៉ូលិសនាំមកសាកសួរតែម្ដង៕
Source from: watphnom-news.com