
ខេត្តកណ្តាល ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នា ជ្រុលទៅបុកគូថរថយន្ត យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨និង៣០ នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-6256 មានឈ្មោះ លន់ សុភក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករធ្វើជ្រូក មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ បានស្លាប់នៅនឹង កន្លែងកើតហេតុ អ្នករងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនោះឡើយ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។
ក្រោយពេលកើតហេតុ រថយន្តបានបើកគេចបាត់ស្រមោល ព្រោះតំបន់គ្រោះថ្នាក់ជាកន្លែងស្ងាត់ តែប្រជាពលរដ្ឋបានអះអាងថា ជាប្រភេទរថយន្តកុងតឺន័រ ឈប់នៅលើផ្លូវ គ្មានដាក់សញ្ញាសម្គាល់។ មុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់បានធ្វើដំណើរ ពីលិចទៅកើត ក៏ជ្រុលទៅបុកគូទរថយន្តធុនធំ ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ ដួលបោកក្បាលផ្ទប់នឹងជញ្ជាំងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកជិះ ពីក្រោយរងរបួសធ្ងន់៕
Source from: watphnom-news.com