
កូរ៉េខាងត្បូង ៖ តាមគេហទំព័ររបស់អង់គ្លេសឈ្មោះដាយលីម៉ែលបានបង្ហាញថា ក្នុងឧបទ្វីបកូរ៉េមានរឿងដ៏រសើបមួយដែលប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូង ទើបបានចុះផ្សាយពីព័ត៌មាន ដែលស្វាមីរបស់ម្តាយមីងបង្កើត គឹមជុង អ៊ុន ដែលជាតួអង្គមានឥទ្ធិពលទី២ នៅប្រទេសនេះ បានធ្លាក់ចេញពីមុខតំណែង ។ ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានដកស្រង់ប្រភពពីព័ត៌មានចារកម្ម NIS របស់កូរ៉េខាងត្បូង ឲ្យដឹងថា លោក Jang Song Thaek បានត្រូវបណ្តេញចេញពីមុខតំណែង ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាការពារជាតិកូរ៉េខាងជើង ។
ប្រសិននេះជាការពិតនោះ ការទម្លាក់លោក Jang ចេញពីមុខតំណែង បានបង្ហាញនូវរបត់នយោបាយដ៏ធំមួយ ក្នុងគណៈកម្មាធិការដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងជើង ចាប់តាំងពីពេលលោក គឹម ជុង អ៊ុន ឡើងកាន់តំណែងបន្តពីឪពុករបស់លោក កាលពីខែធ្នូ ២០១១ មក ។ ក្នុងអង្គប្រជុំបន្ទាន់មួយ រវាង NIS និងសភាកូរ៉េខាងត្បូង នោះ Jang Song Thaek “ទើបតែត្រូវបណ្តេញចេញពីមុខតំណែង ហើយមនុស្សជំនិត ២ រូប គឺ Ri Yong-ha និង Jang soo-kil ត្រូវបានប្រហារជីវិត ដោយបើកចំហរនៅខែវិច្ឆិកា កន្លងមកនេះ” ។
ករណីប្រហារជីវិតបុគ្គលស្និទ្ធនឹងលោក Jang Song Thaek នោះ ត្រូវបានប្រកាសក្នុងជួរកងទ័ពទាំងមូល ហើយតាំងពីពេលនោះមក គេពុំឃើញវត្តមានរបស់លោកទៀតឡើយ ៕
Source from: watphnom-news.com