
មជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងសំណុំរឿងវិវាទដីធ្លីមួយកន្លែង ឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ "អតីតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង" រវាងក្រុមប្រជាពលរដ្ឋក្រីក្រ តូចតាចចំនួន៤៩គ្រួសារ និងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ ដោយសារសំណុំរឿងនេះមានលក្ខណៈពិសេសចំនួន៤យ៉ាង ៖ ១-តុលាការកាត់ក្តីដោយបិទភ្នែក ប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន ជាសេដ្ឋីមានលុយ, ២-រឿងក្តីត្រូវបានតុលាការដោះស្រាយរួចហើយ ប៉ុន្តែរាជរដ្ឋាភិបាលយកសំណុំរឿងក្តីដដែលនេះមកដោះស្រាយជាសមត្ថកិច្ចឡើងវិញ, ៣-រាជរដ្ឋាភិបាលសម្រេចត្រឡប់ត្រឡិនសាចុះសាឡើង រហូតដល់ចេញជាសេចក្តីសម្រេចចំនួន១លើក និងលិខិតសេចក្តីជូនដំណឹង"សជណ" របស់ទីស្តីការគណៈរដ្ឋមន្ត្រីចំនួន៧លើក ដោយម្តងប្រគល់ដីទំនាស់ឲ្យក្រុមប្រជាពលរដ្ឋ និងម្តងទៀតប្រគល់ដីទំនាស់ដដែលឲ្យទៅលោកឧកញ៉ា ជៀម ផែន និង៤-រវាងឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពោលគឺមានឋានៈជាឧបនាយករដ្ឋមន្ត្រីដូចគ្នា ប៉ុន្តែធ្វើរបាយការណ៍ និងលើកយោបល់ជូននាយករដ្ឋមន្ត្រីផ្ទុយគ្នាមុំ១៨០ឌឺក្រេ "ឯកឧត្តម ស ខេង លើកយោបល់ប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលរដ្ឋ រីឯឯកឧត្តម ប៊ិន ឈិន លើកយោបល់ប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន" ។
ក្រោយមក បន្ទាប់ពីបានឃើញសកម្មភាពលោកឧកញ៉ា ជៀម ផែន ថៅក្រុមហ៊ុនស្រាបៀរលីអូប្រើប្រាស់គ្រឿងចក្រឈូសឆាយ និងវាយកម្ទេចផ្ទះសម្បែងក្រុមប្រជាពលរដ្ឋស្រស់ៗពេក តាមការលើកយោបល់របស់ឯកឧត្តម ប៊ិន ឈិន ប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន និងតាមការសម្រេចសេចក្តីរបស់ស្ថាប័នតុលាការមិនឯករាជ្យ និងមិនយុត្តិធម៌នោះ ទើបនាំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ភ្ញាក់រលឹកសម្រេចនិរាករណ៍លិខិតលេខ៦៦៩សជណ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី "ជាលិខិតប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន តាមការលើកយោបល់របស់ឯកឧត្តម ប៊ិន ឈិន" ចោលជាអសារបង់ តាមស្មារតីនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២សសរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ និងបង្គាប់ឲ្យឯកឧត្តម ប៊ិន ឈិន ដឹកនាំក្រុមការងារចុះពិនិត្យដោះស្រាយករណីវិវាទនេះនៅនឹងកន្លែងតែងម្តង ។
នៅទីបំផុត ឯកឧត្តម ប៊ិន ឈិន ក៏បានភ្ញាក់រលឹកមិនហ៊ានប្រឆាំងនឹង "ទំនោរ" ឬ"ខ្យល់" របស់សម្តេចនាយករដ្ឋមន្ត្រី ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលរដ្ឋ៤៩គ្រួសារគ្រប់គ្រងជាកម្មសិទ្ធិវិញ តាមស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ លើសពីនេះ រាជរដ្ឋាភិបាលបានបង្គាប់ឲ្យបើកការស្រាវជ្រាវពីដើមរហូតដល់ចប់ ទៅលើលោកឧកញ៉ា ជៀម ផែន ដើម្បីរកឲ្យឃើញនូវការទទួលខុសត្រូវនៃអំពើរបស់ឧកញ៉ារូបនេះ ដោយត្រូវយករបាយការណ៍របស់ឯកឧត្តម ស ខេង ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៨ ដែលទទួលបានចំណារឯកភាព ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨ របស់សម្តេចនាយករដ្ឋមន្ត្រីធ្វើជាមូលដ្ឋាននៃការស្រាវជ្រាវ ។
របាយការណ៍ជាលាយលក្ខណ៍អក្សរ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៨ របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទទួលបានចំណារឯកភាព ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨ របស់សម្តេចនាយករដ្ឋមន្ត្រី ត្រង់ចំណុចទី២ បានបញ្ជាក់ថា "ចំពោះលោក ជៀម ផែន និងបក្ខពួកដែលបានកាប់បំផ្លិចបំផ្លាញផលដំណាំ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះ ទុកលទ្ធភាពជូនប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីទារសំណងវិញ ។ ដោយឡែក បើលោក ជៀម ផែន នៅតែបន្តប្រើប្រាស់លិខិត ឬឯកសារក្លែងក្លាយតទៅទៀត គួរមានវិធានការអនុវត្តន៍តាមច្បាប់ព្រហ្មទណ្ឌ ។" ។
យោងតាមរបាយការណ៍ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៨ របស់ឯកឧត្តម ស ខេង ដែលទទួលបានការឯកភាពប្រមុខរាជរដ្ឋាភិបាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៨នោះ គឺបានបង្ហាញឲ្យឃើញថា ដើម្បីធ្វើសកម្មភាពប្លន់ដីប្រជាពលរដ្ឋ៤៩គ្រួសារ ឲ្យបានសម្រេចនារយៈពេលកន្លងមក លោកឧកញ៉ា ជៀម ផែន បានប្រើប្រាស់ឯកសារក្លែងក្លាយ ឬក្លែងឯកសារមួយចំនួនរួចហើយ ដែលនឹងត្រូវប្រឈមមុខក្នុងរឿងព្រហ្មទណ្ឌ ។
ឥឡូវនេះ មានរយៈពេលជិត១ឆ្នាំហើយ ដំណើការបើកការស្រាវជ្រាវទៅលើអំពើរបស់លោកឧកញ៉ា ជៀម ផែន ដែលប្រើប្រាស់ឯកសារក្លែង ឬក្លែងបន្លំឯកសារ ដើម្បីប្លន់ដីប្រជាពលរដ្ឋចំនួន៤៩គ្រួសារ តាមការបង្គាប់របស់រាជរដ្ឋាភិបាលនោះហាក់ស្ងាត់ឈឹងដូចចោរលួចសេះ ពោលគឺកំពុងជាប់គាំងមិនទៅមុខត្រឹមឯកឧត្តម ប៊ិន ឈិន ដែលធ្លាប់ធ្វើរបាយការណ៍ភូតភរបន្លំប្រមុខរាជរដ្ឋាភិបាលអស់ជាច្រើនលើកច្រើនសា ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរហស្សនាមថាជា"បុរសខ្លាំង" មេត្តាត្រួតពិនិត្យទៅលើករណីនេះឡើងវិញផង ទើបស័ក្តិសមមានឈ្មោះថាជាប្រមុខរាជរដ្ឋាភិបាល"កែទម្រង់" ៕
Source from: www.dtn7.com
No comments:
Post a Comment