
ស្ត្រីរងគ្រោះម្នាក់បានមកប្តឹងរៀបរាប់ប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថា នាងត្រូវបានប្តីឈ្មោះ ចាន់ យាន ហៅ ម៉ាប់ អាយុ៥២ឆ្នាំ ប្រើអំពើហិង្សា ចាប់ចង វាយដោយដៃ និងដងពូថៅ អស់រយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយ «ថ្ងៃទី២៧-២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០១៣» រហូតរងរបួសសុសពេញខ្លួន និងក្បាលព្រមទាំងមុខមាត់ហើយ ឡើងពោរ ទើបនាងដាច់ចិត្តប្តឹងប្តីរបស់នាងពីបទប្រើអំពើហិង្សា ដោយចេតនាតែម្តង។
ស្ត្រីរងគ្រោះ ដែលត្រូវបានប្តីរបស់ខ្លួនប្រើអំពើហិង្សាវាយដំដោយចងនឹងចំណងទៀតនោះ មានឈ្មោះ យឹម មុំ អាយុ២៥ឆ្នាំ រស់នៅភូមិវាល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកភ្នំក្រវាញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះរួចហើយ សមត្ថកិច្ចបានរាយការណ៍ និងសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់់ ចាត់កម្លាំងចុះទៅដល់កន្លែងកើតហេតុ សាកសួរសាក្សីបានបង្ហាញថា ស្ត្រីរងគ្រោះមានកូនប្រុស-ស្រី ចំនួន៤នាក់ ឋិតក្នុងបន្ទុកដែលកូនច្បងមានអាយុ៧ឆ្នាំ និងកូនប្អូនអាយុទើប១ឆ្នាំ។ គ្រួសារនេះ មានជីវភាពទីទ័លក្រ ហើយប្តីចិត្តតិរច្ឆាននោះ ស្រវឹងសឹងរាល់ថ្ងៃ-យប់ និងតែងធ្វើបាបប្រពន្ធរបស់ខ្លួនជានិច្ច ដោយគ្មានសួររកហេតុផលឡើយ។ ការប្រើអំពើហិង្សានេះ មានរយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយ ដោយប្រើកណ្តាប់ដៃ និងដងពូថៅ វាយមកលើក្បាលប្រពន្ធជាច្រើនកន្លែង ព្រមទាំងចាប់ប្រពន្ធចងអូសទៅវាយបន្តនៅក្រោយផ្ទះគំរាមសម្លាប់ចោលមួយពូជថែមទៀត។ សំណាងល្អស្ត្រីរងគ្រោះខំរើបម្រះរួចពីចំណង ខណៈពេលប្តីឬស្យាដេកលក់ រួចក៏រត់ទៅទូរស័ព្ទប្រាប់បងប្អូនក៏បែករឿងត្រូវបានបងប្អូននៅស្រុកភ្នំក្រវាញ ទៅរំដោះយកមកទាំងយប់ និងក៏បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចអាវុធហត្ថនាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ តែម្តង។
ប្រភពពីអ្នករស់នៅក្បែរខាងផ្ទះកើតហេតុបានឲ្យដឹងថា បុរសដែលមានចិត្តព្រៃផ្សៃប្រើអំពើហិង្សាមកលើប្រពន្ធខាងលើនេះធ្លាប់មានប្រពន្ធចំនួន៣នាក់រួចមកហើយ តែត្រូវប្រពន្ធរត់ចោលទាំងអស់ដោយសារតែបុរសរូបនេះពូកែវាយធ្វើបាបប្រពន្ធ នៅសល់តែស្ត្រីជាប្រពន្ធទី៤រងកម្មចុងក្រោយនេះ ក៏ធ្លាប់រត់ចោលដែរកន្លងមកតែត្រូវរ៉ូវគ្នាវិញ ព្រោះតែចាញ់ការលួងលោមរបស់ប្តីឬស្យាដដែល។
បច្ចុប្បន្ននេះ សាច់ញាតិបាននាំស្ត្រីរងគ្រោះ និងកូនៗចេញពីផ្ទះសម្បែងអស់ហើយ ព្រោះខ្លាចប្តី និងជាឪពុកប្រមឹកប្រើអំពើហិង្សារហូតដល់ស្លាប់។ រីឯបុរសជាប្តី និងជាឪពុករបស់កូនៗតូចៗទាំង៤ដែលមានចិត្តឬស្យានេះបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ពេលដែលសមត្ថកិច្ចចុះទៅដល់ផ្ទះកើតហេតុ ដើម្បីឃាត់ខ្លួននោះ៕
Source from: www.dtn7.com
No comments:
Post a Comment