ប្រទះឃើញសពជនបរទេស ត្រូវឃាតកសម្លាប់ចងសណ្តូនដុំថ្ម ពន្លិចក្នុងបឹងយក្សឡោម

ខេត្ដរតនគីរី ៖ សពជនបរទេសម្នាក់ ស្លៀកខោខ្លី ត្រឹមជង្គង់ ពាក់អាវយឺតដៃខ្ល្លី និងពាក់ទ្រនាប់ជើងបាតា សម្បុរស មាឌធំកម្ពស់ប្រហែល ១.៧៥ សង់ទីម៉ែត្រ និងមានអាយុប្រហែលជាង ៤០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញស្លាប់អណ្ដែតក្នុងទឹកបឹងយក្សឡោម កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ដោយសមត្ថកិច្ចសន្និដា្ឋនថា ករណីនេះ អាចពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម ។
ភ្ញៀវទេសចរក្នុងស្រុកមួយក្រុម ដែលកំពុងធ្វើដំណើរកម្សាន្ដ ជុំវិញបឹងយក្សឡោមនៅចំណុច ផែលេងកម្សាន្ដទី៤ ស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ អណ្ដែតក្រោមមែកឈើ ជាប់ព្រៃមាត់បឹង ទើបនាំគ្នារាយការណ៍ ប្រាប់សមត្ថកិច្ច ឲ្យចុះមកត្រួតពិនិត្យតែម្តង។ នៅមាត់ទឹកបឹង ក្បែរសាកសព គេរកឃើញ សាកាដូ មានទឹកសុទ្ធ ៩ដប ប៊ីដុងទឹក ៥លីត្រចំនួនមួយ និងមានថ្នាំពេទ្យ មួយថង់តូច។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពស្លៀកខោខ្លី ត្រឹមជង្គង់ ពណ៌ខ្មៅ និងពាក់អាវ យឺតដៃខ្លី ពាក់ទ្រនាប់ជាប់ ហើយក្រោយពីដាក់ខ្សែ ចងទាញយកសាកសព មក អែបមាត់ច្រាំង គឺខាងមន្ទីរជំនាញ បានរកឃើញថា សាកសពត្រូវបានគេចងភ្ជាប់ ជាមួយសាកាដូស្ពាយ ១ទៀតដោយខ្សែអង្រឹង នៅក្នុងសាកាដូមានផ្ទុក ដោយដុំថ្ម ចំនួន ១០ដុំទៀតផង ។
នៅក្នុងសាកាដូ ដែលឃាតកចងចង្កេះសាកសព ពន្លិចទៅក្នុងទឹកបឹងនោះ ក្រៅពីមានដុំថ្ម១០ ដុំ សមត្ថកិច្ចរកឃើញ មានដែកកេះ១ ប៊ិច ២ដើម វែនតាមួយ និងកូនកាំបិត កៃ១ និងនៅក្នុងហោប៉ៅខោ របស់សាកសព មានប្រាក់ ១៣៩ ដុល្លារផងដែរ ។ មន្ដ្រីនគរបាលជំនាញ បានបញ្ជាក់ថា សាកសពអាចស្លាប់ ក្នុងអំពើឃាតកម្មគិតទុកជាមុន ដែលបច្ចុប្បន្នត្រូវបានវេចខ្ចប់ រង់ចាំសាច់ញាតិ ឬស្ថានទូតមកទទួលយក៕
Source from: watphnom-news.com