គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៣នាក់និងរបួសធ្ងន់ ៣នាក់ដោយសារមិនពាក់មួកសុវត្ថិភាព

ខេត្តបាត់ដំបង ៖ គ្រាន់តែក្នុងថ្ងៃទី ៣០និង៣១ ខែធ្នូ ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ៣លើក បណ្តាលឲ្យមនុស្ស ៣នាក់បានស្លាប់ និងរងរបួសធ្ងន់ ៣នាក់ដោយសារ ការមិនពាក់មួកសុវត្ថិភាព ព្រមទាំងខូចខាតម៉ូតូ៣គ្រឿងដែលទាមទារឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរទូទៅ មានការប្រុងប្រយ័ត្ន និងពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នានៅពេលជិះម៉ូតូ។
សមត្ថកិច្ចចរាចរណ៍ បានអោយដឹងថា ករណីទី១ បានកើតឡើង កាលពីវេលាម៉ោង ១៤រសៀល ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិឃុំពាមឯក ស្រុកឯកភ្នំ បណ្តាលបុរសម្នាក់ដែលស្រវឹង មិនពាក់មួកសុវត្ថិភាពឈ្មោះ ចិន្តា ផៃ អាយុ ៥២ឆ្នាំរស់នៅ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ជិះម៉ូតូ ១គ្រឿងម៉ាកសង់ ស៊េរីឆ្នាំ ១៩៩៦ ពាក់ស្លាកលេខ បាត់ដំបង ១ឃ ១៥៥៥ ធ្វើដំណើរពីត្បូង ទៅជើងបានបុករបងជញ្ជាំងផ្ទះ ប្រជាពលរដ្ឋបណ្តាលអោយស្លាប់ខ្លួនឯង។
ករណីទី២ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០ នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិសង្កាត់អូរចារ ក្រុងបាត់ដំបង បណ្តាលឲ្យបុរស ២នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១F ៣២៩៨ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីកើតទៅលិច តាមផ្លូវជាតិលេខ៥ ពេលឮប្រជាពលរដ្ឋស្រែកប្រាប់ថា នៅខាងមុខមាននគរបាល ចាប់ផាកពិន័យមួកសុវត្ថិភាព និងកញ្ចក់ បានជិះម៉ូតូបត់ត្រឡប់ក្រោយ ពេលនោះស្រាប់តែមានរថយន្តតូច បើកស្របទិសគ្នា មិស្គាល់ភិនភាគ បានបុកកិនបណ្តាលអោយស្លាប់បុរសម្នាក់ឈ្មោះ ឈួន វ៉ាន់ ឬ ហេង វ៉ាន់ អាយុ ២៩ឆ្នាំ និងម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ ឈួម ឈុន អាយុ ១៨ឆ្នាំ ទាំង ២នាក់រស់នៅភូមិក្តុលដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយរថយន្តបើករត់គេច បាត់ស្រមោល។
ករណីទី៣ កាលពីវេលាម៉ោង ៨និង៥០ នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិឃុំកំពង់ព្រះ ស្រុកសង្កែ មានបុរស ៣នាក់បានជិះម៉ូតូ ម៉ាកគ្លីកមិនពាក់មួកសុវត្ថិភាព បើកក្នុងល្បឿនលឿន បានបុកបង្គោល ស្លាកសញ្ញាផ្លូវកោង បណ្តាលអោយស្លាប់ម្នាក់ឈ្មោះ វឿន ចាន់ណា អាយុ ១៧ឆ្នាំនិងឈ្មោះ រ៉ា វីរៈ អាយុ ១៧ឆ្នាំរងរបួសធ្ងន់និងម្នាក់ទៀត ជាម្ចាស់ម៉ូតូ មិនស្គាល់ឈ្មោះបានរងរបួសធ្ងន់។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ៣លើកនេះ សុទ្ធតែមិនបាន ពាក់មួកសុវត្ថិភាព ទើបពេលដួលងាយប៉ះពាល់ដល់ក្បាល និងពិបាកសង្គ្រោះ៕ ដោយ ពោធិ៍មាស
Source from: watphnom-news.com