ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និង សាន ចយ ចាយលុយរត់ការដឹកឈើ ចេញពីតំបន់ស្តារបាតអាងទំនប់វារីអគ្គិសនី បំពានលើ ស.ជ.ណ

ខេត្តស្ទឹងត្រែង ៖ សកម្មភាពដែលឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ចូលទៅកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃអភិរក្ស និងតំបន់ព្រៃការពារ ក្បែរតំបន់ស្តារបាតអាង ទំនប់វារីអគ្គិសនី សេសាន២ ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបានបង្កើតឲ្យមានវិនាសកម្មព្រៃឈើ និងផ្ទុយពីគោលការណ៍ របស់រាជរដ្ឋាភិបាល ហើយពេលថ្មីៗនេះមានដំណឹងថា មេឈ្មួញដ៏មានឥទ្ធិពល បានរត់ការសម្របសម្រួល ដើម្បីមានឱកាសចូលទៅ ដឹកជញ្ជូនឈើប្រណីតប្រមាណ ៣ពាន់ម៉ែត្រត្រីគុណ ចេញពីតំបន់ស្តារបាតអាងទំនប់វារីអគ្គិសនីនោះ បំពានទៅលើ ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានហាមឃាត់ មិនឲ្យមានការកាប់បំផ្លាញព្រៃឈើ ឬដឹកជញ្ជូនឈើខុសច្បាប់ ចេញពីតំបន់នោះ ដែលទាមទារឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលបញ្ហានេះឡើងវិញផង។
ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ស្តារបាតអាង ទំនប់វារីអគ្គិសនី ធ្វើខុសពីគោលការណ៍ និងកិច្ចព្រមព្រៀង បង្កើតឲ្យមានភាពអនាធិបតេយ្យ ហើយឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានឲ្យប្រជាពលរដ្ឋ ចូលព្រៃ ទៅកាប់ឈើប្រណីត នៅក្រៅតំបន់ស្តារបាតអាងវារីអគ្គិសនី យ៉ាងអនាធិបតេយ្យ ជាពិសេសការប្រមូលទិញ ឈើខុសច្បាប់របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះ សាន ចយ ជាមេការហាក់ដូចជា លើកទឹកចិត្តដល់ការកាប់ បំផ្លាញព្រៃឈើ យ៉ាងវិនាសហិនហោច។ គេដឹងថា មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា បានចំណាយលុយទិញអាជ្ញាប័ណ្ណ ក្នុងតម្លៃ ១លានដុល្លារ ពីឧកញ៉ាដ៏មានអំណាចម្នាក់ ដើម្បីទទួលបានសិទ្ធិ កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើប្រណីត ពីតំបន់ស្តារបាតអាងនោះ ទៅស្រុកយួន មិនគោរពច្បាប់ទម្លាប់ ក៏កើតទៅជារឿងរ៉ាវដែល រាជរដ្ឋាភិបាលចេញសេចក្តីជូនដំណឹង ឲ្យបញ្ឈប់សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់នោះ។
យោងតាមមន្ត្រីសាលាខេត្តស្ទឹងត្រែងម្នាក់ បានបង្ហើបឲ្យដឹងថា ទំហំផ្ទៃដីនៃការកាប់បំផ្លាញព្រៃឈើ នៅតំបន់ស្តារបាតអាងវារីអគ្គិសនីសេសាន២ ធ្វើមិនបានត្រឹមត្រូវ ព្រោះមិនទាន់មានការកំណត់ ព្រំប្រទល់ច្បាស់លាស់ ហើយជាគោលការណ៍សកម្មភាពកាប់ព្រៃឈើ ក្រោមស្លាកស្តារបាតអាង ទំនប់វារីអគ្គិសនី ត្រូវចាប់ផ្តើមធ្វើនៅតំបន់ ដែលត្រូវសាងសង់ទំនប់វារីអគ្គិសនី និងត្រូវចាប់ផ្តើមធ្វើ នៅពេលដែលទំនប់ត្រូវបានសាងសង់។ ប៉ុន្តែសម្រាប់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បែរជាប្រព្រឹត្តបំពាន ទៅលើគោលការណ៍របស់រាជរដ្ឋាភិបាល តាមរយៈការកាប់បំផ្លាញព្រៃឈើ យ៉ាងវិនាសហិនហោចរាលដាល ហួសតំបន់ដែលកំណត់ សម្រាប់ធ្វើជាបាតអាង ទំនប់វារីអគ្គិសនី ហើយលោកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់អាជ្ញាប័ណ្ណ ក៏មិនដែលអើពើ ចំពោះការកាប់បំផ្លាញ និងដឹកជញ្ជូនឈើ ដ៏អនាធិបតេយ្យទាំងនោះ។
អាជ្ញាធរខេត្តស្ទឹងត្រែង ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលទទួលបានភារកិច្ច ចុះត្រួតពិនិត្យ និងអនុវត្តន៍បទបញ្ជា ទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីតំបន់ស្តារបាតអាង ទំនប់វារីអគ្គិសនីសេសាន២ ហាក់ដូចជាខ្វះភាពទទួលខុសត្រូវ មិនបានបំពេញតួនាទីរបស់ខ្លួន ក្នុងការទប់ស្កាត់សកម្មភាពដែលឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឈ្មោះ សាន ចយ បន្តប្រមូលទិញឈើ និងដឹកជញ្ជូនចេញទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យនោះទេ។ បើតាមការប៉ាន់ប្រមាណ មានឈើប្រណីតប្រមាណ ៣ពាន់ម៉ែត្រគូប ត្រូវបានដាក់ពង្រាយ នៅក្នុងតំបន់ស្តារបាតអាង ទំនប់វារីអគ្គិសនី សុទ្ធសឹងជាឈើដែលបានមកពីការ កាប់បំផ្លាញនៅក្នុងតំបន់ព្រៃការពារ និងតំបន់អភិរក្ស នៅក្បែរតំបន់ស្តារបាតអាងទំនប់វារីអគ្គិសនី។
យ៉ាងណាក៏ដោយ អ្នកច្បាប់មួយចំនួន បានវាយតម្លៃថា រដ្ឋាភិបាលគួរតែដកហូត អាជ្ញាប័ណ្ណវិនិយោគ ទំនប់វារីអគ្គិសនីសេសាន២ ដែលកំពុងប្រព្រឹត្ត ផ្ទុយពីគោលការណ៍ ដូចជាការកាប់បំផ្លាញព្រៃឈើ មុនពេលការកំណត់តំបន់បាតអាង ហើយការកាប់បំផ្លាញ ព្រៃឈើនោះទៀតសោត ធ្វើឡើងមុនពេលការចាប់ផ្តើមកសាងទំនប់ មិនខុសពីរូបភាពធ្វើនំអត់ម្សៅ ប្រមូលឈើប្រណីត យកទៅលក់នៅស្រុកយួន ហើយឈើប្រភេទលេខ២ ត្រូវប្រមូលយកទៅកែច្នៃ លក់ចែកចាយនៅក្នុងស្រុក ដោយគ្មានការបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ហើយករណីដែលមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា បំពានលើ ស.ជ.ណ ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីតំបន់នោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាអ្នកទទួលខុសត្រូវធំជាងគេ មិនអាចប្រកែក យករួចខ្លួនបានឡើយ។
អាចបញ្ជាក់បានថា ផែនការវិនិយោគទំនប់ វារីអគ្គិសនីសេសានក្រោម២ ដែលផ្ទុយពីគោលការណ៍ មិនអាចដំណើរការបានទៀតទេ ព្រោះចាប់ផ្តើមពីដំបូងទី អនុវត្តន៍ផ្ទុយពីកិច្ចព្រមព្រៀងទៅហើយ នាំឲ្យមតិមន្ត្រីជាច្រើនលើកឡើងថា អាជ្ញាប័ណ្ណវិនិយោគ ទំនប់វារីអគ្គិសនីសេសាន២នេះ គ្រាន់តែជាលេសមួយនៃការ កាប់បំផ្លាញព្រៃឈើខុសច្បាប់ ដឹកជញ្ជូនយកទៅលក់នៅស្រុកយួន រាប់ពាន់រាប់ម៉ឺនម៉ែត្រត្រីគុណ ហើយមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះ សាន ចយ និងឈ្មោះ ឃុន ជាមេការជាអ្នកទទួលបាន ផលប្រយោជន៍ច្រើនជាងគេ ពីសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅក្នុងស្រុកសេសាន ដោយជ្រកក្រោមស្លាក ស្តារបាតអាងទំនប់វារីអគ្គិសនី គ្មានគិតពីច្បាប់ទម្លាប់អ្វីទាំងអស់ សូម្បីតែ ស.ជ.ណ ក៏មេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នាមិនយកភ្នែកមើល៕
Source from: watphnom-news.com