
ចំនួនអ្នកគាំទ្រចូលអានច្រើនជាគោលបំណងដ៏ចម្បងរបស់គេហទំព័រព៌ត៌មាននីមួយៗ ដូច្នេះហើយទើបម្ចាស់គេហទំព័រតែងប្រើនូវគ្រប់វិធីសាស្ត្រ និងល្បិច ដើម្បីទាក់ទាញឲ្យមានអ្នកចូលអានច្រើនក្នុងគេហទំព័ររបស់ខ្លួន ជាពិសេស ការប្រើវិធីសាស្ត្រ និងល្បិចក្នុងការសសេរអត្ថបទ។ ប៉ុន្តែទន្ទឹមនឹងនេះ វិធីសាស្ត្រ និងល្បិចក្នុងការសសេរអត្ថបទ និងការបង្កើតអត្ថបទខ្លះសមស្របទៅនឹងច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ហើយក៏មានអត្ថបទខ្លះទៀតធ្វើឲ្យប្រិយមិត្តអ្នកអានភ័ន្តច្រឡំព្រមទាំងប្រាសចាកទៅនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា គេហទំព័រមួយដែលត្រូវបានផ្សាយបន្តទាញ Feed សាធារណៈដោយគេហទំព័រមួយឈ្មោះ KHMER-NEWS.ORG បានចុះផ្សាយអត្ថបទមានចំណងជើងថា «ពិធីការនីទូរទស្សន៍ក្នុងស្រុកម្នាក់ត្រូវបានគេជះទឹកអាស៊ីដគួរឲ្យអាសូរ» ចំណងជើងអត្ថបទនេះធ្វើឲ្យអ្នកអានយល់ថា ជាពិធីការិនីទូរទស្សន៍ក្នុងស្រុកខ្មែរយើងតែម្តង ប៉ុន្តែពេលចូលអានខ្លឹមសារអត្ថបទទាំងមូលបែរជាសសេរអំពីរឿងរ៉ាវនៅប្រទេសប៉ាគីស្ថានឯណោះទៅវិញ។ វិធីសាស្ត្រឬល្បិចលេងចំណងជើងអត្ថបទរបស់គេហទំព័រនោះធ្វើឲ្យមានអ្នកចូលអានរហូតដល់ចំនួន១៤៥៨៨ Views នៅក្នុងគេហទំព័រ KHMER-NEWS.ORG ។
ដោយឡែក ចំណងជើងអត្ថបទដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតរបស់គេហទំព័រដដែលនេះថា «តារាចម្រៀងស្រស់សោភា ឈិន សុរ៉ាវី ត្រូវឃាតករសម្លាប់ ហើយបង្វែរជាករណីអត្ថឃាតដោយចង.កវិញ»។ ចំណងជើងអត្ថបទដ៏រសើបនេះហាក់បានបញ្ជាក់យ៉ាងច្បាស់ថា តារាចម្រៀង ឈិន សុរ៉ាវី ស្លាប់ដោយឃាតកសម្លាប់។ ប៉ុន្តែក្នុងករណីស្លាប់របស់តារាចម្រៀង ឈិន សុរ៉ាវី គឺត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះអះអាង និងសន្និដ្ឋានថា ជាការស្លាប់មកពីធ្វើអត្តឃាតដោយចង.ក ទៅវិញទេ។ ម្យ៉ាងទៀតចំណងជើងអត្ថបទនេះ ហាក់បានបញ្ជាក់ឲ្យឃើញថា គេហទំព័រនោះដឹងយ៉ាងច្បាស់អំពីករណីទាក់ទងនឹងការស្លាប់របស់តារាចម្រៀង ឈិន សុរ៉ាវី ដោយមូលហេតុឃាតកសម្លាប់ រីឯសមត្ថកិច្ចដែលចុះពិនិត្យផ្ទាល់លើករណីនេះ បែរជាមានកំហុសឆ្គងទៅវិញដោយសារគេហទំព័រនោះចោទថាបង្វែរករណីពីឃាតកសម្លាប់ទៅជាអត្តឃាត ដោយចង.ក។
ការប្រើល្បិចលេងចំណងជើងអត្ថបទដ៏រសើបទាក់ទងនឹងរឿងព្រហ្មទណ្ឌ ឬរឿងឃាតកម្មដោយដាក់ថា «តារាចម្រៀងស្រស់សោភា ឈិន សុរ៉ាវី ត្រូវឃាតករសម្លាប់ ហើយបង្វែរជាករណីអត្ថឃាតដោយចង.កវិញ» របស់គេហទំព័រនោះធ្វើឲ្យមានអ្នកចូលអានយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅចំនួន៤២៩៨១ Views ក្នុងគេហទំព័រ KHMER-NEWS.ORG ហើយចំណងជើងអត្ថបទនេះក៏បានដុតកំហឹងអ្នកអានឲ្យខឹងសម្បាទៅលើសមត្ថកិច្ចថែមទៀត ដោយចោទថា សមត្ថកិច្ចអសមត្ថភាពក្នុងការស៊ើបអង្កេតលើករណីនៃការស្លាប់របស់តារាចម្រៀង ឈិន សុរ៉ាវី ។
មានចំណុចពិសេសដ៏គួរឲ្យភ្ញាក់ផ្អើលបន្ថែមលើនេះទៀត គឺ៖ចំណងជើងអត្ថបទនៅក្នុងគេហទំព័រ KHMER-NEWS.ORG ដាក់ថា «តារាចម្រៀងស្រស់សោភា ឈិន សុរ៉ាវី ត្រូវឃាតករសម្លាប់ ហើយបង្វែរជាករណីអត្ថឃាតដោយចង.កវិញ» ប៉ុន្តែពេលចូលអាននៅក្នុងគេហទំព័រដើមនោះចំណងជើងអត្ថបទបែរជាដាក់ថា «តារាចម្រៀងស្រស់សោភា ឈិន សុរ៉ាវី ធ្វើអត្តឃាតដោយចង.ក នៅបន្ទប់ឡៅតឿ» ទៅវិញ។ តើនេះឬជាវិជ្ជាជីវៈសារព័ត៌មាន ដែលប្រើប្រាស់ចំណងជើងអត្ថបទ ដើម្បីទាក់ទាញឲ្យមានអ្នកចូលអានច្រើន តែបោកប្រាស់អ្នកអាន និងប្រមាថដល់ការស្លាប់របស់ជនរងគ្រោះ ព្រមទាំងប្រមាថដល់ការងាររបស់សមត្ថកិច្ចដូច្នេះ «មិនសំដៅទៅលើគេហទំព័រ KHMER-NEWS.ORG ដែលទាញ Feed សាធារណៈបន្តពីគេហទំព័រដើមទាំងស្រុងនោះទេ»?
សូមឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានមេត្តាត្រួតពិនិត្យមើលទៅលើអំពើរបស់គេហទំព័រ ដែលផ្សព្វផ្សាយនូវព័ត៌មានរបៀបនេះផង ដើម្បីចូលរួមចំណែកលើកស្ទួយវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដនៅកម្ពុជា៕
Source from: www.dtn7.com