ពិនិត្យមើល​ល្បិច និង​វិធីសាស្ត្រ​ស​សេរ​អត្ថបទ ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូល​អាន​ច្រើន​របស់​គេហទំព័រ​មួយចំនួន​

ចំនួន​អ្នកគាំទ្រ​ចូល​អាន​ច្រើន​ជា​គោលបំណង​ដ៏​ចម្បង​របស់​គេហទំព័រ​ព៌ត៌មាននីមួយៗ ដូច្នេះហើយ​ទើប​ម្ចាស់​គេហទំព័រ​តែង​ប្រើ​នូវ​គ្រប់​វិធីសាស្ត្រ និង​ល្បិច ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូល​អាន​ច្រើន​ក្នុង​គេហទំព័រ​របស់ខ្លួន ជាពិសេស ការប្រើ​វិធីសាស្ត្រ និង​ល្បិច​ក្នុងការ​ស​សេរ​អត្ថបទ​។ ប៉ុន្តែ​ទន្ទឹមនឹងនេះ វិធីសាស្ត្រ និង​ល្បិច​ក្នុងការ​ស​សេរ​អត្ថបទ និង​ការបង្កើត​អត្ថបទ​ខ្លះ​សមស្រប​ទៅនឹង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន ហើយ​ក៏មាន​អត្ថបទ​ខ្លះទៀត​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នកអាន​ភ័ន្តច្រឡំ​ព្រមទាំង​ប្រាសចាក​ទៅនឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ផងដែរ​។​

ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា គេហទំព័រ​មួយ​ដែល​ត្រូវបាន​ផ្សាយ​បន្ត​ទាញ Feed សាធារណៈ​ដោយ​គេហទំព័រ​មួយ​ឈ្មោះ KHMER-NEWS.ORG បាន​ចុះផ្សាយ​អត្ថបទ​មាន​ចំណងជើង​ថា «​ពិធីការនី​ទូរទស្សន៍​ក្នុងស្រុក​ម្នាក់​ត្រូវបាន​គេ​ជះ​ទឹក​អាស៊ីដ​គួរ​ឲ្យ​អាសូរ​» ចំណងជើង​អត្ថបទ​នេះ​ធ្វើ​ឲ្យ​អ្នកអាន​យល់ថា ជា​ពិធី​ការិនី​ទូរទស្សន៍​ក្នុងស្រុក​ខ្មែរ​យើង​តែម្តង ប៉ុន្តែ​ពេល​ចូល​អាន​ខ្លឹមសារ​អត្ថបទ​ទាំងមូល​បែរ​ជាស​សេរ​អំពី​រឿងរ៉ាវ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ឯណោះ​ទៅវិញ​។ វិធីសាស្ត្រ​ឬ​ល្បិច​លេង​ចំណងជើង​អត្ថបទ​របស់​គេហទំព័​រ​នោះ​ធ្វើ​ឲ្យ​មាន​អ្នក​ចូល​អាន​រហូតដល់​ចំនួន​១៤៥៨៨ Views នៅក្នុង​គេហទំព័រ KHMER-NEWS.ORG ។​

ដោយឡែក ចំណងជើង​អត្ថបទ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​របស់​គេហទំព័​រ​ដដែល​នេះ​ថា «​តារាចម្រៀង​ស្រស់​សោភា ឈិន សុរ៉ា​វី ត្រូវ​ឃាតករ​សម្លាប់ ហើយ​បង្វែរ​ជា​ករណី​អត្ថ​ឃាត​ដោយ​ចង​.​ក​វិញ​»​។ ចំណងជើង​អត្ថបទ​ដ៏​រសើប​នេះ​ហាក់​បានបញ្ជាក់​យ៉ាងច្បាស់​ថា តារាចម្រៀង ឈិន សុរ៉ា​វី ស្លាប់​ដោយ​ឃាតក​សម្លាប់​។ ប៉ុន្តែ​ក្នុងករណី​ស្លាប់​របស់​តារាចម្រៀង ឈិន សុរ៉ា​វី គឺ​ត្រូវបាន​សមត្ថកិច្ច និង​ក្រុមគ្រួសារ​ជនរងគ្រោះ​អះអាង និង​សន្និដ្ឋានថា ជាការ​ស្លាប់​មកពី​ធ្វើអត្តឃាត​ដោយ​ចង​.​ក ទៅវិញ​ទេ​។ ម្យ៉ាងទៀត​ចំណងជើង​អត្ថបទ​នេះ ហាក់​បានបញ្ជាក់​ឲ្យ​ឃើញថា គេហទំព័រ​នោះ​ដឹង​យ៉ាងច្បាស់​អំពី​ករណី​ទាក់ទង​នឹង​ការស្លាប់​របស់​តារាចម្រៀង ឈិន សុរ៉ា​វី ដោយ​មូល​ហេតុឃាតក​សម្លាប់ រីឯ​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​ផ្ទាល់​លើ​ករណីនេះ បែរ​ជាមាន​កំហុសឆ្គង​ទៅវិញ​ដោយសារ​គេហទំព័រ​នោះ​ចោទថា​បង្វែរ​ករណី​ពី​ឃាតក​សម្លាប់​ទៅជា​អត្តឃាត ដោយ​ចង​.​ក​។​

ការប្រើ​ល្បិច​លេង​ចំណងជើង​អត្ថបទ​ដ៏​រសើប​ទាក់ទង​នឹង​រឿង​ព្រហ្មទណ្ឌ ឬ​រឿង​ឃាតកម្ម​ដោយ​ដាក់ថា «​តារាចម្រៀង​ស្រស់​សោភា ឈិន សុរ៉ា​វី ត្រូវ​ឃាតករ​សម្លាប់ ហើយ​បង្វែរ​ជា​ករណី​អត្ថ​ឃាត​ដោយ​ចង​.​ក​វិញ​» របស់​គេហទំព័រ​នោះ​ធ្វើ​ឲ្យ​មាន​អ្នក​ចូល​អាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រហូតដល់​ទៅ​ចំនួន​៤២៩៨១ Views ក្នុង​គេហទំព័រ KHMER-NEWS.ORG ហើយ​ចំណងជើង​អត្ថបទ​នេះ​ក៏បាន​ដុត​កំហឹង​អ្នកអាន​ឲ្យ​ខឹងសម្បា​ទៅលើ​សមត្ថកិច្ច​ថែមទៀត ដោយ​ចោទថា សមត្ថកិច្ច​អសមត្ថភាព​ក្នុងការ​ស៊ើបអង្កេត​លើ​ករណី​នៃ​ការស្លាប់​របស់​តារាចម្រៀង ឈិន សុរ៉ា​វី ។​

មាន​ចំណុច​ពិសេស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្ថែម​លើ​នេះ​ទៀត គឺ​៖​ចំណងជើង​អត្ថបទ​នៅក្នុង​គេហទំព័រ KHMER-NEWS.ORG ដាក់ថា «​តារាចម្រៀង​ស្រស់​សោភា ឈិន សុរ៉ា​វី ត្រូវ​ឃាតករ​សម្លាប់ ហើយ​បង្វែរ​ជា​ករណី​អត្ថ​ឃាត​ដោយ​ចង​.​ក​វិញ​» ប៉ុន្តែ​ពេល​ចូល​អាន​នៅក្នុង​គេហទំព័រ​ដើម​នោះ​ចំណងជើង​អត្ថបទ​បែរជា​ដាក់ថា «​តារាចម្រៀង​ស្រស់​សោភា ឈិន សុរ៉ា​វី ធ្វើអត្តឃាត​ដោយ​ចង​.​ក នៅ​បន្ទប់​ឡៅតឿ​» ទៅវិញ​។ តើ​នេះ​ឬ​ជា​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ប្រើប្រាស់​ចំណងជើង​អត្ថបទ ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូល​អាន​ច្រើន តែ​បោកប្រាស់​អ្នកអាន និង​ប្រមាថ​ដល់​ការស្លាប់​របស់​ជនរងគ្រោះ ព្រមទាំង​ប្រមាថ​ដល់​ការងារ​របស់​សមត្ថកិច្ច​ដូច្នេះ​​ «មិនសំដៅទៅលើគេហទំព័រ KHMER-NEWS.ORG ដែលទាញ Feed សាធារណៈបន្តពីគេហទំព័រដើមទាំងស្រុង​នោះទេ»?

សូម​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មេត្តា​ត្រួត​ពិនិត្យមើល​ទៅលើ​អំពើ​របស់​គេហទំព័រ ដែល​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​របៀបនេះ​ផង ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​វិជ្ជាជីវៈ​សារព័ត៌មាន​ពិតប្រាកដ​នៅ​កម្ពុជា​៕​

 khmer-news.org1

knt01

khmer-news.org03

knt02


Source from: www.dtn7.com

No comments:

Post a Comment