
ស្ថានភាពវឹកវរនៅប្រទេសថៃ បែរជាបានជំរុញបន្ថែមឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំងនៃកម្ពុជា ដែលធ្វើនាយករដ្ឋមន្ត្រីតាំងពីសម័យកុម្មុយនិស្តរហូតមកដល់សម័យរាជាណាចក្រកម្ពុជាទី២ អស់រយៈពេលជិត៣០ឆ្នាំ បន្ទាប់ពីលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃប្រកាសដោយសឿងបឿងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះថា លោកជំទាវនឹងលាលែងពីតំណែងដើម្បីសន្តិភាព និងផលប្រយោជន៍ជាតិ ព្រមទាំងប្រជាជន ខណៈដែលក្រុមអ្នកតវ៉ាថៃមិនព្រមបោះបង់សកម្មភាពរបស់ពួកគេ ។
ថ្វីដ្បិតលោកជំទាវនាយករដ្ឋមន្ត្រីថៃមិនទាន់បានលាលែងពីតំណែងជាផ្លូវការ ឬការប្រកាសរបស់លោកជំទាវនោះក្លាយជាការពិត ឬក៏មិនពិតក៏ដោយ ក៏ក្រុមអ្នកលេងបណ្តាញសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានលើកឡើង និងធ្វើការប្រៀបធៀបគ្នារួចទៅហើយរវាងបុរសខ្លាំងនៃកម្ពុជា និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា ដោយពួកគេចោទជាសំណួរថា តើបុរសខ្លាំងហ៊ានធ្វើដូចលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា ដែរឬទេ ? ឬក៏សុខចិត្តធ្វើជាបុរសកំសាកដើម្បីអំណាច ដោយមិនខ្វល់អំពីផលប្រយោជន៍ជាតិ និងប្រជាជន ?
តាមពិតទៅ បុរសខ្លាំងនៃកម្ពុជាធ្លាប់បានមានប្រសាសន៍ជារឿយៗរួចមកហើយនៅរាល់មុនពេលសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្តងៗថា សម្តេចនឹងចុះចេញពីតំណែង និងផ្ទេរតំណែងភ្លាមឲ្យទៅអ្នកដែលឈ្នះឆ្នោត ប្រសិនបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត ។ ប្រសាសន៍របស់បុរសខ្លាំងនៃកម្ពុជានេះ គឺទន្ទឹមគ្នាជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រនិងយុទ្ធវិធី "នយោបាយឈ្នះ-ឈ្នះ" របស់សម្តេចរួចទៅហើយ ។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ទោះបីគណបក្សប្រជាជនកម្ពុជាដែលបានដាក់បេក្ខភាពបុរសខ្លាំងជានាយករដ្ឋមន្ត្រី ទទួលបានការឈ្នះឆ្នោតក្នុងសំឡេងភាគច្រើនដាច់ខាតក៏ដោយ ក៏ប៉ុន្តែមជ្ឈដ្ឋានអ្នកគាំទ្រគណបក្សនយោបាយប្រឆាំងបានធ្វើការរិះគន់ថា បុរសខ្លាំងគ្មានសេចក្តីក្លាហាន និងគ្មានឆន្ទៈក្នុងការបង្កើតឲ្យមានគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត តាមសំណើរបស់គណបក្សប្រឆាំង ដើម្បីបង្ហាញឲ្យឃើញថា អ្នកឈ្នះឆ្នោតទទួលបានការឈ្នះដោយកិត្តិយស និងអ្នកចាញ់ឆ្នោតទទួលស្គាល់ការចាញ់ដោយអស់ចិត្តនោះឡើយ ។ ដូច្នេះហើយ ទើបធ្វើឲ្យអ្នកលេងបណ្តាញសង្គម Facebook ក៏ដូចជាអ្នកវិភាគនយោបាយឯករាជ្យ បានរិះគន់ថា បុរសខ្លាំងគឺជាបុរសកំសាកដែលមិនចង់ចូលរួមស្វែងរកការពិតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ បែរជាប្រឹងប្រែងក្រាញអំណាច បង្កើតសភាឯកបក្ស និងរាជរដ្ឋាភិបាល "មិនគ្រប់ទឹក" ទៅវិញ ។ លើសពីនេះ ភាពកំសាករបស់បុរសខ្លាំងធ្វើឲ្យមជ្ឈដ្ឋានអ្នករិះគន់កាន់តែមានមន្ទិលសង្ស័យថា លទ្ធផលនៃការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺកើតចេញពីការលួច និងប្លន់សន្លឹកឆ្នោតដូចគេចោទប្រកាន់មែន ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជា បានលើកឡើងថា ករណីនៅប្រទេសថៃជាបញ្ហាត្រូវដោះស្រាយតាមវិធីរបស់ថៃ រីឯករណីនៅកម្ពុជាជាបញ្ហាត្រូវដោះស្រាយដោយអ្នកនយោបាយកម្ពុជា និងជាពិសេសទុកឲ្យបុរសខ្លាំងជាអ្នកពិចារណាចារទុកក្នុងប្រវត្តិសាស្ត្រទៅចុះ ដោយយើងមិនត្រូវបង្កើតភាពវឹកវរក្នុងសង្គម ដូចនៅបណ្តាប្រទេសដទៃទៀតឡើយ ៕
Source from: www.dtn7.com