
អនុលោមតាមមាត្រា៥ និងមាត្រា១១នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រការ៨នៃប្រកាសរបស់ក្រសួងការពារជាតិ លេខ០៦៤/២០០៩ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសម្គាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ គឺរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទប្រើប្រាស់នៅសមរភូមិ និងការងារការពារជាតិជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារៈទ័ព និងដឹកជញ្ជូនកងទ័ព គ្រប់គ្រងដោយក្រសួងការពារជាតិ ហើយត្រូវលាបពណ៌ត្រេអ៊ី ឬប៉ារ៉ា ។
ដោយឡែករថយន្តទំនើបម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-7078 មួយគ្រឿងដូចមានបង្ហាញរូបភាពជូនប្រិយមិត្តអ្នកអាននេះ គឺជារថយន្តមានលេខកូដសម្គាល់ស្ថាប័នអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ តែមិនមានលាបពណ៌ត្រេអ៊ី ឬប៉ារ៉ាអ្វីឡើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តទំនើបម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-7078 នេះ គឺជារបស់ថៅកែក្រុមហ៊ុនបូមខ្សាច់មួយឈ្មោះ ស្រូយ ដែលតែងតែជិះមកមើលការដ្ឋានបូមខ្សាច់របស់ខ្លួន ហើយម្ចាស់រថយន្តនេះមានចរិតកាចសាហាវណាស់ ដោយសារកាលពីវេលាម៉ោង១៧ល្ងាច នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ បានមកគំរាមកំហែងអ្នកភូមិថា នឹងបាញ់អ្នកណាដែលហ៊ានរារាំងសកម្មភាពបូមខ្សាច់របស់ខ្លួននោះ ។
សរុបសេចក្តីមក នេះគឺជាព័ស្តុតាងមួយដែលបង្ហាញឲ្យឃើញថា ម្ចាស់រថយន្តទំនើបម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-7078 ជាអ្នកប្រមាថទៅលើសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាបុរសខ្លាំងនៃកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ដូច្នេះគេចោទជាសំណួរថា តើបុរសខ្លាំងនិងឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ព្រមនៅស្ងៀមបណ្តោយឲ្យម្ចាស់យានយន្តទំនើបនេះមើលងាយ និងប្រមាថលើតទៅទៀតដែរឬទេ ឬក៏ត្រូវមានវិធានការតាមនីតិវិធីនៃច្បាប់ ? ៕
Source from: www.dtn7.com