
បាតុករម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួសបន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយរវាងបាតុករក្រុមអាវក្រហមគាំទ្រលោកស្រីយីងឡាក់ និងបាតុករក្រុមប្រឆាំងកាលពីម្សិលមិញនាទីក្រុងបាងកក។
ក្រុមបាតុករក្រុមប្រឆាំងកំពុងវាយកញ្ចក់រថយន្តក្រុងរបស់ក្រុមអាវក្រហម
សូមចុចអាន៖ យីងឡាក់បែរខ្នងដាក់ការទាមទារបាតុករថៃពេលកំពុងអុកឡុកអគាររដ្ឋាភិបាល
ការប៉ះទង្គិចគ្នាខាងលើកើតឡើងនៅពេលដែលហ្វូងបាតុករក្រុមប្រឆាំង គប់ដុំថ្ម និងសម្ភារៈផ្សេងៗ ទៀតសំដៅទៅក្បួនរថយន្តក្រុងដឹកបាតុករអាវក្រហមចូលទៅក្នុងសង្កាត់ទេសចរណ៍ Ramkhamhaeng ជាទីដែលក្រុមបាតុករអាវក្រហមចំនួន៧០.០០០នាក់ប្រមូលផ្ដុំគ្នា ដើម្បីបាតុកម្មគាំទ្រលោកស្រីយីងឡាក់។
ប៉ូលិស២ ៧០០នាក់ត្រូវបានដាក់ពង្រាយនៅតាមទីក្រុងបាងកកទាំងមូល ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព ខណៈដែលអាគារក្រសួងសំខាន់ៗរបស់រដ្ឋាភិបាលមួយចំនួនត្រូវបានធ្លាក់នៅក្នុងដៃរបស់បាតុករក្រុមប្រឆាំងរួចហើយរហូតមកដល់ពេលនេះ។
បាតុករក្រុមប្រឆាំងកំពុងសំរុកចូលអគាររដ្ឋាភិបាល
សូមចុចអាន៖ យីងឡាក់ ថាមិនព្រមចាញ់ក្រុមប្រឆាំង ទោះបីបរាជ័យលើ…
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំក្រុមប្រឆាំងលោក ស៊ូថេប បានអំពាវនាវឲ្យអ្នកគាំទ្ររបស់ខ្លួនធ្វើការប្រមូលផ្ដុំបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ ដើម្បីចូលកាន់កាប់អាគារជាច្រើនទៀតរបស់រដ្ឋាភិបាល ក្នុងការដាក់សម្ពាធទៅលើរដ្ឋាភិបាលលោកស្រីយីងឡាក់ឲ្យបានមុនថ្ងៃពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រថៃមកដល់ ថ្ងៃទី៥ធ្នូខាងមុខ។
ការប្រឈមមុខដាក់គ្នារវាងក្រុមគាំទ្ររដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សប្រឆាំងនៅពេលនេះ ត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើឲ្យប៉ះពាល់ចំនួនអ្នកទេសចរ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ក៏បានអំពាវនាវផងដែរដល់ក្រុមបាតុករទាំងអស់ត្រូវស្ថិតនៅសភាពស្ងប់ស្ងាត់ ទន្ទឹមនឹងការសន្យារបស់លោកស្រីក្នុងការស្វះស្វែងរកការចរចាក្នុងជម្លោះនយោបាយដ៏រ៉ាំរ៉ៃនេះ៕
ប្រែសម្រួល៖ Narin
ប្រភព៖ channelnewsasia
រូបភាព៖ theaustralian